ពិភពតារា៖ ឆន សុវណ្ណ​រាជ និង​ប្រវត្តិ​ពិត​ក្នុង​ជីវិត​សិល្បៈ
13, Mar 2015 , 10:42 am        
រូបភាព
ដោយ:


ភ្នំពេញ៖តារាចម្រៀង ឆន សុវណ្ណ​រាជ មានស្រុក​កំនើតកើតជា​នៅ​ក្រុងភ្នំពេញ លោក​មាន​បងប្អូន ៨ នាក់ ក្នុងនោះ​ប្រុស២នាក់ និង ស្រី៦នាក់ ដែល​លោក​គឺជា​កូន​ទី។ រាជ ចូលចិត្ត​និង​ស្រលាញ់​សិល្បៈ​តាំងតែ​ពី​កុមារភាព​មកម្ល៉េះ ដោយ​តែងតែ​ស្រមៃ​ថា ថ្ងៃ​ណាមួយ​ខ្លួន​អាច​នឹង​ក្លាយជា​តារាចម្រៀង​មួយរូប​ប្រចាំ​ប្រទេស​ដើម្បី​សំរេចសេចក្ដី​ប៉ងប្រាថ្នា។



ជា​ភ័ព្វវាសនា ថ្ងៃមួយ​លោក​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ច្រៀង​នៅឯ​កម្មវិធី​ជប់លៀង​មួយ​របស់​មិត្តភក្តិ​របស់លោក ហើយ​គាប់​ជួន​ពេល​នោះដែរ លោក​ត្រូវបាន​បុរស​ម្នាក់​ដែល​កំពុង​អង្គុយ​ស្ដាប់​លោក​ច្រៀង​ក្នុងឱកាស​នោះ មានការ​ចាប់អារម្មណ៍​នឹង​ទឹកដម ក៏ដូចជា​សំនៀង​របស់លោក​យ៉ាងខ្លាំង ហើយ​បាន​ទាក់ទង​រូបលោក​ឲ្យ​ចុះ​កុងត្រា​ចូល​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​មួយ ដែល​ពេលនោះ​គឺជា​ការ​ប្រឡូក​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​របស់​តារាចម្រៀង ឆន សុវណ្ណ​រាជ​ជា​លើកដំបូង គឺ​នៅ​ឆ្នាំ២០០៥ ដែល​លោក​មិនដែល​ធ្លាប់បាន​ចូល​ប្រលង​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​អ្វី​ឡើយ​ដោយហេតុថា ខ្វះ​ភាពជឿជាក់​ក៏ដូចជា​រវល់​ក្នុងការ​សិក្សា។

រាជ បាន​ច្រៀង​ឲ្យ​ផលិតកម្ម​នោះ​បានតែ​រយៈពេល៦ខែ​ប៉ុណ្ណោះ ហើយក៏​ចាកចេញ បន្ទាប់មក​គាត់​ក៏បាន​ចូលទៅ​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​ថ្មី​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​នៅក្នុង​ឆ្នាំ២០០៧ ដែលជា​ផលិតកម្ម​ទទួលបាន​ជោគជ័យ និង​ឈានមុខ​គេ​បំផុត​ក្នុងប្រទេស​កម្ពុជា។ បទ​ចម្រៀង​របស់លោក​ដែល​ត្រូវបាន​ទស្សនិកជន​ទទួលស្គាល់​ខ្លាំងជាងគេ​នោះ​គឺ​បទ ទីក្រុង​គ្មាន​មេឃ ដែលជា​បទ​ចម្រៀង​ទទួលបាន​ការពេញនិយម​បំផុត​ក្នុង​គ្រានោះ​ពី​ស្រទាប់​យុវវ័យ ហើយ​គាត់​ក៏មាន​បទ​ចម្រៀង​ជាច្រើន​ទៀតផង​ដែរ ដែល​ទទួលបាន​ការពេញចិត្ត​ដូចជា កុំ​ដេញ​បង​ចេញ,ពេល​អូន​លំបាក​មេឃ​ឯកា, សង្សារ​ចាស់​Call មក ជាដើម។

កេរ្តិ៍ឈ្មោះ​របស់ ឆន សុវណ្ណ​រាជ កាន់តែ​ល្បីឡើងៗ ពាសពេញ​ប្រទេស នៅក្រោម​ការគ្រប់គ្រងរ​បស់​ផលិតកម្ម​រស្មី​ហង្ស​មាស​រហូត​ធ្វើ​ឲ្យ​លោក​មានឱកាស​ក្នុងការ​ចេញទៅ​សំដែង​នៅក្រៅ​ប្រទេស​ថែមទៀត ដូចជា​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​ជាដើម។

ក្រៅពី​អាជីព​សិល្បៈ លោក​ឆន សុវណ្ណ​រាជ​ក៏មាន​មុខ​ជំនួញ​ផ្ទាល់ខ្លួន​របស់លោក ជាមួយនឹង​បងស្រី​ផងដែរ គឺ​ហាង​កាត់​សំលៀកបំពាក់ ដែល​សម្ភោ​ធ​ក្នុង​ឆ្នាំ២០០៧ ហើយ​និង​ហាង​ថតរូប​ដែល​ត្រូវបាន​បើក​បន្ទាប់ពី​ប៉ុន្មាន​ឆ្នាំ​ក្រោយមក។

ដោយឡែក ចំពោះ​កិច្ច​ការជួយ​សង្គម លោក​បានធ្វើ​កិច្ចការ​សប្បុរស​ជាច្រើន​តាមរយៈ​ការ​ច្រៀង ដើម្បី​យក​ថវិការ​ទាំងអស់នោះ​មកជួយ​ដល់​កុមារ​ក្នុង​សហគមន៍​ដូចជា កុមារកំព្រា ឬក៏​កុមារ​ដែល​ត្រូវបាន​គេ
រំលោភបំពាន​ផ្លូវភេទ​ជាដើម។

លោក​ក៏ត្រូវ​បានតែងតាំង​ឲ្យ​ធ្វើជា​ឯកអគ្គរដ្ឋទូត​របស់​ផលិតផល Vaseline ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ​គឺ Vaseline Man ដែល​ផ្នែក​មួយ​នៃ​ផលិតផល​របស់​ក្រុមហ៊ុន Unilever ហើយ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ធំជាងគេ​លំដាប់​ទី៣ ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់។
ឆន សុវណ្ណ​រាជ កើត​នៅ​ថ្ងៃទី១០ខែតុលា ឆ្នាំ១៩៨៥ មាន​កំពស់ ១៧៥ cm ៕




© រក្សាសិទ្ធិដោយ thmeythmey.com