ជាតិ
សង្គមជាតិ
រឿង«៣.៥០»នឹងត្រូវ​ចាក់​ប​ញ្ចាំងនៅ​ដើមខែ​មិថុនា ក្រោយ​បាន​ភ្លើង​ខៀវ​ពី​ក្រសួង
23, Apr 2015 , 2:37 pm        
រូបភាព
នៅ​ទីបំផុត​ទៅ​ភាពយន្ត​រឿង«បី​កន្លះ» ឬ«៣.៥០» ដែល​ត្រូវបាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ចាក់ផ្សាយ តាំងពី​ឆ្នាំ២០១៣មក នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ក្នុងប្រទេស​កម្ពុជា​នៅ​ដើមខែ​មិថុនា​ខាងមុខ។ការបញ្ជាក់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត ដែល​ឆ្លុះបញ្ចាំង​ពី​អំពើ​ជួញដូរ​ផ្លូវភេទ​និង​មនុស្ស​ខុសច្បាប់​នៅ​កម្ពុជា​គឺ​បន្ទាប់ពី​មានការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។



ដើមឡើយ​ខ្សែភាពយន្ត​នេះ ត្រូវ​ចាក់​ប​ញ្ជាំ​ង​នៅ​ថ្ងៃទី៣១តុលា​ឆ្នាំ២០១៣ប៉ុន្តែ​បាន​អាក់ខាន​ដោយសារតែ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​មិន​អនុញ្ញាត​ក្រោម​ហេតុផល​ថា ប៉ះពាល់​ដល់​សីលធម៌​និង​សេចក្តី​ថ្លែ​ថ្នូរ​របស់​ស្ត្រី​កម្ពុជា។

លោក ឆាយ បូរ៉ា ផលិតករ​រឿង «៣.៥០»បានបញ្ជាក់​ប្រាប់​សារ​ព័ត៌​មានថ្មីៗនៅថ្ងៃនេះ​ថា ភាពយន្ត​រឿង«៣.៥០» ជា​ភាពយន្ត​​មួយ​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី និង​ការជួញដូរ​ផ្លូវភេទ​ដែល​ធ្លាប់មាន និង​កំពុង​កើត​មាននៅ​កម្ពុជា និង​ចង់​ផ្តល់​សារ​ដល់​ជនរួមជាតិ កុំ​ឲ្យ​ចាញ់បោក​របស់​ជនខិលខូច​មួយចំនួន យកទៅ​ជួញដូរ​ផ្លូវភេទ នៅ​តំបន់​ផ្សេង​នៅ​ភ្នំពេញ និង​តំបន់​ទេសចរណ៍​ផ្សេងទៀត​នៅ​កម្ពុជា។

ផលិតករ​ភាពយន្ត​រូបនេះ បាន​សម្តែង​ក្តីរំភើប​ជាខ្លាំង បន្ទាប់ពី​បានទទួល​ដំណឹង​នេះ។ លោក ថា៖«ខ្ញុំ​សប្បាយចិត្ត​ជាខ្លាំង ព្រោះ​គ្មានអ្វី​ធំ​ជាង​ខ្សែភាពយន្ត​ដែល​យើង​ខំ​ផលិត ដោយ​ចំណាយ​ទាំង​ពេលវេលា លុយកាក់ បាន​ចាក់ផ្សាយ​សាធារណៈ​នោះទេ»។

បើតាម​លោក ឆាយ បូរ៉ា បើទោះបី​ក្រសួង​អនុញាត​ឲ្យ​ចាក់ផ្សាយ​មែន ប៉ុន្តែ​ក្រសួង​តម្រូវ​ឲ្យ​កាត់​នាទី​ចោល​ខ្លះ នៅ​ឈុត​មួយ​នៅក្នុង​សាច់រឿង គឺ​ឈុត«ដេរ​សន្ទះ​ព្រហ្មចារី» មក​នៅត្រឹម១នាទី ដែល​ដើមឡើយ​ឆុត​នេះ មាន​រយៈពេល៣នាទី​នោះ។

យ៉ាងណាក៏ដោយ ផលិតករ​ភាពយន្ត​ដែល​ទទួលជោគជ័យ​ខ្លាំង ក្នុងការ​ផលិតភាព​យ​ន្ត​ឯកសារ«ឃ្លា​តទៅ​សែនឆ្ងាយ» (Lost Loves)រូបនេះ មិន​រំពឹងថា​រឿង»៣.៥០«នេះ នឹង​ទទួលបាន​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា​ឡើយ ដោយ​លោក​លើក​ហេតុផល​ថា យុវជន​បច្ចុប្បន្ន​គេ​ចូលចិត្ត​មើល​តែ​រឿង​បែប​មនោសញ្ចេតនា កំប្លែង ឬ​រឿង​ខ្មោច​ជាដើម។ បើទោះបីជា​យ៉ាងនេះ​ក្តី ម្ចាស់​ផលិតកម្ម​ដើមត្នោត​រូបនេះ ចង់​ឲ្យ​រឿង«៣.៥០» បានដាក់​ប​ញ្ជាំ​ង​នៅតាម​ស្ថានីយទូរទស្សន៍ផងដែរ​ព្រោះ​ការចាក់ផ្សាយ​នៅតាម​ទូរទស្សន៍​អាច​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​បាន​ទស្សនា និង​យល់​ពី​ទិដ្ឋភាព​ដែល​កើតមាន​នៅក្នុង​សង្គម​ខ្មែរ​មួយ​នេះ។

សូមបញ្ជាក់ថា ភាពយន្ត​ដែល​និយាយ​ពី​តម្លៃ​របស់​ក្មេងស្រី​ម្នាក់ ស្មើនឹង​ប្រាក់ ៣.៥០ដុល្លារ ដើម្បី​ទទួលបាន​សេវាកម្ម​ផ្លូវភេទ​ពី​នាង​នេះ ធ្លាប់បាន​ចាក់​ប​ញ្ជាំ​ង​នៅក្នុង​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ី និង​អឺរ៉ុប និង​អាមេរិក​ផងដែរ ដូចជា​ប្រទេស​សិង្ហ​បុរី អេ​ស្ប៉ា​ញ និង​នៅ​សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ផងដែរ៕

ទស្សនាវីដេអូខ្លី




© រក្សាសិទ្ធិដោយ thmeythmey.com