ជាតិ
បទវិភាគ
ប្រសិនបើ​មានការ​បំបែក​ឯតទគ្គ​កម្ម​ឆ្នាំក្រោយ​មែន សូម​គិតពី «ល្បុក្កតោ»
02, May 2015 , 2:20 pm        
រូបភាព
កីឡាករ​ល្បុក្្កតោ​បង្ហាញ​ក្បាច់​នៅក្នុងព្រឹត្តិការណ៍​អង្ករ​សង្ក្រាន្ត​២០១៥
កីឡាករ​ល្បុក្្កតោ​បង្ហាញ​ក្បាច់​នៅក្នុងព្រឹត្តិការណ៍​អង្ករ​សង្ក្រាន្ត​២០១៥
«ល្បុក្កតោ» គុន​បុរាណ​ខ្មែរ​ដែល​ត្រូវបាន​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រសាទ​អង្គរ និង​ប្រាសាទ​នានា​នោះ ពិតជា​បាន​បង្ហាញថា ក្បាច់គុន​នេះ​មាន​អាយុ​មុន​សម័យអង្គរ​ទៅទៀត។ ជា​កេរដំណែល​នៃ​ដូនតា​របស់​កម្ពុជា​មែន ប៉ុន្តែ​ប្ចុ​ប្បន្ន​នេះ ក្នុងចំណោម​ប្រជាជន​ខ្មែរ​ជិត១៥លាន​នាក់ មានតែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ហ្វឹក​ហាត់គុន​បុរាណ​មួយ​នេះ។ ហើយ​បើ​ធៀប​ទៅនឹង​ប៉ុន្មាន​ឆ្នាំមុន ចំនួន​​អ្នក​ហាត់​ក៏បាន​ថយចុះ​ដែរ នេះ​បើតាម​ការអះអាង​របស់​គ្រូបង្ហាត់​មួយចំនួន។



យោងតាម​ការបញ្ជាក់រ​បស់​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មាន​ក្លិប​ហាត់​ល្បុក្កតោ​ចំនួន១០ នៅ​ភ្នំពេញ ៧ក្លិប​នៅ​ខេត្តសៀមរាប ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ចំនួន​កូន​ខ្មែរ​ដែល​កំពុង​ហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ ទំនងជា​មាន​មិន​លើសពី៧០០នាក់​នោះទេ។ នេះ​បើតាម​ការប៉ាន់ស្មាន​រប​ស់​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ចំណែក​គ្រូបង្ហាត់​ដែល​ត្រូវបាន​ចែកចេញ​ពីរ​ក្រុម គឺ​ក្រុម​គ្រូ​តា និង​ក្រុម​គ្រូ​ជំនាន់​ថ្មី មាន​មិន​លើសពី៧០នាក់​ឡើយ។
វា​ជាការ​ខ្មាសអៀន​មួយ ហើយ​វា​ក៏​ជាការ​ព្រួយបារម្ភ​មួយ​ដែរ ដែល​កម្ពុជា​អាច​បាត់បង់​កេរដំណែល​ដូនតា​មួយ​នេះ ក៏​ព្រោះតែ​ជាតិ​ទាំងមូល​យល់ឃើញ​ដដែល​ថា ល្បុក្កតោ​មិនទាន់​សំខាន់​ដូច​ស្ថេរភាព​សេដ្ឋកិច្ច និង​នយោបាយ ហើយក៏​ប្រហែលជា​វា​ខ្វះ​ផែនការ​ថ្នាក់ជាតិ​មួយ និង​កា​ត្វ​កិច្ច​ដែល​តម្រូវ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ហ្វឹកហាត់ ដើម្បី​ថែរក្សា និង​អភិវឌ្ឍ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ។

