សង្គមអន្តរជាតិ​
អន្តរជាតិ
គ្រាប់មីន​កម្ពុជា​ជំរុញ​តារា​ហូលីវូត​James Bond អោយក្លាយ​ជា​ទូត​ដោះមីន​របស់​UN
18, Apr 2015 , 12:20 pm        
រូបភាព
ដោយ:
តារា​ហូលីវូត​ដ៏​ល្បីល្បាញ​Daniel Craig ដែល​សំដែង​ជា​តួ ចេ​ម​ស្ប​ន ០០៧ តាំងពី​ឆ្នាំ២០០៦មក ត្រូវបាន​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​តែងតាំង​អោយធ្វើជា​ឯកអគ្គរដ្ឋទូត​ទី១របស់​អង្គការ ទទួលបន្ទុក​កំចាត់​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ។ ការតែងតាំង​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ១៤មេសា ក្នុង​ខួប​លើក​ទី១០ នៃ​ទិវា​អន្តរជាតិ​ផ្សព្វផ្សាយ​បញ្ហា​ទាក់ទង​នឹង​គ្រាប់មីន។



ក្នុង​ឆាក​សំដែង ជា​ភ្នាក់ងារ០០៧ លោក​Daniel Craig បា​នរក​វិធី​គ្រប់យ៉ាង​ដើម្បី​ដោះ​គ្រាប់បែក មិនអោយ​ផ្ទុះ។ ក្នុង​ឆាកជីវិត​ពិត លោក​បានសម្រេច​ជ្រើស​យក​ផ្លូវ​ប្រហាក់ ប្រហែល គ្នា​ដែរ គឺ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រាប់មីន។ លោក​Daniel Craig បាន​ប្រាប់ថា គឺ​ដោយសារ​លោក​ធ្លាប់​ទៅ​កម្ពុជា កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ ទើបបានជា​លោក​សម្រេច​ចូលរួម​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រាប់មីន។

ប៉ុន្មាន​ឆ្នាំមុន តារា​ជនជាតិ​អង់គ្លេស​រូបនេះ​បានធ្វើ​ដំណើរ​ទៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា រកមើល​ទីតាំង​ដែលមាន​គ្រាប់មីន ដើម្បី​ថតកុន។ ពេល​ចុះទៅ​ទីនោះ លោក​មានការ​រញ្ជួយ​ចិត្តជា​ខ្លាំង។ លោក​ប្រាប់ថា លោក​ភ័យខ្លាច​ចំពោះ​អាវុធ​នៃ​សង្គ្រាម​ដែល​មិនទាន់​ផ្ទុះ តែ​ក្រោយ​សង្គ្រាម​បិទ​បញ្ចប់ វា​ក៏​នៅមាន​វត្តមាន​នៅឡើយ​នៅ​ទីនោះ ដូចជា​សម្រាម។ លោក​ចេ​ម​ស្ប​ន​ពិបាក​នឹង​ទទួលយក​នូវ​អ្វីដែល​លោក​បានឃើញ​នេះ​ណាស់ លោក​ក៏បាន​គិតដល់​អារម្មណ៍​របស់​ឳ​ពុក​ម្តាយ​កុមារ​កម្ពុជា ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​នេះដែរ។

សម្រាប់៣ឆ្នាំ​ខាងមុខ តារា​ចេ​ម​ស្ប​ន Daniel Craig នឹង​ធ្វើជា​អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ ក្នុង​សកម្មភាព​បោសសំអាត​គ្រាប់មីន។ យោងតាម​អង្គការ​Handicap International គ្រាប់មីន​បាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស៣៣០៨នាក់ ក្នុងនោះ​មាន១០៦៥នាក់​ស្លាប់ ក្នុង​ឆ្នាំ​២០១៣ ៕‏



© រក្សាសិទ្ធិដោយ thmeythmey.com