កីឡាជាតិ
តើ​ស្តា​ត​ចាស់​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ជម្រុះ World Cup បានដែរ​ឬទេ? រង់ចាំ​ការសម្រេច​នៅ​ម៉ោង៤ល្ងាច​នេះ
05, Mar 2015 , 10:27 am        
រូបភាព
ដោយ:


ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​សឹងតែ​ផ្ដោតទៅលើ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់) ថា​នឹង​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​កោះ​ម៉ា​កាវ​ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​១FIFA World Cup 2018 ជុំ​ដំបូង​ប្រចាំ​ទ្វីបអាស៊ី​នៅ​ថ្ងៃទី ១២ ខែ មីនា​ខាងមុខនេះ។



ប៉ុន្ដែ​ធាតុពិត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជូន​ពាក្យស្នើសុំ​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ដោយ​ដាក់​ជម្រើស ២ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៅ​វគ្គ​ជើង​ដំបូង​នេះ​មាន​ស្ដា​ត​ចាស់ និង​កីឡដ្ឋាន​ខេត្តស្វាយរៀង។

បើតាម​ប្រភពពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា(FFC) បានឱ្យដឹងថា​មន្ត្រី​បច្ចេកទេស​របស់ខ្លួន​បាន​ចុះ​ត្រួតពិនិត្យ​ទីលាន​ស្ដា​ត​ចាស់​ម្ដង​រួចទៅហើយ​កាលពី​ថ្ងៃ​ច័ន្ទ​ហើយ​នៅវេលា​ម៉ោង ៤ល្ងាច​ថ្ងៃ​ពុធ ទី ៥ មីនា​នេះ​នឹង​ចុះទៅពិនិត្យ​ជា​លើក​ទី២ដើម្បីឱ្យ​ច្បាស់​ថា​កីឡដ្ឋាន​កណ្ដាល​រាជធានី​មួយ​នេះ​អាច​ធ្វើជា​ម្ចាស់ផ្ទះ​តំណាងឱ្យ​ជាតិ​បាន​ឬ​អត់។

ស្ដា​ត​ចាស់​ជាទី​លាន​ហ្វឹកហាត់​របស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​ដែល​កំពុង​កែលម្អ​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ(Home/Away) ក្នុង​លី​ក​កំពូល​កម្ពុជា (Metfone Cambodian League) ក្នុង​ឆ្នាំ២០១៥ នេះ។ ថ្នាក់ដឹកនាំ​ក្លិប​ព្រមទាំង​លោកគ្រូ​បង្វឹក​ទេព ឡុង​រចនា និង​កីឡាករ​ទាំងអស់​សុទ្ធតែ​មាន​ចេតនា​ចង់ឱ្យ​ស្ដា​ត​របស់ខ្លួន​ទទួល​ព្រឹត្តិការណ៍​នេះ​ខ្លាំងណាស់​ដោយ​នាំគ្នា​រៀបចំ​បោសសំអាត​បន្ទប់ទឹក បន្ទប់​ផ្លាស់​សំលៀកបំពាក់​ក្រុម​ទាំង២ និង អាជ្ញាកណ្ដាល, បន្ទប់​មន្ត្រី​ធ្វើការ, សំអាត​បរិវេណ​ជុំវិញ​ទីលាន​ប្រកួត, លាបថ្នាំ​កៅអីអង្គុយ​ទស្សនា​ជាដើម។

ប្រភព​មកពី​ថ្នាក់ដឹកនាំ​ក្រុម​ជម្រើសជាតិ​សុំ​មិន​បញ្ហា​អត្តសញ្ញាណ​បានឱ្យដឹងថា​ស្ដា​ត​ចាស់​មាន​ភាគរយ​ច្រើន​លើសលប់​បើ​ធៀប​ទៅនឹង​កីឡដ្ឋាន​ខេត្តស្វាយរៀង​ព្រោះ​មាន​ចំណុច​វិជ្ជមាន​ជាច្រើន​ចំពោះ​ទទួល​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយ​នេះ។

នេះ​មិនមែនជា​រឿង​ថ្មី​សម្រាប់​ស្ដា​ត​ចាស់​ទេ​ដែល​ធ្វើ​ម្ចាស់ផ្ទះ​ជម្រុះ​ពានរង្វាន់​លំដាប់​ពិភពលោក​មួយ​នេះ​ដោយ​មហាជន​ជាច្រើន​នៅចាំ​បាន​ថា​កាលពី FIFA World Cup 2002 ដែល​ប្រទេស​កូរ៉េខាងត្បូង​និង ជប៉ុន ធ្វើជា​ម្ចាស់ផ្ទះ​កម្ពុជា​បាន​យក​កីឡដ្ឋាន​នេះ​ធ្វើ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល៩ ប្រចាំ​ទ្វីប អាស៊ី​ផងដែរ​តែ​ចាញ់​ក្រុម​ភ្ញៀវ ចិន៤ ទល់ ០ និង ចាញ់ ឥណ្ឌូណេស៊ី  ២ ទល់ ០ ។

វគ្គ​ជម្រុះ​ដំបូង​ប្រចាំ​ទ្វីប​មាន៥គូ​ផ្សេងទៀត​ដែលជា​ប្រទេស​មាន​ចំណាត់​ថ្នាក់ទាប​ជាងគេ​ក្នុង​ចំណាត់ថ្នាក់ FIFA កាលពី​ខែមករា​កន្លងទៅ​ជើង​ទី១ ថ្ងៃទី ១២ ខែ មីនា​មាន៖
– ឥណ្ឌា Vs នេ​ប៉ាល
– យេ​មែន Vs ប៉ា​គី​ស្ថាន
– ទី​ម័​រ​ខាងកើត Vs ម៉ុង​ហ្គោ​លី
– ចិនតៃវ៉ាន Vs ប្រ៊ុយណេ
– ស្រីលង្កា Vs ប៊ូ​តាន់





© រក្សាសិទ្ធិដោយ thmeythmey.com