ការផ្តើមគំនិត ដែល​បន្ត​ដោយ​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើ​នំអន្សម​យក្ស និង​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន​ដើម្បី​បាន​ឯតទគ្គ​កម្ម​ពិភពលោក វា​ជា​រឿង​ដែល​មិន​នឹកស្មាន​ដល់ តែ​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ​អាចធ្វើ​បាន ដើម្បី​ឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​កម្ពុជា​និយាយ​ជារួម និង​វប្បធម៌​ខ្មែរ​និយាយ​ដោយឡែក។
បើសិនជា​មានការ​ផ្តើម​គំនិត​អំពី​ឯតទគ្គ​កម្ម​ពិភពលោក​លើ​វិញ្ញាសា​ថ្មី​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត ការត្រៀម​បង្ហាញ​គុន​ល្បុក្កតោ គឺជា​វិញ្ញាសា​ដ៏​ល្អ​មួយ​ដែល​គេ​ត្រូវ​ពិចារណា។ ការ​សម្រេចយក​ល្បុក្កតោ ធ្វើជា​វិញ្ញាសា​ឯតទគ្គ​កម្ម នឹង​ផ្តល់ឱកាស​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ​ប្រកាស​ជា​សាធារណៈ​អំពី​ចាប់ផ្តើម​ប្រមូល​អ្នកស្ម័គ្រចិត្ត​ចូល​ហាត់​ល្បុក្កតោ​ដើម្បី​សំដែង​បំបែក​ឯតទគ្គ​កម្ម​ក្បាច់គុន​ពិភពលោក។

កាលពី​ខែមករា​ដើមឆ្នាំ២០១៥នេះ ជនជាតិ​ចិន​ចំនួន ១០០២១នាក់​បាន​សំដែង​បង្ហាញ​ក្បាច់គុន វី​ង​ឈុន (Wing Chun) ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​លើ​សំដែង​ក្បាច់គុន​ទ្រង់ទ្រាយ​ធំជាងគេ​លើ​ពិភពលោក។


ជាការ​ពិត ដើម្បី​បំបែក​ឯតទគ្គ​កម្ម​បង្ហាញ​ក្បាច់គុន​ទ្រង់ទ្រាយ​ធំ​នេះ កម្ពុជា​ត្រូវ​ប្រមូល​អ្នក​បង្ហាញ​ក្បាច់គុន​លើសពី​ចំនួន១០០២១នាក់ ដែល​ជនជាតិ​ចិន​បានរៀបចំ។ ប៉ុន្តែ​កម្ពុជា​ក៏មាន​រយៈពេល​មួយឆ្នាំ​ដើម្បី​រៀបចំ​ផែនការ​ថ្នាក់ជាតិ​រហូតដល់​ថ្ងៃ​ប្រកួត​ក្នុង​រដូវ​កាល​ចូលឆ្នាំ ឆ្នាំក្រោយ​ដែរ។ តើ​មាន​ផលប្រយោជន៍​អ្វីខ្លះ​ពី​ការត្រៀម​វិញ្ញាសា​ល្បុក្កតោ​សម្រាប់​ឯតទគ្គ​កម្ម​ពិភពលោក?
/ វា​នឹង​ផ្តល់ឱកាស​ឲ្យ​អ្នកពាក់ព័ន្ធ​អាច​រៀបចំ​ផែនការ​ថ្នាក់ជាតិ ដែល​នឹង​ក្លាយជា​ចលករ​ចាប់ផ្តើម​បំផុសគំនិត ជំរុញ​ឲ្យ​កូន​ខ្មែរ​ចាប់​ផ្តើមនិយាយ និង​ស្គា​ល់ពី​ល្បុក្កតោ​ខ្មែរ។
២/ ផែនការ​ជាតិ​នឹង​បង្ខំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​សហគមន៍​ល្បុក្កតោ មូល​មី និង​ឯកភាពគ្នា​លើ​ស្តង់ដារ​ក្បាច់គុន​ដែលមាន​កន្លែង​ខ្លះ​ពួកគេ​នៅ​ជំទាស់​គ្នា​នៅឡើយ គ្រាន់​ត្រឹមតែ​ឈ្មោះ​ក្បាច់គុន។
/ ទន្ទឹមនឹង​ការរៀបចំ​ផែនការ​ថ្នាក់ជាតិ​ដែលមាន​គោលដៅ​ប្រមូល​មនុស្ស​យ៉ាងតិច​មួយ​ម៉ឺន​នាក់​ដើម្បី​ហាត់​ក្បាច់គុន​ល្បុក្កតោ​នៅ​ទូទាំងប្រទេស​នោះ គ្រូ​តា និង​គ្រូបង្វឹក​ល្បុក្កតោ​ទាំងអស់​ត្រូវ​រៀបចំ​សៀវភៅ​បង្រៀន​ក្បាច់គុន និង​គរុកោសល្យ​នៃ​ការបង្ហាត់​ក្បាច់គុន​នេះ។
៤/ សកម្មភាព​នៃ​ការរៀបចំ​ទាំងនេះ​នឹង​ផ្តល់​ផលចំណេញ​ជាច្រើន ជាពិសេស​ជា​ឯកសារ​គាំទ្រ នៅពេលដែល​កម្ពុជា​កំពុង​ព្យាយាម​ស្នើ​ចុះឈ្មោះ​ក្បាច់គុន​ល្បុក្កតោ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​នៃ​អង្គការ​យូណេស្កូ
៥/ ផែនការ​ថ្នាក់ជាតិ ឯកសារ​នានា សៀវភៅ​ក្បាច់គុន​ជាដើម ក៏​នឹង​អាច​យកទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា បើសិនជា​ក្រសួង​នេះ​សម្រេច​បញ្ចូល​ការហ្វឹកហាត់​ក្បាច់គុន​ល្បុក្កតោ​ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ​នោះ។

