អន្តរជាតិ
ន័​រ​វែ​ស​ដកតំណែង​ប្រធាន​គណៈកម្មាធិការ​ពានរ​ង្វាន់​ណូបែល​ដើម្បី​ផ្គាប់ចិត្ត​ចិន?
06, Mar 2015 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃ​អង្គារ ន័​រ​វែ​សបាន​ដក​លោក​Thorbjørn Jagland (ថរ​បិ​ន​⁣⁣⁣⁣ យ៉ា​ក្លង់) ចេញពី​តំណែង​ប្រធាន​គណៈកម្មាធិការ​ពានរ​ង្វាន់​ណូបែល ដោយ​អោយ​លោក​នៅត្រឹម​ជា​សមាជិក​ធម្មតា​ក្នុង​គណៈកម្មាធិការ​វិញ។ តាំងពី​ឆ្នាំ១៩០១ ក្រោយ​មានការ​បង្កើត​ពានរង្វាន់​ណូបែល មក នេះ​ជា​លើក​ទី១ហើយ ក្នុង​ប្រវត្តិសាស្ត្រ ដែល​គេ​ដកតំណែង​ប្រធាន​គណៈកម្មាធិការ​ណូបែល។ ណរ​វែ​ស​ប្រហែល​ចង់​ផ្គាប់ចិត្ត​ចិន ព្រោះ​គណៈកម្មាធិការ​ណូបែល​ធ្លាប់​ប្រគល់​ពានរង្វាន់​អោយ​សកម្មជន​ប្រឆាំង​ចិន Liu Xiaobo ក្នុង​ឆ្នាំ ២០១០ ធ្វើអោយ​ទំនាក់ទំនង​ន័​រ​វែ​ស​និង​ចិន​ធ្លាក់​ដុនដាប​ខ្លាំង។



សូម​ស្តាប់​ការបកស្រាយ​របស់ ព្រំ​សឿន សូលី​ណា ជុំវិញ​បញ្ហា​នេះ៖


តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ណូបែល​ថ្មី ត្រូវបាន​ប្រគល់អោយ​លោកស្រី​Kaci Kullmann Five ជា​អនុប្រធាន​គណៈកម្មាធិកា​រ។ លោកស្រី​ជា​សមាជិក​គណៈកម្មាធិកា​រ​តាំងពី​ឆ្នាំ២០០៣មក ហើយក៏​ធ្លាប់​ធ្វើជា​មេដឹកនាំ​របស់​បក្ស​កាន់អំណាច​អភិរក្សនិយម​សព្វថ្ងៃ​នេះដែរ។ លោកស្រី​បាន​បដិសេធ​ប្រាប់​ពី​មូលហេតុ​នៃ​ការដកតំណែង​លោក​Thorbjørn Jagland ចេញពី​ប្រធាន​គណៈកម្មាធិការ​ណូបែល​ឡើយ។

ប៉ុន្តែ ទាំង​អ្នកជំនាញ​ផ្នែក​ណូបែល ទាំង​កាសែត​ក្នុងស្រុក​ន័​រ​វែ​ស បូករួម​នឹង​អ្នកនយោបាយ​ន័​រ​វែ​ស​មួយចំនួន ការទម្លាក់​ឋានៈ​លោក​Thorbjørn Jagland អោយមក​នៅត្រឹម​ជា សមាជិក​ធម្មតា ក្នុង​គណៈកម្មាធិការ ណូបែល គឺជា​ការព្យាយាម​របស់​រដ្ឋាភិបាល​ថ្មី​ដើម្បី​សុំទោស និង​ផ្គាប់ចិត្ត​មហាអំណាច​ចិន នៅ​អាស៊ី ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​ន័​រ​វែ​ស​និង​ចិន​ឡើងវិញ។
លោក Thorbjørn Jagland ធ្លាប់ជា​អតីត​នាយករដ្ឋមន្ត្រី​ន័​រ​វែ​ស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​⁣​បច្ចុប្បន្ន។ លោក​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ណូបែល តាំងពី​ឆ្នាំ២០០។ ក្រោម​ការដឹកនាំ​របស់​លោក គណៈកម្មាធិការ​បានរ​ង​ការរិះគន់​ច្រើន​កន្លងមក ទាក់ទង​នឹង​រឿង​មួយចំនួន ដូចជា​ការផ្តល់​ពាន​សន្តិភាព​ណូបែល​អោយ​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា រឺក៏​ការ​ជ្រើស​យក​សហភាព​អឺរ៉ុប​អោយទទួល​ពាន​ណូបែល ខណៈ​សហភាព​អឺរ៉ុប​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ​ជាដើម។

ពិសេស​ទៅទៀត គឺ​កាលពី​ឆ្នាំ២០១០ គណៈកម្មាធិការ​ណូបែល​បានប្រគល់​ពានរង្វាន់​សន្តិភាព អោយទៅ​សកម្មជន​សិទ្ធិមនុស្ស​Liu Xiaobo ខណៈ​ចិន​ចាត់ទុក​លោក Liu Xiaoboថា​ជា​ឧក្រិដ្ឋជន។ កាលណោះ ចិន​បាន​ព្រមាន​ន័​រ​វែ​ស​ទុក​មុន​រួចហើយ​ថា ការប្រគល់​ពាន​ណូបែល​ទៅ​សកម្មជន​ប្រឆាំង​Liu Xiaobo នឹង​ប៉ះពាល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ ។ ប៉ុន្តែ​គណៈកម្មាធិការ​របស់លោក Jagland នៅតែ​ចចេស​ប្រគល់​ពាន​ណូបែល​ទៅ​សកម្មជន​ចិន។

