អន្តរជាតិ
ក្រុម​ឧទ្ទាម Houthis នៅ​យេ​ម៉ែន មាន​ប្រវត្តិ​ដូចម្តេច?
30, Mar 2015 , 8:30 pm        
រូបភាព
យេ​ម៉ែន​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប្រទេស​នេះ​រងគ្រោះ​ខ្លាំង​ដោយសារតែ​វិបត្តិ​នយោបាយ និង​ការអុកឡុក​របស់​ក្រុម​ភេរវជន និង​ក្រុម​ឧទ្ទាម។ បញ្ហា​អស្ថិរភាព​នយោបាយ និង​ជម្លោះ​ប្រដាប់អាវុធ​រវាង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​រដ្ឋាភិបាល​បន្ត​កើនឡើង​ខ្លាំង ខណៈពេលដែល​រដ្ឋាភិបាល​មិនអាច​អនុវត្ត​អំណាច​របស់ខ្លួន​បាន​ទូទាំងប្រទេស​ឡើយ។


រហូតដល់​មកទល់ពេលនេះ​ក្រុម​ឧទ្ទាម​ធំ​និង​មាន​ឥទ្ធិពល​ជាងគេ Houthi បាន​វាយប្រហារ​ដណ្តើម​អាគារ​ប្រធានាធិបតី​នៅក្នុង​រដ្ឋធានី សាណា និង​តំបន់​ផ្សេងទៀត។ ចំណែក​មហាអំណាច​ក្នុង​តំបន់​ដូចជា​រដ្ឋ​អារ៉ាប់​បន្ត​ទម្លាក់​គ្រាប់​ប្រឆាំង​ក្រុម​នេះ ដោយ​អះអាងថា​ខ្លួន​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រធានាធិបតី Abd-Rabbu Mansour Hadi។ ជម្លោះ​នយោបាយ​នៅ​យេ​ម៉ែន​បាន​រីក​សាយភាយ​កាន់តែ​ធំ​និង​ធ្ងន់ធ្ងរ​ជាមុន ដោយសារ​វា​មិនមែនជា​ជម្លោះផ្ទៃក្នុង​ទៀតឡើយ តែ​វា​បាន​ក្លាយជា​សង្គ្រាម​រវាង​មហាអំណាច​អ៊ីរ៉ង់​ដែល​គាំទ្រ​ក្រុម Houthis និង​រដ្ឋាភិបាល​ក្រុង​សា​ណា​ទៅវិញ។ ដល់​ត្រឹមនេះ​យើង​គួរ​យល់ដឹង​បន្តិច​ថា​តើ​ក្រុម​ឧទ្ទាម​មួយ​នេះ​មាន​សាវតា​បែបណា? ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​អ្វី?

ដើមឡើយ​ក្រុម Houthi ជា​ក្រុម​ឧទ្ទាម​មួយក្រុម​កើតឡើង​ឆ្នាំ ២០០៤ ដែល​ប្រកាន់​សាសនា​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​ស្ថិតនៅក្នុង​ខេត្ត Saada ដែល​ដឹកនាំ​ដោយ​លោក Hussein Badr al-Din al-Houthi។ ក្រុម​នេះ​ក្រោក​ចាប់​កាន់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ដោយសារ​ចង់​ទាមទារ​សិទ្ធិសេរីភាព​ច្រើនជាង​មុន​ផ្នែក​សាសនា នយោបាយ និង​វប្បធម៌ និង​រួច​ផុតពី​ការគៀបសង្កត់​របស់​ក្រុម​ឥស្លាម​ភាគច្រើន​និកាយ​ស៊ូ​នី។

ក្រោយ​តវ៉ា​ដោយ​កម្លាំងប្រដាប់អាវុធ​ដល់​ឆ្នាំ ២០១០ ក្រុម​នេះ​បានសម្រេច​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​រួមគ្នា​មួយ ក្រោយមក​ក្រុម​នេះ​ក៏​ដើរតួនាទី​សកម្ម​ដែរ​ក្នុង​មហា​បាតុកម្ម​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ Ali Abdallah Saleh នា​ឆ្នាំ២០១១ ។ ក្រោយមក​វិបត្តិ​ចាប់ផ្តើម​កើតឡើង​ជាថ្មីទៀត​ក្រោយ​ពេលដែល​រដ្ឋាភិបាល​ថ្មី​ដែល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ ជំនួស​រដ្ឋាភិបាល​ផ្តាច់ការ​បានប្រកាស​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បង្កើត​តំបន់​រដ្ឋបាល​តាមបែប​រដ្ឋ​សហព័ន្ធ​ដោយមាន​រដ្ឋ​ចំណុះ៦ ទៅវិញ​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៤ ។

ការប្រយុទ្ធ​ចាប់ផ្តើម​កើតមានឡើង​ជាថ្មីទៀតរ​វាង​ទាហាន​រដ្ឋាភិបាល និង​កង​ម្លាំ​ង​ក្រុម​ឧទ្ទាម ដោយ​ពួកគេ​មិនមាន​សិទ្ធិ​ជំទាស់​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​ចងក្រង​ឡើង​ឡើយ។ រហូតដល់​ខែកញ្ញា​ឆ្នាំ ២០១៤ រដ្ឋាភិបាល​ក្រុងសណា បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​បណ្តា​ភាគី​នយោបាយ​នៅក្នុង​ប្រទេស ប​ន្តែ​ក្រុម​ឧទ្ទាម Houthis នេះ​នៅតែ​បដិសេធ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង។

