ជាតិ
សេដ្ឋកិច្ច
ចំណូល​ប័ណ្ណ​ទស្សនា​អង្គរ​ខែកុម្ភៈ​មាន​ជិត៧លាន​ដុល្លារ​ថយចុះ​ជាង៤ភាគរយ
06, Mar 2015 , 9:53 am        
រូបភាព
សៀមរាប៖ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នៅក្នុង​ខែកុម្ភៈ ឆ្នាំ២០១៥ មាន​ចំនួន​ជិត៧លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​មានការ​ធ្លាក់ចុះ​ជាង៤ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤ ។



យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​អប្សរា បាន​បង្ហាញថា ក្នុង​ខែកុម្ភៈ​កន្លងទៅ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៦,៩៦០,៧២០ ដុល្លារ​អាមេរិក ក្នុង​ភ្ញៀវទេសចរ​ចំនួន ២៣៥,៧០៦ នាក់។ របាយការណ៍​ដដែល បាន​បញ្ជាក់ថា ចំណូល​នេះ​មានការ​ថយចុះ ៤,៥៤ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ។

ក្នុង​របាយការណ៍​ដែលមាន​ការរៀបរាប់​លម្អិត​ពី​តួលេខ​ភ្ញៀវទេសចរ និង​ប្រភេទ​សំបុត្រ ដែល​ភ្ញៀវ​បាន​ទិញ​ផងដែរ។ ក្នុងចំណោម​សំបុត្រ​ទាំង៣ប្រភេទ​ចូល​ទស្សនា​តំបន់​អង្គរ បើតាម​របាយការណ៍រ​បស់​អប្សរា គឺ​ប័ណ្ណ​ប្រភេទ២០ ដុល្លារ ដែល​លក់បាន​ច្រើនជាងគេ ដែល​សរុប​ចំនួន ១២៦,០១៥ ប័ណ្ណ ដែល​គិត​ជា​ទឹកប្រាក់​ស្មើ ២,៥២០,៣០០ ដុល្លារ​អាមេរិក។ ក្រៅពីនោះ ប័ណ្ណ​ប្រភេទ៤០ ដុល្លារ មាន​ចំនួន ១០៧,០៥២ ស្មើនឹង ៤,២៨២,០៨០ ដុល្លារ និង​ប័ណ្ណ​ប្រភេទ៦០ ដុល្លារ​មាន​ចំនួន ២,៦៣៩ ស្មើនឹង ១៥៨,៣៤០ដុល្លារ​អាមេរិក។

គួររម្លឹកថា នេះ​ជា​លើក​ទី២ហើយ ដែល​អាជ្ញាធរ​អប្សរា បានបង្ហាញ​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ បើ​គិត​ចាប់ពី​ដើមឆ្នាំ២០១៥មក។ នៅ​ខែមករា ដើមឆ្នាំ ចំណូល​ដដែល​នេះ មាន​ចំនួន ជាង៧លាន​ដុល្លារ គឺ​ថយចុះ​ដូចគ្នា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ។ យ៉ាងណា ការសម្រេច​បង្ហាញ​ចំណូល​ជា​សាធារណៈ​នេះ ធ្វើ​ឲ្យ​មហាជន​ជាច្រើន​សប្បាយរីករាយ ដែល​កន្លងមក​ពួកគេ​ចង់ដឹង​ពី​ចំនួន​នេះ។ គេ​នៅចាំ​ថា កន្លងមក គណបក្សប្រឆាំង​ក៏​ធ្លាប់ប្រើ​ប្រាស់​ចំណូល​ពី​ការ​ប័ណ្ណ​នេះ ដើម្បី​ផលប្រយោជន៍​នយោបាយ​មិនតិច​ទេ។ បក្សប្រឆាំង​បានស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​គ្រប់គ្រង​ការលក់​សំបុត្រ​ដោយ​ខ្លួនឯង ជាជាង​ឲ្យ​ក្រុមហ៊ុន សុខាអូតែល៕


© រក្សាសិទ្ធិដោយ thmeythmey.com