អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​ស៊ី​ល​រុស្ស៊ី​ត្រៀម​លក់​អោយ​ចិន​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​ចិន​ស្លន់ស្លោរ
24, Apr 2015 , 4:26 pm        
រូបភាព

ប៉ុន្មាន​ថ្ងៃមុន គេ​ឃើញ​រុស្ស៊ី​ត្រៀម​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ជួយ​អ៊ីរ៉ង់​ពង្រឹង​វិស័យ​ការពារជាតិ​ខ្លួន​ទប់ទល់​សត្រូវ​នៅ​មជ្ឈិមបូព៌ា។ ពេលនេះ ស្រាប់តែ​ចិន​ប្រកាស​នាំ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ជំនាន់​ថ្មី​ពី​ក្រុង​ម៉ូស្គូ​ផង ដែល​ក្នុង​ក្រសែរ​ភ្នែក​អ្នកវិភាគ​រឿងនេះជា​រឿង​ធម្មតា​ទេ តែ​វា​អាច​ជាការ​គំរាម​កោះ​តៃវ៉ាន់ និង​មហាអំណាច​អាមេរិក​ផង។


ព័ត៌មាន​ថា ចិន​នឹង​នាំចូល​ប្រព័ន្ធ​ការពារ​ដែនអាកាស​ពី​ប្រទេស​រុស្ស៊ី​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​អ្នកវិភាគ និង​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​ពិភពលោក។ ព័ត៌មាន​ជុំវិញ​ការនាំ​ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី​របស់​ក្រុង​ប៉េកាំង​លេចឡើង នៅពេលដែល​រុស្ស៊ី​ប្រកាស​ដក​ការហាមឃាត់​ការនាំ​អាវុធ​ចេញទៅ​កាន់​ប្រទេស​អ៊ីរ៉ង់ និង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប្រភេទ S-300 ទៅ​ទីនោះ​ផង។ ក្រុង​ប៉េកាំង​បានសម្រេច​ចុះកិច្ចសន្យា​ទិញ​សព្វាវុធ​ប្រភេទ​នេះ ពី​រុស្ស៊ី​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ដោយ​រំពឹងថា សព្វាវុធ​នេះ​នឹងត្រូវ​យកមកប្រើ​ប្រាស់​ដើម្បី​ពង្រឹង​ឥទ្ធិពល​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​និង​កំញើញ​រដ្ឋ​ណាមួយ​ដែល​គំរាមកំហែង​ផលប្រយោជន៍​មហា​យក្ស​មួយ​នេះ។ ដំណឹង​នាំចូល​អាវុធ​ពី​រុស្ស៊ី ជា​រឿង​ដែល​គួរអោយ​ព្រួយបារម្ភ​សម្រាប់​តំបន់​តៃវ៉ាន់ ជប៉ុន និង​រដ្ឋ​ដែល​កំពុងមាន​ជម្លោះ​ផ្សេងទៀត​ជាមួយ​ក្រុង​ប៉េកាំង។

ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​ដែល​ចិន​បញ្ជា​ទិញ​នោះ គឺមាន​ម៉ាក S-400 ដែលជា​ប្រភេទ​មី​ស៊ី​ល​ជំនាន់​ថ្មី ទំនើប និង​សាហាវ​ដែល​អាច​កម្ទេច​រាល់​វត្ថុ​ដែល​ហោះហើរ​បានរួម​ទាំង​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង មី​ស៊ី​ល​ច្រើន​ប្រភេទ​ផ្សេងទៀត​ផងដែរ ។ តាម​អ្នកជំនាញ អាវុធ​នេះ​មាន​សន្ទុះ​លឿន​រហូតដល់៤.៨គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​បាញ់​បាន​រយៈ​ចម្ងាយ ៤០០គី​ឡី​ម៉ែត្រ ដែល​នេះ​បញ្ជាក់ថា រាល់​ការគំរាមកំហែង​តាមផ្លូវ​អាកាស​កម្រ​គេច​ផុតពី​អាវុធ​នេះ​ណាស់។ អ្វីដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ បើ​មានការ​ប៉ះទង្គិច​ណាមួយ​កើតឡើង កុំ​រំពឹងថា​យន្តហោះ​ចម្បាំង​ចូលក្នុង​ដី​ចិន​បាន​អោយសោះ។ 
ដោយឡែក​បើតាម​ការ​អោយដឹងពី​សំណាក់​អ្នកជំនាញ​សន្តិសុខ ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ផលិត​នេះដែរ​ពិត​ជាមាន​ឥទ្ធិពល និង​អំណាច​ខ្លាំង​ក្នុងការ​គាំទ្រ​កងកម្លាំង​របស់​ចិន ជាពិសេស​ការពារ​ការ​ឈ្លានពាន ឬ​វាយប្រហារ​ផ្លូវអាកាស​ប្រឆាំង​ចិន​នៅពេល​ណាមួយ​ខាងមុខ។ ដោយសារ​ឥទ្ធិពល​ខ្លាំង​មហិមារ​នៃ​អាវុធ​នេះហើយ ទើបបានជា​ប្រទេស​ដែលមាន​ជម្លោះដែនសមុទ្រ​ជា​ចិន​ដូចជា​តៃវ៉ាន់ ឬ​ជប៉ុន​ជាដើម​ចាប់ផ្តើម​ភ័យព្រួយ។   

តាម​យុទ្ធសាស្ត្រ​យោធា ក្រុង​ប៉េកាំង​ប្រាកដជា​នឹង​ប្រើប្រាស់​អាវុធ​ពិសេស​នេះ ដើម្បី​ពង្រឹង​ការការពារ​ដែន​អធិបតេយ្យ​និង​តំបន់​គ្រប់គ្រង​របស់ខ្លួន​បច្ចុប្បន្ន​ជាពិសេស​នោះ​គឺ​តំបន់​ការពារ​ដែនអាកាស​ដែល​ប្រកាស​ដោយ​ចិន​កាលពី​ឆ្នាំ២០១៣ និង​ការពារ​ដែន​អធិបតេយ្យ​នៃ​ដែន​កោះ​ជម្លោះ សមុទ្រ​ចិន​ខាងកើត​ជាមួយ​ជប៉ុន សេន​កា​គូ និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត។ ម្យ៉ាងវិញទៀត ចិន​ក៏​ប្រហែលជា​នឹង​ពង្រាយ​មី​ស៊ី​ល​ទំនើប​ទាំងនេះ​ទៅកាន់​តំបន់​ដែល​កៀក​កោះ​តៃវ៉ាន់ ដើម្បី​កំញើញ​កោះ​មួយ​នេះ​មិន​អាចធ្វើ​ផ្តេសផ្តាស​ជាពិសេស​ប្រតិបត្តិ​ការការពារ​ដែន​អាកាស​ប្រឆាំង​ខ្លួន។

គួរ​បញ្ជាក់ថា ប្រព័ន្ធ​ការពារ​អាកាស​បស់​រុស្ស៊ី​ក្លាយជា​អាវុធ​ទាក់ទាញ​សម្រាប់​បណ្តា​ប្រទេស​ដែល​កំពុងមាន​ជម្លោះ​និង​មិនមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក។ ក្រោ​ពី​ការបញ្ជាទិញ​អាវុធ S-400របស់​ចិន​ពី​រុស្ស៊ី​អ៊ីរ៉ង់​និង​ស៊ី​រី សុទ្ធតែ​ចង់​ទិញ​អាវុធ​ប្រភេទ S-300 ពី​រុស្ស៊ី​ដែរ​ដើម្បី​ការពារ​ខ្លួន ហើយ​អាវុធ​នេះ​ក៏​ធ្វើអោយ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ដេក​មិន​លក់​បក​មិន​ល្ហើយ​ផង៕


 

© រក្សាសិទ្ធិដោយ thmeythmey.com