 តាំងពី​ឆ្នាំ២០១០មក ចិន​និង​ន័​រ​វែ​ស​ស្ទើរតែ គ្មាន ទំនាក់ទំនង​នឹង​គ្នា​ទាល់តែសោះ។ ដំណើរ​ទស្សនកិច្ច​នយោបាយ​ត្រូវបាន​លុបចោល​អស់​ច្រើន ហើយ​សហគ្រាស​ន័​រ​វែ​ស​ក៏​លែង​បាន​ចូលទៅក្នុង​ទីផ្សារ​ចិន​ទៀត​ដែរ។ គ្រាន់តែ​ប្រគល់​ពានរង្វាន់​មួយ​ណូបែល​អោយ​សកម្មជន​ប្រឆាំង​ចិន​តែ​ម្នា​ក់សោះ ន័​រ​វែ​សត្រូវ​ខាតបង់​ទំនាក់ទំនង​ទាំង​ការទូត ទាំង​ការរកស៊ី​ជាមួយ​ប្រទេស​មហាអំណាច​ចិន​ទៅហើយ។

 គួរ​បញ្ជាក់ដែរថា ចិន​ជា​ប្រទេស​នាំចូល​ត្រីសូ​ម៉ុង​ពី​ន័​រ​វែ​ស​ច្រើនជាងគេ។ រដ្ឋាភិបាល​ន័​រ​វែ​ស​ថ្មី មកពី​បក្ស​អភិរក្សនិយម​ទើប​ឡើងកាន់​អំណាច ក្នុង​ឆ្នាំ២០១៣ មិនអាច​ធ្វើ​ដាក់​ចិន​ដូច​រដ្ឋាភិបាល​ចាស់ មកពី​បក្ស​ការងារ​ទៀត​ទេ។ បក្ស​ស្តាំនិយម​កាន់អំណាច​មិនអាច​បន្ត មើល​ការខាតបង់​ក្នុងការ​រកស៊ី​នាំចេញ​ត្រី​ទៅ​អាស៊ី​បន្តទៀត​ទេ។

 ប្រហែល​ដូច្នេះហើយ ទើប​ពេល​មានឱកាស​រើស​ប្រធាន​គណៈកម្មាធិការ​ណូបែល​ថ្មី ន័​រ​វែ​ស​អាច​ឆ្លៀត​ដក​លោក​Jaglandចេញពី​តំណែង​ប្រធាន​តែម្តងទៅ បើ​ទោះ​លោក Jaglandចង់​បន្ត​តំណែង​នេះ ក៏ដោយចុះ។ សូម​បញ្ជាក់ដែរថា ដោយសារ​បក្ស​កាន់អំណាច​ថ្មី​ជា​បក្ស​អភិរក្សនិយម សមាជិក​គណៈកម្មាធិកា​រ​ណូបែល​ភាគច្រើន​ពេលនេះ ជា​សមាជិក​មកពី​បក្ស​អភិរក្សនិយម។ ដូច្នេះ ការដក​លោក​Thorbjørn Jagland ចេញពី​តំណែង​ប្រធាន ងាយ​ដូច​ជាការ​បកសំបក​ចេក​ដូច្នោះ​ដែរ។

 ក្រសួងការបរទេស​ចិន​បដិសេធ​ប្រាប់ថា តើ​ចិន​និង​ន័​រ​វែ​សបាន ជជែក​គ្នា​ពី​រឿង​តំណែង គណៈកម្មាធិការ​ណូបែល​នេះ​រឺក៏​យ៉ាងណាទេ។ក្រុង​អូ​ស្លូ​បាន​បដិសេធថា មិនបាន​រង​ឥទ្ធិពល​ពី​ក្រុង​ប៉េកាំង ក្នុង​រឿងនេះ​ទេ។ ប៉ុន្តែ មើល​សំបក​ក្រៅ រដ្ឋាភិបាល​ន័​រ​វែ​ស​ថ្មី​ហាក់​ខិតខំ​យកចិត្ត​ចិន​ណាស់។

គេ​នៅចាំ​ថា ឆ្នាំ​មុននេះ គ្មាន​សមាជិក​រដ្ឋាភិបាល​ណា​ម្នាក់​ហ៊ាន​ទៅ​ជួប​សង្ឃ​ដា​ឡៃ​ឡា​ម៉ា ដែល​មក​ទស្សនកិច្ច​នៅ​ន័​រ​វែ​ស​ទេ។ ទោះជា​ក្រុង​អូ​ស្លូ​យកចិត្តយកថ្លើម​យ៉ាងណា​ក្តី ទោះជា​ដក​ប្រធាន​គណៈកម្មការ Jaglandពី​តំណែង ប្រធាន​គណៈកម្មការ​ណូបែល​ក្តី ក្រុង​ប៉េកាំង​មិនបាន​ផ្លាស់ប្តូរ​ជំហរ​ចំពោះ​ន័​រ​វែ​ស​ទេ។ អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន​នៅតែ​ប្រកាន់​ជំហរ​ថា ការស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ គឺ​អាស្រ័យទៅលើ​ន័​រ​វែ​ស​ទាំងស្រុង។ ដូច្នេះ ន័​រ​វែ​ស​ប្រហែល​ត្រូវ​លះបង់​ច្រើន​ជាងនេះទៀត ទើប​អាច​ចាប់ដៃ​ជាមួយ​ចិន​ឡើងវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com