អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គេ​មិនអាច​លេងសើច​នឹង​កណ្តា​ប់​ដៃ​ដែក​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទេ
24, Apr 2015 , 7:00 pm        
រូបភាព

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានប្រកាសថា ខ្លួន​បានចេញ​បញ្ជា​អោយ​រៀបចំ​កាត់ទោស​ប្រហារជីវិត​មនុស្ស១០នាក់ ពីបទ​រត់ពន្ធ​គ្រឿងញៀន ក្នុងនោះ​មាន​ជនជាតិ​បារាំង​Serge Atlaouiផងដែរ។ គេ​មិនទាន់​ដឹង​ពីថ្ងៃ​ប្រហារជីវិត​ពិតប្រាកដ​នៅឡើយ។ ប្រមុខ​ការទូត​បារាំង​បាន​ចោទថា តុលាការ​ឥណ្ឌូណេស៊ី មានដំណើរ​ការខុស​ប្រក្រតី។


សូម​ស្តាប់​ការបកស្រាយ​របស់ ព្រំ​សឿន សូលី​ណា




ការប្រកាស​អោយ​រៀបចំ​ប្រហារជីវិត​ជនឧក្រិដ្ឋ​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​បារាំង​បាន​ទទូច​សុំអោយ​ឥណ្ឌូណេស៊ី​ចៀស​មិន​ប្រហារជីវិត​ពលរដ្ឋ​បារាំង Serge Atlaoui។ បារាំង​អង្វរ​ផង គំរាម​ការទូត​ផង តែ​រដ្ឋាភិបាល​លោក​ចូ​កូ​វី​មិនបាន​ភ័យ​ជ្រុះ​សក់​សូម្បី​តែមួយ​សរសៃ​ឡើយ។ ដោយ​ខឹង​នឹង​ភាព​រឹងរូស​របស់​ឥណ្ឌូណេស៊ី​ពេក រដ្ឋមន្ត្រីការបរទេស​បារាំង ឡូ​រ៉ង់ ហ្វា​ប៊ី​យុ​ស បាន​ចោទ​តុលាការ​ឥណ្ឌូណេស៊ី​ថា មានដំណើរ​ការខុស​ប្រក្រតី​ធ្ងន់ធ្ងរ។ បារាំង​ចោទ​ដូច្នេះ ដោយសារ​បារាំង​មិន​ចង់អោយមាន​ការកាត់ទោស​ប្រហារជីវិត បន្ត​មាន​ក្នុង​ពិភពលោក​នេះ។ ម្យ៉ាងទៀត បារាំង​ប្រហែល​ជឿ​ដែរ​ថា ពលរដ្ឋ​ខ្លួន​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​ឥណ្ឌូណេស៊ី​ទេ។

ជនជាតិ​បារាំង ឈ្មោះ​Serge Atlaouiអាយុ៥១ឆ្នាំ ជាជាង​ផ្សា​ដែក អាច​នឹងត្រូវ​ឥណ្ឌូណេស៊ី​បាញ់ប្រហារ​ជីវិត​ក្នុង​សប្តាហ៍ក្រោយៗនេះ។ គាត់​ជាប់ពន្ធនាគារ១០ឆ្នាំ​មកហើយ។ ក្នុង​ឆ្នាំ២០០៥ គាត់​បានមក​ដល់​ឥណ្ឌូណេស៊ី ដើម្បី​ផ្សា​ដែក​ក្នុង​រោងចក្រ​មួយ សម្រាប់​រយៈពេល១សប្តាហ៍។ Serge Atlaouiប្រាប់ថា គាត់​ងឿងឆ្ងល់​ព្រោះ​បាន​ឃើញថា រោងចក្រ​នោះ​មាន​កន្លែង​ហាមឃាត់​ច្រើន និង​មាន​កន្លែង​ចេញចូលចម្លែក។ គាត់​ក៏​សម្រេចចិត្ត​ត្រលប់​ទៅ​បារាំង​វិញ តែ​ដោយ​ខ្វះ​លុយ​ទិញ​សំបុត្រ​យន្តហោះ គាត់​ក៏​បន្ត​ធ្វើការ​ក្នុង​រោងចក្រ​នោះ​យកលុយ​សិន។ គាត់​អះអាងថា មិនបាន​ដឹងថា រោងចក្រ​ផលិត​គ្រឿងញៀន​ទេ។ ប៉ូលិស​បាន​ចុះទៅ​ចាប់​មនុស្ស​នៅ​រោងចក្រ ហើយ​ជនជាតិ​បារាំង​បាន​រង​ការចោទប្រកាន់ថា ជា​ជន​សំខាន់​ក្នុង​បណ្តាញ​គ្រឿងញៀន។ យោងតាម​រដ្ឋាភិបាល​បារាំង ការកាត់ទោស​លោក​Serge Atlaouiបាន​ប្រព្រឹត្តទៅ​លឿន​ហួសពេក ដូច្នេះ​ជាការ​កាត់ក្តី​ដោយ​ភ័ន្តច្រឡំ។

