ជាតិ
ទឹកប្រាក់១៨ម៉ឺន​ដុល្លារ​នឹង​ចំណាយ​សម្រាប់​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ
30, Mar 2015 , 9:00 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
កម្ពុជា​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ១៨ម៉ឺន​ដុល្លារ នៅក្នុង​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ (IYFC)លើក​ទី១ ដែល​នឹង​ប្រព្រឹត្តិ​ទៅ រយៈពេល៦ថ្ងៃ ចាប់ពី​ថ្ងៃទី១២ដល់​ថ្ងៃទី១៧ខែមេសា ខាងមុខនេះ នៅក្នុង​ខេត្តសៀមរាប។



មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​លើក​ទី១ ផ្តួចផ្តើម​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ«ឯកភាព​និង​សាមគ្គីភាព៖កម្លាំង​ក្នុង​វប្បធម៌ ចំរុះ» ។

មហោស្រព​នេះ រៀបចំឡើង​ដើម្បី​អបអរសាទរ​ការឈាន​ចូល​ម​ដល់​នៃ​សមាហរណកម្ម​អាស៊ាន ដែល​នឹង​មកដល់​នៅ​ចុងឆ្នាំ២០១៥នេះ។

មហោស្រព​នេះ ក៏​ជា​វេទិកា​មួយ​ដែល​ផ្តល់ឱកាស​ដល់​យុវជន​ចែករំលែក​ចំណេះដឹង​អំពី​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី ពង្រឹង​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព ស្មារតី​យោគយល់​គ្នា​រវាង​យុវជន​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​សន្ទនា​ក្នុង​បរិបទ​នៃ​វប្បធម៌​ចំរុះ​ជាតិ​សាសន៍ ព្រមទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍ​យុវជន ជំរុញ​ឲ្យ​យុវជន​នៃ​ប្រទេសនីមួយៗមាន​ទំនាក់ទំនង​ល្អ និង​យោគយល់​គ្នា​កាន់តែ​ស៊ីជម្រៅ។

មហោស្រព​នេះ ក៏ត្រូវ​រៀបចំ​ធ្វើឡើង​ស្រប​ជាមួយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥ដែរ  ដែលជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ  ឲ្យ​យុវជន​មកពី​បណ្តា​ប្រទេស អាស៊ាន និង​ក្នុង​តំបន់ បាន​ស្វែងយល់​ពី​វប្បធម៌ និង​ប្រពៃណី​របស់​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com