ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ រណឫទ្ធិ យាង​ចូល ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណរស្មី យាង​ចេញ
28, Mar 2015 , 4:05 pm        
រូបភាព

 
ភ្នំពេញ៖ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ត្រូវបាន​គេ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​កាលពី​ឆ្នាំ២០០៦កន្លងមក ទើប​ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​យាង​អោយ​ចូលមក​ដឹកនាំ​គណបក្ស​ឡើងវិញ​កាលពី​ប៉ុន្មាន​ខែ​មុននេះ។ គង់​ជា​ព្រះប្រធាន​គណបក្ស​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​ស្រាប់តែ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី ដែល​ធ្លាប់ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជំនួស​ព្រះអង្គម្ចាស់ រណឫទ្ធិ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី១នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​លាលែង​ចេញពី​តំណែង។



ប្រភព​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានអោយដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី ដែល​ធ្លាប់ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជំនួស​ព្រះអង្គម្ចាស់ រណឫទ្ធិ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី១នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​លាលែង​ចេញពី​តំណែង​ហើយ។ តែ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនទាន់​សម្រេច​ថា តើ​ត្រូវ​អនុញ្ញាតអោយ​ឈប់​ឬ​យ៉ាងណា​នៅឡើយ​ទេ។

មូលហេតុ​នៃ​ការសុំ​លាលែង​មិន​ត្រូវបាន​គេ​ប្រាប់អោយដឹង​នៅឡើយ​ទេ។ បច្ចុប្បន្ន ព្រះអង្គម្ចាស់ អរុណរស្មី កំពុង​គង់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី ក្នុងនាម ព្រះអង្គ ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ។ ព្រះអង្គម្ចាស់ អរុណរស្មី ធ្លាប់​គង់​ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង និង​ធ្លាប់​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​នៃ​អាណត្តិ​ទី៥កន្លងមក​ផង។ ប៉ុន្តែ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ​ព្រះអង្គ​មិន​ទទួលបាន​កៅអី​ឡើយ​នៅក្នុង​រដ្ឋសភាជាតិ។

បើទោះបីជា​គេ​មិនដឹង​ពី​ហេតុផល​នៃ​ការលាឈប់​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​ចេញពី​អនុប្រធាន​ទី១នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏ដោយ​ក្តី ក៏​ប្រភពផ្សេងៗធ្លាប់បាន​បង្ហើប​ប្រាប់ថា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណរស្មី ធ្លាប់​មានគំនិត​ផ្ទុយគ្នា​ក្នុងការ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច៕



© រក្សាសិទ្ធិដោយ thmeythmey.com