តើ​គួរប្រើ​មធ្យោបាយ​អ្វីខ្លះ​ដើម្បី​ប្រមូល​អ្នក​ហាត់​ក្បាច់គុន​ល្បុក្កតោ?
/ ការប្រកាស​ចុះឈ្មោះ​ជា​សាធារណៈ ដើម្បី​ប្រមូល​អ្នកស្ម័គ្រចិត្ត​ហាត់​ល្បុក្កតោ​ជាមួយ​គ្រូ​ល្បុក្កតោ​ដែលមាន​ស្រាប់ ក៏​ជា​មធ្យោបាយ​​ល្អ​មួយ។ រដ្ឋាភិបាល​អាច​ជាអ្នកទទួលបន្ទុក​ឧបត្ថម្ភ​គ្រូបង្វឹក​
/ រាល់​ឆ្នាំ​ក្រសួង​អប់រំ​នៅតែ​បន្ត​បណ្តុះបណ្តាល​គ្រូ​អប់រំ​កាយ សម្រាប់​ថ្នាក់​វិទ្យាល័យ។ ដូច្នេះ​តាមរយៈ​គ្រូ​អប់រំ​កាយ​នៅតាម​វិទ្យាល័យ​នៅ​ទូទាំងប្រទេស​នោះ​ហើយ ដែល​គេ​ត្រូវ​បញ្ជ្រាប​ល្បុក្កតោ​ឲ្យ​ទៅដល់​សិស្សានុសិស្ស​ហាត់រៀន​នៅ​ម៉ោង​កីឡា ឬ​ម៉ោង​ពិសេស​ណាមួយ។ គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​បង្ហាញថា​ល្បុក្កតោ​គឺ​ក្បាច់គុន​របស់​ជាតិខ្មែរ​នោះ ការប្រមូល​អ្នកស្ម័គ្រចិត្ត​នៅ​ទូទាំងប្រទេស គួរតែមាន​សមាសភាព​ចម្រុះ​ជា មនុស្ស​ប្រុស​ស្រី ក្មេង ចាស់ មនុស្ស​វ័យ​កណ្តាល​ផងដែរ។

យោងតាម​ឯកសារ​ដែល​ត្រូវបាន​ចែក​ផ្សាយ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត២០១៥នេះ ល្បុក្កតោ​ដែល​ត្រូវបាន​ហាត់​ដើម្បី​សុខភាព និង​ដើម្បី​រក្សា​អត្តសញ្ញាណ​ក្បាច់គុន​ដ៏​ចំណាស់​មួយ​នេះ ត្រូវបាន​ចាស់ទុំ​ខ្មែរ​ចាត់ទុកថា ព្រលឹង​ជាតិ និង​តំណាង​វប្បធម៌​ជាតិ​ផង។ ឯកសារ​បន្តទៀតថា ល្បុក្កតោ​ត្រូវបាន​អភិវឌ្ឍ​ចេញពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​កាយវិការ​របស់​ធម្មជាតិ ហើយ​ភាគច្រើន​វា​បាន​បង្កប់ខ្លួន​នៅក្នុង​សិល្បៈ​នានា​របស់​ខ្មែរ​ដូចជា របាំ​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ របាំ​បុរាណ ដែល​បង្កប់​នូវ​ភាព​ស្លូតបូត ទន់ភ្លន់ តែ​រហ័សរហួន និង​មាំទាំ។ តើ​កេរដំណែល ដែល​ដូនតា​បន្សល់ទុក​មកដល់​ពេលនេះ មិនមាន​តម្លៃ​អស្ចារ្យ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ថែរក្សា និង​លើកស្ទួយ​ជាមួយ​មោទកភាព ទេឬ?



© រក្សាសិទ្ធិដោយ thmeythmey.com