ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ថា វប្បធម៌​សន្ទនា​មិនមែន​សម្រាប់​ពន្លិច​ភាគី​ម្ខាង​ទៀត​ទេ
30, Mar 2015 , 5:50 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បានបញ្ជាក់​ជាថ្មី​ទៀតថា វប្បធម៌​សន្ទនា គឺជា​ស្ពាន​មួយ​សម្រាប់​កសាង​ជំនឿ​ទុកចិត្ត​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អ្នកដឹកនាំ ប្រទេស។ ហើយ​វប្បធម៌​សន្ទនា​នេះ មិនមែនជា​ស្ពាន​សម្រាប់​យកមក​ជាន់ពន្លិច​ក្រុម​ម្ខាង​ទៀត និង​ប្រជាពលរដ្ឋ​នោះទេ គឺ​នៅតែ​មិនអាច​បង្កើត​ការទុកចិត្ត​គ្នា​បានទេ។



សំឡេង​លោក កឹម សុខា



ការ​ថ្លែង​របស់លោក កឹម សុខា​បែបនេះ ធ្វើឡើង​នៅក្នុង​ពិធី​បង្សុកូល​រាប់​បាត​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​បាត់បង់​ជីវិត​ដោយសារ​ការ​គប់​គ្រាប់បែក កាលពី ឆ្នាំ១៩៩៧ នៅ​ថ្ងៃទី៣០ ខែមីនា​នេះ។

លោក កឹម សុខា បាន​ថ្លែង​យ៉ាង​បញ្ជាក់ថា វប្បធម៌​ស​ន្ទា​ន​មិន​ត្រូវយក​ស្ពាន គឺ​ការសន្ទនា ទៅ​ជាន់ពន្លិច ក្រុម​ភាគី​ម្ខាង​ទៀត និង​ប្រជាពលរដ្ឋ​នោះទេ។ អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា និង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​មានប្រសាសន៍ថា កន្លងមក កម្ពុជា​តែងតែ​ទៅ​ពឹង​បរទេស ក្នុង​ការជួយ​រក​ដំ​​ណោះ​ស្រាយ​​បញ្ហា​ក្នុងប្រទេ​ស ដោយសារតែ មិន​ជឿទុកចិត្ត​ខ្មែរ​គ្នាឯង ដូច្នេះ​បានជា​ទៅ​ពឹង​បរទេស​ឲ្យ​មកជួយ​បញ្ចប់​ជម្លោះ។

លោក​ថ្លែង​បែបនេះ គឺ​ស្របពេល​ដែរ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់យក​វប្បធម៌​អង្គុយ​សន្ទនា​គ្នា​រក​ដំណោះស្រាយ​នាពេល​បច្ចុប្បន្ន។ លោក​បន្ត​បញ្ជាក់ថា រដ្ឋសភា​បាន​បង្កើត​ក្រុម​សភា​ភាគច្រើន និង​ក្រុម​សភា​ភាគតិច ដូច្នេះ​ក្រុមការងារ​អាច​បង្កើន ជំនឿ​ចិត្ត​រវាង​គ្នា តាមរយៈ​ការសន្ទនា​គ្នា​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់ដែរថា ក្រុមការងារ​គណបក្ស ទាំងពីរ​មិនត្រូវ​យក​វប្បធម៌​សន្ទនា​នេះ ធ្វើជា​ឈ្នាន់ ដើម្បី​ជាន់ពន្លិច​ភាគី​ម្ខាង​ណាមួយ​ឡើយ។

បើទោះបីជា​កន្លងមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​​​ព្រមាន​ចាត់វិធានការ តាម​ប្រព័ន្ធតុលាការ​​ក៏​ដោ​យ ក៏​លោក កឹម សុខា មិនបាន​រំលឹក​នោះឡើយ។ លោក​លើកឡើង​តែ វប្បធម៌​សន្ទនា​គ្នា​ប៉ុណ្ណោះ។

លោក​ថា៖«បើ​គ្រាន់តែ​យក​ស្ពាន​ហ្នឹង គ្រាន់តែ​សម្រាប់ ពន្លិច​ក្រុម​ម្ខាង​ទៀត សម្រាប់​បោកប្រាស់​ប្រជារាស្ត្រ​ទេ គឺ​យើង​មិនអាច​មាន​ជំនឿ​ទុកចិត្ត​លើ​គ្នា​បានទេ។ ស្ពាន​នេះហើយ ស្រេច​ទៅលើ​មេ ដឹកនាំ​បក្ស​ទាំងពីរ​ហ្នឹង សម្រេច​ប្រើ​ស្ពាន​ហ្នឹង តើ​ប្រើ​ដើម្បី​អី? បើ​ប្រើ​សម្រាប់​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ដើម្បី​កសាង​សន្តិភាព​ជូន​ជាតិ អស់លោកអ្នក​ដឹកនាំ​ទាំងអស់​ហ្នឹង នឹង​ក្លាយទៅជា​វីរៈបុរស​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា​យើង​ជាមិនខាន»។

ជាមួយគ្នានេះ លោក កឹម សុខា ក៏បាន​ប្តេជ្ញា​បន្ត​ប្រកាន់យក​វប្បធម៌​សន្ទនា ជាមួយ​រដ្ឋា​ភិ បាល​កម្ពុជា ក្នុង​ការជួយ​ស្វែងរក​ឃាតករ ដែល​បាន​គប់​គ្រាប់បែក សម្លាប់​ជនរងគ្រោះ និង​រងរបួស​ជិត ១០០នាក់ នៅក្បែរ​វិមាន​រដ្ឋសភា​ចាស់ នៅ​ឆ្នាំ១៩៩៧ ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com