យោងតាម​កិច្ចព្រមព្រៀង រដ្ឋាភិបាល​កំណត់អោយ​ក្រុម​ឧទ្ទាម​មួយ​នេះ​ដក​កងទ័ព​ចេញពី​ទីក្រុង និង​ដាក់​ឱសានវាទ​អោយ​ពួកគេ​ទម្លាក់អាវុធ​ចុះ​ក្នុង​រយៈពេល ៤៥ថ្ងៃក្រោយ​ចុះ​ហេ​ត្ថ​លេខា​លើ​កិច្ចព្រមព្រៀង។ ចាប់តាំងពី​ពេលនោះ​មក​ការប្រយុទ្ធ​គ្នាកាន់តែខ្លាំងៗឡើង​រហូតដល់​ដណ្តើម​បាន​វិមាន​រដ្ឋាភិបាល និង​កាន់កាប់​ទឹកដី​កាន់តែ​ធំ។ ក្នុង​ខែមករា​លោក Hadi បានសម្រេច​ចុះចេញ​ពី​តំណែង ហើយ​ស្ថិតក្រោម​ការឃុំ​ឃាំង​ក្នុងផ្ទះ។ យ៉ាងណាក៏ដោយ​មេដឹកនាំ​រូបនេះ​បាន​រត់គេចខ្លួន​ផុតពី​ការឃុំ​ឃាំង​ក្នុង​ខែកុម្ភៈ​ដោយ​ប្រកាស​ច្រានចោល​ការលាលែង​ចេញពី​តំណែង​ដែល​លោក​បានប្រកាស​កាលពីមុន ដោយ​លោក​ចាត់ទុក​ខ្លួនឯង​ជា​មេដឹកនាំ​ស្របច្បាប់​ដដែល។

តាមពិតទៅ ហេតុផល​នៅពេល​ក្រោយ​វិបត្តិ​នយោបាយ​យេ​ម៉ែន វា​ពាក់ព័ន្ធ​នឹង​ការអនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី និង​ការបង្កើត​រដ្ឋ​សហព័ន្ធ​មួយ​ដែលមាន​រដ្ឋ​ចំណុះ ៦រដ្ឋ ។ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវបាន​ក្រុម​ឧទ្ទាម​ទាត់ចោល​តាំងពី​ដំបូង​មកម្ល៉េះ។ អ្នកតំណាង​ក្រុម​ឧទ្ទាម Houthis បានប្រកាសថា​ការ​ចងក្រង រដ្ឋធម្មនុញ្ញ​ដែល​បង្កើត​រដ្ឋ​សហព័ន្ធ​នេះ​ជា​លេស​របស់​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន​ក្នុងការ​បន្ថយអំណាច​នយោបាយ​របស់​ក្រុម​ពួកគេ​ប៉ុណ្ណោះ។ រដ្ឋាភិបាលកណ្តាល​យេ​ម៉ែន មិន​ខ្វល់ខ្វាយ​ពី​ការទាមទារ​របស់​ក្រុម​នេះ​ទេ ហើយ​ចាប់ផ្តើម​ព្រាង​រដ្ឋធម្មនុញ្ញ​ដោយ​មិន​អនុញ្ញាតអោយ​ភាគី​នយោបាយ​ផ្តល់យោបល់ កែប្រែ ឬ​សុំ​ការអនុញ្ញាត​ជាមុន​ពី​ភាគី​នយោបាយ​ឡើយ។

នេះ​បញ្ជាក់ថា​ក្រុម​នេះ​កំពុង​បង្ហាញ​ការទាមទារ​នូវ​សម្លេង​នយោបាយ​បន្ថែម​ក្នុងការ​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ។ មូលហេតុ​មួយវិញទៀត​ក្រុម​ឧទ្ទាម​មួយ​នេះ​មិន​ពេញចិត្ត​ចំពោះ​ការ​លូកដៃ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ប្រឆាំង​ភេរវកម្ម​នៅ​យេ​ម៉ែន​ឡើយ។ អាមេរិក​ចាប់ផ្តើម​លូកដៃ​ក្នុង​បញ្ហា​យ៉េ​មែន​ខ្លាំង​នៅក្នុង​ឆ្នាំ ២០១១ ក្រោយ​ការដួលរលំ​របប​ផ្តាច់ការ​ដោយ​ការផ្តល់​ជំនួយ​យោធា​និង​មនុស្សធម៌ ប៉ុន្តែ​ប្រទេស​នេះ​បាន​ទម្លាក់​គ្រាប់បែក​នៅ​យេ​ម៉ែន​ដើម្បី​ប្រឆាំង​ក្រុម​អាល់​កៃ​ដា និកាយ​ស៊ូ​នី​សាខា​ឧបទ្វីប​អារ៉ាប់​តាំងពី​ឆ្នាំ ២០០៩មកម្ល៉េះ។


© រក្សាសិទ្ធិដោយ thmeythmey.com