ជាតិ
ក្រសួង​រ៉ែ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ធ្វើការ​ផ្គត់ផ្គង់​ខ្សាច់​នៅលើ​ទីផ្សារ
18, Apr 2015 , 5:30 pm        
រូបភាព


ក្រសួង​រ៉ែ និង​ថាមពល​បានសម្រេច​ចេញ​អាជ្ញាប័ណ្ណ​ចំនួន២ទៅ​ឲ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ធ្វើការ​បូម​ផ្លូវ​នាវាចរណ៍​ដែល​រាក់ និង​គោក  ព្រមទាំង​អនុញាត​ឲ្យ​ធ្វើការ​ផ្គត់ផ្គង់​ខ្សាច់​ក្នុង​ទីផ្សារ។ គោលដៅ​នៃ​ការផ្តល់​អាជ្ញាប័ណ្ណ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការធ្វើ​នាវាចរ​ផង និង​ដើម្បី​ទាញយក​បរិមាណ​ខ្សាច់​មក​ផ្គត់ផ្គង់ ព្រមទាំង​អាច​រក្សា​តម្លៃ នៅលើ​ទីផ្សារ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល។



បើតាម​សេចក្តី ប្រកាស​ព័ត៌មាន ការសម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​ទាំង២នេះ គឺ​បន្ទាប់​ក្រសួង​ពិនិត្យឃើញថា តម្លៃ​ខ្សាច់​នៅលើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។

«អាជ្ញាប័ណ្ណ​ទី១ ដែល​ក្រសួង​រ៉ែ និង​ថាមពល​ផ្តល់​ឲ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ធ្វើការ​បូម​ផ្លូវ​នាវាចរណ៍​ដែល​រាក់ និង​គោក​នោះ គឺ​ស្ថិតក្នុង​ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម និង​ឃុំ​រកា​កោង ស្រុក​មុខកំពូល​ខេត្តកណ្តាល ដើម្បី​ធានា​ការធ្វើ​នាវាចរណ៍​ពី​ភ្នំពេញ​ទៅ​ខេត្តកំពង់ចាម។ ចំណែកឯ​អាជ្ញាប័ណ្ណ​ទី២ គឺ​ស្ថិតនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក រហូតដល់​ប្រឡាយ​កោះ​កែវ ស្ថិតនៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​ធានា​ការធ្វើ​នាវាចរណ៍​ពី​ក្អម​សំណរ មកកាន់​កំពង់ផែ​ក្រុងភ្នំពេញ»។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល។

ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ការ​បូម​ស្តារ​ផ្លូវ​នាវាចរណ៍​នេះ នឹង​អាច​បញ្ចេញ​បរិមាណ​ខ្សាច់ និង​ល្បាប់​ខ្សាច់​ប្រហែល២ម៉ឺន​ម៉ែត្រត្រីគុណ​ក្នុង១ថ្ងៃ ខណៈដែល​តម្រូវការ​ទៅ​ផ្សារ​ចំពោះ​ខ្សាច់​សំណង់​មាន​ប្រហែល១ម៉ឺន៥ពាន់ ម៉ែត្រត្រីគុណ​ក្នុង១ថ្ងៃ។

«កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក៏មាន​កាតព្វកិច្ច​មួយចំនួន​ទៀតផង​ដែរ ដូចជា​ត្រូវ​បោះបង្គោល ឬ​ពោង​សម្គាល់ កំណត់ព្រំដែន​អាជ្ញាប័ណ្ណ​ឲ្យ​បានច្បាស់លាស់ ហើយ​ប្រតិបត្តិការ​ធនធាន​រ៉ែ ត្រូវធ្វើ​ចាប់ពី​ម៉ោង៥ព្រឹក រហូតដល់​ម៉ោង៨យប់ ដោយ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន ព្រមទាំង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​សហគមន៍​មូលដ្ឋាន​ដែល​អាច​រង​ផលប៉ះពាល់។ បន្ថែម​ពីលើ​ការបង់​សួយ​សារ និង​កាតព្វកិច្ច​សារពើពន្ធ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ត្រូវ​បង់ប្រាក់​ក្នុង​អត្រា០.៤ដុល្លារ ក្នុង១ម៉ែត្រត្រីគុណ​ខ្សាច់ ឬ​ល្បាប់​ខ្សាច់​ចូលក្នុង​ថវិកាជាតិ។ បង់ប្រាក់​ក្នុង​អត្រា០.០២ដុល្លារ​ក្នុង១ម៉ែត្រត្រីគុណ​ខ្សាច់ ឬ​ល្បាប់​ខ្សាច់​ចូលក្នុង​មូលនិធិ​រ៉ែ​ទ្រទ្រង់​អភិវឌ្ឍន៍​សមាគមន៍​មូលដ្ឋាន ព្រមទាំង​ត្រូវ​បង់ប្រាក់​ក្នុង​អត្រា ០.០១ ដុល្លារ​ក្នុង១ម៉ែត្រត្រីគុណ​ខ្សាច់ ឬ​ល្បាប់​ខ្សាច់​ចូលក្នុង​មូលនិធិ​សម្រាប់​ការគ្រប់គ្រង និង​កសាង​សមត្ថភាព​របស់​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល»។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល។

សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ ភា​ក្សា ពិគ្រោះ​យោបល់​ពាក់ព័ន្ធ នឹង​ការផ្គត់ផ្គង់​តម្រូវការ​ខ្សាច់ រវាង ក្រសួង​រ៉ែ​និង​ថាមពល និង​អាជីវករ អាជ្ញាធរ​មូលដ្ឋាន កាលពីដើម​ខែមេសា​កន្ល​ង​ទៅ ក្រសួង​រ៉ែ និង​ថាមពល និង​ក្រុម​អា​ជីរ​ករ​បាន​ឯកភាពគ្នា​ផ្អាក​ការធ្វើ​អាជីវកម្ម​រយៈពេល៣ទៅ៦ខែ ដើម្បី​ទុកពេល​ឲ្យ​ក្រសួង ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​នានា​មុននឹង​សម្រេច​ឲ្យ​ដំណើរការ​អាជីវកម្ម​ឡើងវិញ។ ការសម្រេច​ផ្អាក​នេះ បានធ្វើការ ផ្គត់ផ្គង់​បរិមាណ​ខ្សាច់​នៅលើ​ទីផ្សារ​ថយចុះ ជាហេតុ​ធ្វើ​ឲ្យ​តម្លៃ​ខ្សាច់​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់៕




© រក្សាសិទ្ធិដោយ thmeythmey.com