ជាតិ
សង្គមជាតិ
ដី​នៅ​តំបន់​ខេត្ត​ត្បួ​ង​ឃ្មុំ​ឡើងថ្លៃ១ពាន់​ភាគរយ​មែនឬ?
28, Mar 2015 , 8:00 pm        
រូបភាព
 
ខេត្ត​ត្បូងឃ្មុំ៖ នៅក្នុង​អាណត្តិ​ទី៥នេះ រដ្ឋាភិបាល​បាន​បង្កើត​ខេត្ត​ត្បូងឃ្មុំ​មួយ​ថ្មី​បន្ថែមទៀត​ដោយ​កាត់ផ្តាច់​ពី​ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ ស្រុក​ត្បូងឃ្មុំ បានក្លាយ​ទៅជា​ខេត្ត​ត្បូងឃ្មុំ​ជា​ផ្លូវការ​រួចហើយ។ ការសាងសង់​បានចាប់ផ្តើម​ឡើង​ហើយ។ តែ​ស្របពេល​ជាមួយគ្នា ដី​នៅ​តំបន់​នេះ ឡើងថ្លៃ​ប្រមាណ​ជា១ពាន់​ភាគរយ​ប្រៀបធៀប​ទៅនឹង​មុនពេល​នៃ​ការប្រកាស​សាងសង់​សាលាខេត្ត។



ការដ្ឋាន​សាងសង់​ផ្លូវថ្នល់ និង​ការដ្ឋាន​សាងសង់​សាលាខេត្ត​ត្បូងឃ្មុំ​ថ្មី​ដែល​ស្ថិតនៅក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បានចាប់ផ្តើម​ប​ន្ថិ​ចម្តងៗហើយ។ ស្លាក​សញ្ញា​ប្លង់​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​គេ​ដាក់តាំង​នៅលើ​ផ្លូវជាតិ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ខេត្តក្រចេះ។

សាលាខេត្ត និង​មន្ទី​ខេត្ត​មិនទាន់​ត្រូវបាន​សាងសង់​រួចរាល់​មែន។ ប៉ុន្តែ តម្លៃ​ដី​ដែល​ស្ថិតនៅ​ជុំវិញ​សាលាខេត្ត​បាន​ឡើងថ្លៃ​ពី៥០០ទៅ១០០០ភាគរយ។ មន្ត្រី​សាលាខេត្ត​ត្បូងឃ្មុំ​ម្នាក់​ដែល​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ បានអោយដឹងថា តម្លៃ​ដី​ដែល​ស្ថិតនៅ​លើផ្លូវ​មេ​នៃ​សាលាខេត្ត​បាន​កើនឡើង​ពី​តម្លៃ​ក្រោម១ម៉ឺន​ដុល្លារ​ក្នុង១ហិកតា កាលពី​ពេលមុន មកដល់​ជិត១០ម៉ឺន​ក្នុង១ហិកតា​នាពេល​បច្ចុប្បន្ននេះ។ ដី​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវ​មេ​សាលាខេត្ត​អាច​ឡើងថ្លៃ​ដល់១ម៉ឺន ឬ២ម៉ឺន​ដុល្លារ​ក្នុង១ហិកតា ផ្ទុយ​នឹង​ក្រោម១ម៉ឺន​ដុល្លារ​កាលពី​ពេលមុន​ការសាងសង់​សាលាខេត្ត។

ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ចាម ឬ​ខេត្តក្រចេះ​ដែល​ស្គាល់​តំបន់​សាលាខេត្ត​ត្បូងឃ្មុំ​ច្បាស់ បាន​និយាយថា ដី​តំបន់​នេះ​កាលពី​ពេលមុន​គ្មាន​ហាងឆេង​ឡើយ។ តែ​ក្រោយ​ការប្រកាស​សាងសង់​សាលាខេត្ត​ថ្មី តម្លៃ​ដី​ឡើងថ្លៃ​គួរអោយភ្ញាក់ផ្អើល។ លោក ស៊ា ឆៃ​លីន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឆៃ​លីន ស៊ា រៀល
ធី បាន​សម្តែង​ការភ្ញាក់ផ្អើល​ពី​តម្លៃ​ដី​នៅ​តំបន់​ខេត្ត​ត្បូងឃ្មុំ។ លោក​ពន្យល់ថា វត្តមាន​សាលាខេត្ត​ត្បូងឃ្មុំ ដែល​មិនទាន់មាន​សកម្មភាព​សេដ្ឋកិច្ច​ពិតប្រាកដ មិនគួរ​អាច​ជំរុញ​តម្លៃ​ដី​អោយ​ឡើង​ក្នុង​កម្រិត​នេះ​បានឡើយ។ លោក ឆៃ​លីន ពិបាក​នឹង​ជឿ ហើយ​ចោទ​ជា​សំណួរ​ថា មូលហេតុ​អ្វី​បានជា​តម្លៃ​កើនឡើង​ខ្លាំង​យ៉ាង​ដូច្នេះ?

អ្នកវិភាគ​តម្លៃ​អចលនទ្រព្យ​ផ្សេងទៀត បាន​អត្ថាធិប្បាយ​ថា ការឡើង​ថ្លៃ​នេះ គឺ​ដោយសារ​ចលនា​បំប៉ោង​តម្លៃ​ដីធ្លី​ដើម្បី​កេង​យកចំណេញ។ អ្នកទិញ​ខ្លះ ក្រឡុក​ហាងឆេង បំប៉ោង ដើម្បី​លក់​ចេញ​វិញ​ក្នុងតម្លៃ​ខ្ពស់។ ដូច្នេះ អ្នកទិញ​ចុងក្រោយ​គេ អាច​ជាប់គាំង​ប្រាក់​ក្នុង​ដី​ដោះ​មិន​ចេញ។ អ្នកជំនាញ​ដដែល​បាន​ពន្យល់​ទៀតថា ស្ថានភាព​ខេត្ត​ត្បូងឃ្មុំ​ស្រដៀង​គ្នា​ទៅនឹង​សាលាខេត្ត​សៀមរាប​ថ្មី​ដែរ។ 

មុន​ការសាងសង់ និង​អំឡុងពេល​នៃ​ការសាងសង់​សាលាខេត្ត​សៀមរាប​ថ្មី តម្លៃ​ដីធ្លី​នៅ​តំបន់​សាលាខេត្ត​ថ្មី​បាន​ឡើងថ្លៃ​គួរអោយ​ព្រឺ​ឆ្អឹងខ្នង។ ប៉ុន្តែ​ក្រោយ​ការសាងសង់​រួចហើយ គ្មាន​សកម្មភាព​សេដ្ឋកិច្ច​អ្វី​ទាំងអស់ អ្នកទិញ​ចុងក្រោយ គឺជា​អ្នក​ខាត​ប្រាក់​កប់​នៅក្នុង​ដី​លក់​មិន​ចេញ​រហូតមកដល់​សព្វ​ថ្ងៃនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com