ជាតិ
តើ​បក្សី «រំពេរ​ទន្លេ» នៅ​កម្ពុជា ​នឹងត្រូវ​ផុត​ពូជ​បន្ទាប់​ឬ ?
20, Apr 2015 , 4:42 pm        
រូបភាព
លិខិតមិត្តអ្នកអាន​
ដោយ៖ ស៊ុយ សេង​លីម
អ្នកមើល​សត្វ​ស្លាប ដែល​ធ្វើការ​ការពារ​សត្វ​ស្លាប​តាមរយៈ​គម្រោង«ការអប់រំ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា»
Email: [email protected]



សកម្មភាព​យឺតយ៉ាវ​ក្នុងការ​ទប់ស្កាត់​ការ​ផុត​ពូជ​សត្វ​កម្រ​ដូចជា​គោព្រៃ សត្វ​រំពេរ​ចំពុះ​វែង-ខ្លី រំពេរ​ពោះ​ខ្មៅ និង​ខ្លាធំ គឺជា​មេរៀន​ជូរចត់​មួយ​ដែល​ត្រូវ​រៀនសូត្រ ដើម្បី​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​កុំ​ឲ្យ​ឈានទៅរក​ការ​ផុត​ពូជ​ពី​ក្នុងប្រទេស​កម្ពុជា។



«រំពេរ​ទន្លេ»ជា​សត្វ​ស្លាប​ដ៏​ស្រស់ស្អាត មាន​ចំពុះ​ពណ៌​លឿង សម្បុរ​ប្រផេះ កន្ទុយ​ឆែក ជើង​ក្រហម ក្បាល​ឆ្នូត​ខ្មៅ ដោយ​ចាប់​ត្រី​ជា​អាហារ ដែល​រស់នៅ​តាម​ដង​ទន្លេ ហើយ​បក្សី​នេះ​មានឈ្មោះ​ទន្លេ​ភ្ជាប់​មកជា​មួយ​ស្រាប់។ វត្តមាន​របស់«រំពេរ​ទន្លេ» បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ចាប់តាំងពី​ឆ្នាំ ២០០៣មក។ តាម​ការកត់ត្រា«រំពេរ​ទន្លេ» ធ្លាប់តែ​រស់នៅ និង​បន្ត​ពូជ​ក្នុង​តំបន់​ទន្លេ​មេគ្គង​ខាងក្រោម​ខេត្តក្រចេះ មកដល់ពេលនេះ​មិនមាន​វត្តមាន​ទៀត​ទេ ហើយ​វា​ឈានទៅរក​ផុត​ពូជ​នៅ​តំបន់​ទន្លេសេសាន​បន្តទៀត។

តាម​ការកត់ត្រា​តាម​ដង​ទន្លេសេសាន​ក្នុង​ឆ្នាំ១៩៩៨ «រំពេរ​ទន្លេ» មាន​ចំនួន៥៣ក្បាល ក្នុង​ឆ្នាំ២០០៣ មាន​ចំនួន ៣៤ក្បាល ក្នុង​ឆ្នាំ២០១០ មាន​ចំនួន០៨ក្បាល និង​ក្នុង​ឆ្នាំ២០១៥ មាន​ចំនួន​តែ០១ក្បាល​ប៉ុណ្ណោះ ។ 
ការធ្លាក់ចុះ​ដូចគ្នានេះដែរ​នៅតាម​ដង​ទន្លេសេកុង «រំពេរ​ទន្លេ» ក្នុង​ឆ្នាំ២០០០ មាន​ចំនួន ៧១ក្បាល ក្នុង​ឆ្នាំ ២០០៣ មាន​ចំនួន​ចន្លោះ​ពី៣៨ ទៅ៤០ក្បាល និង០៨ក្បាល​ដូចគ្នា​ក្នុង​ឆ្នាំ២០១០ និង២០១៥ ។

តាម​ការស្រាវជ្រាវ និង​តួលេខ​ធ្លាក់ចុះ​ពី​វត្តមាន​របស់«រំពេរ​ទន្លេ»នៅ​កម្ពុជា​ខាងលើ បើសិនជា​គ្មាន វិធានការ​បន្ទាន់​ណាមួយ​នោះទេ «រំពេរ​ទន្លេ»នេះ​នឹង​អាចមាន​វាសនា​ដូច​សត្វ«រំពេរ​ចំពុះ​វែង-ខ្លី» «រំពេរ​ពោះ​ខ្មៅ»ដែល​ទទួលរង​ការ​ផុត​ពូជ​រួចទៅហើយ​នៅក្នុង​ប្រទេស​កម្ពុជា។ ចំនួន«រំពេរ​ទន្លេ»ដែលជា​ការប៉ាន់ប្រមាណ​មាន​ចំនួន​តិចជាង១០០ក្បាល​នៅតាម​ដង​ទន្លេ​មេគ្គង​នៅក្នុង​ខេត្តស្ទឹងត្រែង នឹង​ដង​ទន្លេសេកុង។

បញ្ហា​គំរាម​គំហែង​ជា​ចម្បង​ទៅលើ«រំពេរ​ទន្លេ»ត្រូវបាន​អ្នកជំនាញ​ចាត់ទុកថា បណ្តាលមកពី​ការប្រមូល​ពង​ដោយ​ប្រជាពលរដ្ឋ​នៅ​នឹង​មូលដ្ឋាន ភាព​ខ្សត់​នៃ​ចំណីរ​អាហារ«ត្រី»  សត្វ​ក្អែក ឫ​សត្វ​ស្កា ឫ​ពស់​ស៊ី​ពង ឫ​កូន។ កំពស់​ទឹក​ឡើង​ចុះ​នៅតាម​ដង​ទន្លេសេសាន​ដែល​បង្ករ​ឡើង​ដោយ​ទំនប់​វា​រី​អគ្គីសនី​នៅ​ប្រទេស​វៀតណាម​ជា​កត្តា​គំរាម​គំហែង​ដ៏​សំខាន់​មួយ​ផងដែរ​ទៅលើ   «រំពេរ​ទន្លេ» ពីព្រោះ​បក្សី​នេះ​ពង​កូន​នៅតាម​ឆ្នេរ​ខ្សាច់ ពេលដែល​ទឹក​ស្រក។

ទន្ទឹមនឹង​បញ្ហា​ប្រឈម​នេះ យើង​ត្រូវការ​សកម្មភាព​អភិរក្ស​មួយ​ដ៏​រឹងមាំ ដើម្បី​ការពារ​ប្រភេទ​បក្សី​នេះ​ឲ្យ​រួច​ផុតពី​ការ​ដាច់​ពូជ​នៅ​ប្រទេស​កម្ពុជា ហើយក៏​សូម​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ចូលរួម​សម្រាប់​ការពារ«រំពេរ​ទន្លេ» របស់​កម្ពុជា ៕



© រក្សាសិទ្ធិដោយ thmeythmey.com