កីឡាជាតិ
លោក ឈួន ឡេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​បានទទួល​មរណភាព
04, Mar 2015 , 9:52 am        
រូបភាព
ដោយ:
លោក ឈួន ឡេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សី​ប៉ាក់​តា​ក្រ​កម្ពុជា ៣ អាណត្តិ​និង​ជា​អនុប្រធាននាយកដ្ឋាន​សិស្ស និង​និស្សិត ព្រមទាំង​ជា​សមាជិក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយក​រដ្ឋបាល បានទទួល​មរណភាព​ដោយ​រោគាពាធ នៅវេលា​ម៉ោង ១២:១៥ នាទី​យប់​ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៥ នេះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ។



ក្នុង​វ័យ ៦៦ ឆ្នាំ លោក ឈួន ឡេង បាន​ចូល​សម្រាក​ព្យាបាល​តាំងពី​ខែ មករា ដើមឆ្នាំ​មកម្ល៉េះ ដោយ​កាលនោះ​ពេទ្យ​ប្រាប់ថា​លោក​មាន​ជំងឺថ្លើម និង​ក្រួសក្នុងប្រមាត់។ លោក ឈួន ឡេង ជា​ព្រឹទ្ធាចារ្យ​កីឡា​មួយរូប ដែលមាន​ឆន្ទៈ​ខ្ពស់ និង​បាន​លះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ផងដែរ ។

កាលពី​ក្នុង​ទសវត្សរ៍​ទី ៦០ លោក​ក៏​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​មួយរូប​ផងដែរ ដោយ​លេង​នៅ​ជា​ខ្សែបម្រើ​ឆ្វេង។ ក្រោយមក​នៅ​អំឡុង​ទសវត្សរ៍​ទី ៨០ លោក​បាន​ចេញទៅ​ទៅ​រៀន​វគ្គ​គ្រូបង្វឹក​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ប៊ុលហ្គារី រួមទាំង​បម្រើ​ការងារ​នៅ​រដ្ឋលេខាធិការដ្ឋាន​អូឡាំពិក​កម្ពុជា ។

ចំពោះ​សហព័ន្ធ​កីឡា​សី​ប៉ាក់​តា​ក្រ​កម្ពុជា ក្នុង ដំណែង​ជា​អគ្គលេខាធិការ​នោះ លោក​បាន​ដឹកនាំ​ឲ្យ​កម្ពុជា​ដណ្ដើមបាន​មេដាយ​ចំនួន៨មក​ជូន​ជាតិ​មាតុភូមិ​របស់ ខ្លួន​ពី​ព្រឹត្តិការណ៍​អន្តរជាតិ ថ្នាក់​តំបន់​អាស៊ាន ស៊ី​ហ្គេម កាលពី​ឆ្នាំ២០១៣ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​មេដាយ៨វិញ្ញាសា​នោះ ស្មើនឹង៦៣គ្រឿង រួមទាំង​មេដាយ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​ក្រៅផ្លូវការ​មួយចំនួន​ផ្សេងទៀត។

អ្នកស្រី ញ៉ែម ប៉​ព្រាង ត្រូវជា​ភរិយា ព្រមទាំង​ក្រុមគ្រួសារ បាន​តម្កល់សព​នៅ​វត្ត​ថ្វាយ​ដង្គុំ (ម្ដុំ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ៣ ចាស់) ក្នុង​រាជធានី​ភ្នំពេញ៕




© រក្សាសិទ្ធិដោយ thmeythmey.com