កីឡាជាតិ
ក្រុម U-14 នារី​ជម្រើស​ជាតិ​សម្រាក​ហ្វឹកហាត់​ពេល​ចូល​ឆ្នាំ​ខ្មែរ​ជាង ១០ ថ្ងៃ
16, Apr 2015 , 2:45 pm        
រូបភាព
ដោយ:
សមាជិក​ក្រុម​បាល់ទាត់​​កុមារី​ជម្រើស​ជាតិ​ក្រោម​អាយុ​១៤​ឆ្នាំ (U-14) ដែល​​ជម្រុះ​សល់​គ្នា ៣០ នាក់ សម្ងំ​ហ្វឹកហាត់​នៅ​​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី បាន​រំសាយ​ក្រុម​​ចំនួន​ជាង ១០ ថ្ងៃ​ដើម្បី​ចូលរួម​អបអរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ពោល​គឺ​ចាប់​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ​ដល់ ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១៥ ទើប​ចូល​ហ្វឹកហាត់​វិញ។



លោក មាស សំអឿន អតីត​គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​បៀលប្រាយយូណាយធិត និង វេស្ទើនយូនីអែហ្វស៊ី គឺ​ជា​គ្រូ​បង្គោល​ដឹកនាំ​​ហ្វឹកហ្វឺន​ដល់​ឈុត​នារី​ថ្នាល​មួយ​នេះ ដើម្បី​​ត្រៀម​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ នៅ​ប្រទេស​វៀតណាម នា​ចុង​ខែ​មិថុនា ខាង​មុខ។

យោង​តាម​ទិន្នន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្មេងស្រីចំនួន៥៤នាក់មកពី រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ស្វាយរៀង បាត់ដំបង​និង ខេត្ត​​សៀមរាប​បាន​ធ្វើ​តេស្ត​​ចាប់​ពី​ថ្ងៃ២៧ ដល់ ៣១ ខែ​មីនា​ឆ្នាំ​២០១៥ ដោយ​ចម្រាញ់​យក​តែ ៣០​នាក់​ហ្វឹកហាត់​រួម​គ្នា​ពី ខែ​មេសា ដល់​ខែ មិថុនា។

ចុង​ក្រោយ​ក្មេង​ស្រី​ចំនួន​១៨​នាក់​​ដែល​មាន​កម្រិត​បច្ចេកទេស​ល្អ​ជាង​គេ​នឹង​ត្រូវ​ជ្រើស​យក​ក្នុង​ខែ​មិថុនា​ ដើម្បី​បង្កើត​ជា​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ស្ដ្រី​ក្រោម​អាយុ​១៤ឆ្នាំ​សម្រាប់​ទៅ​ប្រកួត​ជម្រុះ​ក្នុង​ពាន​រង្វាន់ AFC U-14 Girls' Regional Championship 2015 - Asean Zone នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​២០-២៨​ខែ​មិថុនា​ឆ្នាំ​២០១៥។

ពានរង្វាន់​បាល់ទាត់​​ស្រ្ដី U-14 ប្រចាំ​ទ្វីប​អាស៊ី AFC U-14 Girls' Regional Championship 2015 មាន​ក្រុម​ជា​ច្រើន​ត្រៀម​ចូលរួម​ប្រកួត ដោយ​បែង ៤ តំបន់​ផ្សេង​គ្នា​ក្នុង​នោះ​មាន តំបន់​អាស៊ីកណ្ដាល, តំបន់អាស៊ីខាងកើត, តំបន់​អាស៊ីខាងលិច និង តំបន់​អាស៊ីអាគ្នេយ៍។

សម្រាប់​ក្រុម​កម្ពុជា ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​ប្រទេស​ ៩ ចូល​​ចូលរួម​ដោយ​ចែក​ជា ២ ពូល។ ពូល A មាន​ មីយ៉ាន់ម៉ា, ថៃ, ឥណ្ឌូណេស៊ី, ឡាវ និង កម្ពុជា ហើយ​ពូល B មាន វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី និង ហ្វីលីពីន៕



© រក្សាសិទ្ធិដោយ thmeythmey.com