ពិភពតារា៖ ស្រី​ខួច ខ្លាចរអា​ស្នេហា​ឈឺចាប់
05, Mar 2015 , 10:10 am        
រូបភាព
ដោយ:

ភ្នំពេញ៖អតីត​ពិធី​ការិនី​ថ្ពាល់ខួច​ក្នុង​កម្មវិធី “មរតក​សំនៀង” របស់​ស្ថានីយទូរទស្សន៍​អប្សរា កញ្ញា មៀ​ច ស្រី​ខួច បាន​បង្ហើប​ឲ្យ​ដឹងថា ចំពោះ​រឿង​ស្នេហា នាង​មិនដែល​គិតគូរ​នោះទេ ដោយសារ​ខ្លាច​ឈឺចាប់ ព្រោះ​កន្លងមក​នាង​ឃើញ​អ្នកមាន​ស្នេហា​តែងតែ​ឈឺចាប់ ដូច្នេះ​នាង​មិនទាន់​ចង់​ប្រឡូក​ក្នុង​រឿងនេះ​ទេ។



ក្រោយ​បាន​បោះ​ជំ​ហ៊ាន​ចូលប្រឡូក​ក្នុង​សិល្បៈ ចាប់តាំងពី​ដើមឆ្នាំ២០០៧មកម្ល៉េះ។ តែបើ​គិតពី​ប្រជាប្រិយភាព​និង​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅក្នុង​រង្វង់​សិល្បៈ​វិញ ហាក់​មិនទាន់​លេចធ្លោ​ប៉ុន្មាន​ឡើយ បើ​ធៀប​ទៅនឹង​តារា​មួយចំនួន​ផ្សេងទៀត ដែល​ចូល​សិល្បៈ​ស្របាល​នាង ។

មិន​ត្រឹមតែ​ជា​ពិធី​ការិនី​មួយ​មុខ​ប៉ុណ្ណោះ​ទេ ស្រី​ខួច ក៏​ជា​តារា​សម្តែង​មួយរូប ធ្លាប់បាន​សម្តែង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​ជាច្រើន និង​ក្នុងស្រុក​បាន​មួយចំនួន​ផងដែរ។

មិនតែប៉ុណ្ណោះ នាង​ក៏​ធ្លាប់​សម្តែង​ខ្សែភាពយន្ត​ឲ្យ​បណ្តា​ផលិតកម្មផ្សេងៗបាន​ចំនួន៤រឿង មានដូចជា​រឿង “ម្ចាស់​វិមាន​អាថ​កំបាំង”,“ភព​លួស​ប្រ​លឹ​ង”,“ល្អាង​ឃុំ​ប្រ​លឹ​ង” និង​រឿង “រន្ទះ​ជើងភ្នំ​ភ្លើង​វណ្ណៈ” ជាដើម។ ក្នុងចំណោម​ខ្សែភាពយន្ត​ទាំងអស់នេះ ស្រី​ស្រស់​សម្ផស្ស​ឆើត មៀ​ច ស្រី​ខួច ត្រូវបាន​មហាជន​ស្គាល់​ច្រើន តាមរយៈ​រឿង “ម្ចាស់​វិមាន​អាថ៌កំបាំង” ។

ដោយឡែក នៅក្នុង​អាជីព​ជា​អ្នកសិល្បៈ​ស្រី​ស្រស់​ថ្ពាល់ខួច​សម្បូរ​មន្ត​ស្នេហ៍ មៀ​ច ស្រី​ខួច ក៏មាន​ជំនាញតូចៗពីរ​ទៀត​ដែរ មានដូចជា​ការដើរ​ម៉ូដ និង​ការថត​សំអាងការ តាម​បណ្តា​ស្ទូ​ឌី​យោផ្សេង។

តារា​សម្តែង​វ័យ២២ឆាំ្ន​មៀ​ច ស្រី​ខួច បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​ការងារ​សិល្បៈ​របស់​នាង​មានការ​មមាញឹក​ច្រើន​គួរសម ព្រោះ​នាង​ត្រូវ​ថត​ខារ៉ាអូខេ​ចេញទៅ​ក្រៅប្រទេស និង​ត្រូវធ្វើ​ពិធី​ការិនី​នៅលើ​កញ្ចក់​ទូរទស្សន៍​ផងដែរ ។ ដូច្នេះ​បើ​ប្រៀបធៀប​ទៅនឹង​ការចូល​ប្រឡូក​ក្នុង​សិល្បៈ​របស់​នាង កាលពីមុន និង​បច្ចុប្បន្ន គឺមាន​លក្ខណៈខុស​គ្នាច្រើន ។

ដោយឡែក​ជុំវិញ​រឿងរ៉ាវ​ស្នេហា និង​ជីវិត​ឯកជន​របស់​នាង​វិញ កញ្ញា មៀ​ច ស្រី​ខួប បាន​ប្រាប់​ឲ្យ​ដឹងថា “ក្រៅពី​ការងារ​សិល្បៈ ខ្ញុំ​មិនទាន់មាន​មុខរបរ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ។ ចំណែក​រឿងរ៉ាវ​ស្នេហា​វិញ ខ្ញុំ​ក៏​មិនទាន់​ចង់​គិតគូ​ដែរ ប៉ុន្តែ​មាន​គេ​ស្រឡាញ់​ច្រើន” ។

ពិធី​ការិនី​ដែល​កំពុង​តែមាន​ប្រជាប្រិយភាព​បោះ​ជំ​ហ៊ានសន្សឹមៗរូបនេះ​បាន​បន្ថែមទៀតថា “ចំពោះ​រឿង​ហ្នឹង(រឿង​ស្នេហា)ខ្ញុំ​មិនដែល​គិតគូ​នោះទេ ដោយសារ​ខ្លាច​ឈឺចាប់ ព្រោះ​កន្លងមក ខ្ញុំ​ឃើញ​អ្នកមាន​ស្នេហា តែងតែ​ឈឺចាប់ ដូច្នេះ​ខ្ញុំ​មិនទាន់​ចង់​ប្រឡូក​ទេ ខ្ញុំ​ចង់​គិតគូរ​ពី​ការងារ​សិល្បៈ​របស់ខ្ញុំ​ឲ្យ​បាន​ជោគជ័យ​សិន ព្រោះ​អាជីព​សិល្បៈ​នេះ ខ្ញុំ​ស្រឡាញ់​តាំងពី​តូច​មក” ៕



© រក្សាសិទ្ធិដោយ thmeythmey.com