ជាតិ
លោក នេ​ត សាវឿន ព្រមាន​ដកដំណែង​ស្នងការ និង​អធិការ​នៃ​ទីតាំង​ដែលមាន​ចោរប្លន់
23, Mar 2015 , 7:45 pm        
រូបភាព

 
លោក​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃទី២១កន្លងទៅ បានប្រកាស​ដល់​កម្លាំង​នគរបាល គ្រប់​ស្នងការដ្ឋាន​ទូទាំងប្រទេស ឲ្យ​រឹតបន្តឹង និង​រក្សា​សន្តិសុខ សុវត្ថិភាព នៅ​ទីប្រជុំជន​នានា ជាពិសេស​កន្លែង​លក់​គ្រឿងអលង្ការ​និង​ប្តូរប្រាក់​ដែល​អាច​នឹង​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ។



ការប្រកាស​ជាបន្ទាន់​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​កើតមាន​ករណី​ប្លន់​ប្រដាប់អាវុធ​បាន​កើតឡើង​បន្តបន្ទាប់​គ្នា នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ខេត្ត​ព្រះសីហនុ​និង​ខេត្តពោធិ៍សាត់​ជាដើម។នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ។

បើតាម​ប្រភព​ដដែល​ក្រៅពី​ដាក់​បញ្ជា​ឲ្យ​គ្រប់​ស្នងការដ្ឋាន​ទាំងអស់​ត្រូវ​រៀបចំ​កម្លាំង​ដែលមាន​ក្រុម​ប្រតិបត្តិការ​ជាប្រចាំ២៤ម៉ោង នៅ​គ្រប់​ទីផ្សារ ទីប្រជុំជន​ពិសេស​កន្លែង​លក់​គ្រឿងអលង្ការ ទីតាំង​ប្តូរប្រាក់ អគ្គស្នងការ​នគរបាល​ជាតិ​ដដែល​ក៏បាន​ព្រមាន​ផងដែរ​ដល់​គ្រប់​ស្នងការ​អធិការ រួមទាំង​កម្លាំង​នគរបាល​ដែល​ទទួលខុសត្រូវ​នៅតាម​ទីតាំង​និង​មូលដ្ឋាន​ទាំងអស់​អាច​ប្រឈម​នឹង​ការត្រួតពិនិត្យ​ឬ​ដកតំណែង ប្រសិនបើ​ពួកគេ​ធ្វេសប្រហែស និង​បណ្តាល​ឲ្យ​ករណី​ប្លន់​ប្រដាប់អាវុធ​កើតឡើង ដោយ​គ្មាន​ការទទួលខុសត្រូវ​ផ្នែក​សន្តិសុខ​និង​សុវត្ថិភាព​នោះ។

ជាមួយគ្នា​នោះដែរ​លោក​នេ​ត​សាវឿន​ក៏បាន​ដាក់​បញ្ជា​ឲ្យ​ផ្នែក​ជំនាញ​ថ្នាក់កណ្តាល ចូលរួម​រក្សា​សន្តិសុខ សុវត្ថិភាព និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ប្រដាប់អាវុធ​ដែល​បាន​កើតមាន​នាពេល​កន្លងមក​ផងដែរ។

សូមបញ្ជាក់ថា​ទាក់ទិន​នឹង​ករណី​ប្លន់​នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរប្លន់​បាន​ចំនួន២នាក់ និង​រឹបអូស​បាន​ម៉ូតូ​បាន​ចំនួន៣គ្រឿង។ដោយឡែក​ករណី​ប្លន់​ប្រដាប់អាវុធ​នៅក្នុង​ស្រុក​ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៥នាក់​រឹបអូស​បាន​អាវុធ២ដើម និង​មាស​មួយចំនួន ព្រមទាំង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ផ្សេងទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com