ជាតិ
សង្គមជាតិ
ស្ទឹងសែន​ក្លាយជា​ក្រុង​ស្អាត​លំដាប់​ទី២
06, Mar 2015 , 11:43 am        
រូបភាព
ដោយ: ថ្មីៗ
កំពង់ធំ៖ នាពេលថ្មីៗនេះ គណៈកម្មការ​ជាតិ​សម្រាប់​វាយតម្លៃ ជ្រើសរើស​ទីក្រុង​ស្អាត បាន​បើក​កិច្ចប្រជុំមួយ​នៅ​កោះ​ពេជ្រ។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ជ្រើស​រើសយក​ទីក្រុង​ស្អាត​ជាង​ក្នុងប្រទេស​កម្ពុជា​ក្នុងកម្មវិធី​ប្រកួតប្រជែង​ទីក្រុង​ស្អាត ដែល​ត្រូវ​បង្កើតឡើង​តាំងពី​ឆ្នាំ២០១២ ។ កម្មវិធី​ជ្រើសរើស​នេះ ក៏ត្រូវ​បាន​ចូលរួម​ដោយ​សម្តេច ហ៊ុន សែន និង ក្រុង​បេក្ខភាព​ចំនួន៣៥ ។


ពាក់ព័ន្ធ​ទៅ​កម្មវិធី​ប្រកួតប្រជែង​ក្រុង​ស្អាត​នេះដែរ លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន​បាន​ប្រាប់ថា ចាប់តាំងពី​ការប្រកាស​ចាប់ផ្តើម​ការ​ប្រកួត«ទីក្រុង​ស្អាត» នៅ​ឆ្នាំ២០១២ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់នៃ​ខេត្តកំពង់ធំ និង​ជាពិសេស​ក្រុង​ស្ទឹងសែន​នេះ សុទ្ធតែ​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដើ​ម្បើ​ទទួលបាន​លទ្ធផល​ល្អ។ លោក ហុក រិ​ន បាន​បន្តថា ក្នុង​កម្មវិធី​ប្រកួត​នេះ គណៈកម្មការ បាន​ចែក​លំដាប់ថ្នាក់​ជ័យលាភី​ជា​បី​ក្រុម។ ក្រុម​ទីមួយ គឺជា​ជ័យលាភី​ផ្ការំដួល៣ទង ក្រុមទី២ គឺជា​ជ័យលាភី​ផ្ការំដួល​ពីរទង និង​ក្រុមទី​បី​គឺ​ជ័យលាភី​ផ្ការំដួល១ទង។
លក្ខណៈវិនិច្ឆ័យ​ចំនួន៧៧ចំណុច​ដើម្បី​វាយតម្លៃ​ដាក់ពិន្ទុ​បេក្ខភាព​ទីក្រុង​ចំនួន៣៥ ។ ក្រុង​ស្អាត​ដែលអាច​ទទួលបាន​ផ្កា​រំ​បី​ទង គឺ​ត្រូវ​ទទួលបាន​ពិន្ទុ​ចន្លោះ​ពី៥៨ទៅ៧៧ ពោលគឺ​ស្មើនឹង ៧៦៥%នៃលក្ខណៈវិនិច្ឆ័យ។ លោក​អភិបាលក្រុង​បាន​បន្តថា៖«ក្រុង​ដែល​ទទួលបាន​ផ្ការំដួល​ពីរទង ដូច​ក្រុង​ស្ទឹងសែន​អ៊ីចឹង ត្រូវមាន​ពិន្ទុ​ចន្លោះ​ពី៤៦ទៅ៥៧នៃ​លក្ខណៈវិនិច្ឆ័យ បានន័យថា ស្មើនឹង៦០%នៃ​ពិន្ទុសរុប»។ លោក​បន្តទៀតថា៖«កិច្ចការ​នេះដែរ យើង​ត្រូវ​ទទួលស្គាល់ថា មិនមែន​ខ្ញុំ​ម្នាក់ឯង​ជា​អភិបាលក្រុង​ហ្នឹង ពូកែ​អាច​ទទួលបាន​ផល​ដូច្នេះ​ទេ។ វា​អាស្រ័យ​នឹង​ការចូល​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្ទឹងសែន​ទាំងមូល​ក៏ដូចជា​ការចូលរួម​ពី​មន្ទីរ អង្គភាព​លើ​គ្រប់​វិស័យ​ទាំងអស់ នៅ​ជុំវិញ​ខេត្ត​និង​ក្រុង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទើប​យើង​អាច​សម្រេចបាន​នៅ​ជ័យលាភី​នេះ»។

យុវជន​ពីររូប​ក្នុង​ខេត្តកំពង់ធំ គឺ​លោក សុធី និង សុ​ភេ​ន បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ស្រដៀង​គ្នា​ថា យើង​ពិត​ជាមាន​អារម្មណ៍​រីករាយ​ណាស់​ដែល​ក្រុង​ស្ទឹងសែន​ទទួលបាន​ចំណាត់ថ្នាក់លេខ២ ក្នុង​កម្មវិធី​ប្រកួតប្រជែង​ទីក្រុង​ស្អាត​ទូទាំងប្រទេស។ ទាំងនេះ សុទ្ធតែ​បានបង្ហាញ​ពី​ចំណុចសកម្ម និង​ការប្រឹងប្រែង​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង ទើប​អាច​ទទួលបាន​ជ័យលាភី​នេះ។

សូម​រំលឹក​ផងដែរ ជ័យលាភី​ក្រុង​ស្អាត​បំផុត ទទួល​ផ្ការំដួល​បី មាន៥ក្រុង ជ័យលាភី​បាន​ផ្ការំដួល២ទង​មាន​ចំនួន១២ក្រុង និង​ជ័យលាភី​ផ្ការំដួល១ទង​មាន​ចំនួន១៥ក្រុង៕



© រក្សាសិទ្ធិដោយ thmeythmey.com