ភ័ន្តច្រឡំ រឺ​មិន​ភ័ន្តច្រឡំ ឥណ្ឌូណេស៊ី​បាន​ច្រានចោល​ការសុំ​លើកលែងទោស​ពី​ជនជាប់ចោទ និង​បានសម្រេច​ថា​ត្រូវតែ​ប្រហារជីវិត​តាម​ការគ្រោងទុក។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​របស់លោក​ចូ​កូ​វី ត្រូវបាន​គេ​ដឹងថា មិន​ងាយ​ទន់ជ្រាយ លើកលែងទោស​ជនជាប់ចោទ​ក្នុង​បទឧក្រិដ្ឋ​គ្រឿងញៀនស្រួលៗឡើយ។ ជាក់ស្តែង កាលពី​ថ្ងៃ១៨មករា អ្នកទោស៦នាក់ ក្នុងនោះ​មាន៥នាក់​ជា​ពលរដ្ឋ​បរទេស មកពី​វៀតណាម ប្រេ​ស៊ី​ល ម៉ាឡាវី នី​ហ្សេ​រី​យ៉ា និង​ហូ​ឡង់ ត្រូវបាន​ឥណ្ឌូណេស៊ី​បាញ់ប្រហារ​ជីវិត។ ក្រុង​ចា​កាតា​មិនបាន​ស្តាប់​ពាក្យ​អង្វរក​របស់​រដ្ឋាភិបាល​ជនបរទេស​ទាំង​នោះទេ។ ប្រធានាធិបតី​ចូ​កូ​វី​ធ្លាប់​លើកឡើង​រួចហើយ​ថា ឥណ្ឌូណេស៊ី​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​គ្រឿងញៀន ដោយសារតែ​តាម​តួលេខ ក្នុងមួយថ្ងៃៗ មាន​យុវជន​ឥណ្ឌូណេស៊ី​ជាង១០នាក់ ស្លាប់​ដោយសារ​គ្រឿងញៀន។

បារាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​តិច​តួ​ូ​ច​ជាមួយ​ឥណ្ឌូណេស៊ី នាំ​ផលិតផល​ឥ​ណ្ដូ​ណេ​ស៊ី​ចូល​ត្រឹមតែ០,៣ភាគរយ តែ​បែរជា កាលពី​ថ្ងៃ​ពុធ ហ៊ាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ឥ​ណ្ដូ​ណេ​ស៊ី​អោយទៅ​ជួប​រឿង​សុំ​លើកលែងទោស​ជនជាប់ចោទ​គ្រឿងញៀន។ បារាំង​ស្មានថា អាច​គំរាម​ការទូត​ឥ​ណ្ដូ​ណេ​ស៊ី​បាន​ស្រួល​តែ​ពិតជា​មិន​ងាយ​ទេ!!!  គ្រាន់តែ​ប្រធានាធិបតី​បារាំង​ចេញមុខ​ផ្ទាល់ កាលពី​ថ្ងៃ​ពុធ សុំអោយ​លើកលែងទោស​ប្រហារជីវិត​ដល់​ពលរដ្ឋ​ខ្លួន​ភ្លាម ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាល​លោក​ចូ​កូ​វី​ក៏​ប្រកាស​ភ្លាម​ដែរ​ថា ចេញ​បញ្ជា​រួចរាល់​ហើយ​អោយ​ត្រៀម​រៀបចំ​ប្រហារជីវិត​ជនជាប់ចោទ។ កុំថាឡើយ​បារាំង​ដែល​គ្មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធុំដុំ​ជាមួយ​ឥ​ណ្ដូ​ណេ​ស៊ី កន្លងមក សូម្បីតែ​អូស្ត្រាលី​ដែល​មានគុណ​ផ្តល់ជំនួយ​អភិ​វ​ឌ្ឈ​ន៍​ដល់​រដ្ឋាភិបាល​ចា​កាតា ក៏​មិន​អាចធ្វើ​អ្វី​កើត​ផង ដើម្បី​សុំអោយ​ពលរដ្ឋ​ខ្លួន២រូប​បាន​រួច​ផុតពី​ការប្រហារជីវិត។ បើ​អូស្ត្រាលី​ដៃ​ដែក​ក្នុង​រឿង​អន្តោប្រវេសន៍​អន្តរជាតិ ឥណ្ឌូណេស៊ី​ក៏​ចង់​ប្រាប់​វិញ​ថា ឥណ្ឌូណេស៊ី​ក៏មាន​ដៃ​ដែក​អនុវត្ត​ច្បាប់​គ្រឿងញៀន​ចំពោះ​ជនបរទេស​ដូចគ្នា​ដែរ។

រដ្ឋាភិបាល​លោក​ចូ​កូ​វី​ថា​ម៉ាត់​ណា គឺ​ម៉ាត់​នុង​ហើយ មិនអាច​បក​ក្រោយ​ទេ។ ទាល់​តែមានៈ​ម៉ឹងម៉ាត់​បែបនេះ ទើប​ប្រជាជន​ក្នុងស្រុក​កាន់តែ​ពេញចិត្ត។ យោងតាម​ការ​ស្ទាបស្ទង់​មតិ​ចុះផ្សាយ​ក្នុង​ខែ​មិនា​កន្លងទៅ ប្រជាជន​ឥណ្ឌូណេស៊ី​ជាង៨៤ភាគរយ បាន​គាំទ្រ​អោយ​កាត់ទោស​ប្រហារជីវិត​ជនឧក្រិដ្ឋ​គ្រឿងញៀន។ បើ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​ក្នុងស្រុក​កាន់តែ​មាន​ច្រើន គេ​ប្រហែលជា​មិន​ងាយ​ប្តូរ​ជំហរ​លោក​ចូ​កូ​វី​បានទេ ទោះជា​ព្រះឥន្ទ​ចុះ​ពីលើ​មេឃ​មក​អង្វរ​ក៏ដោយចុះ៕



© រក្សាសិទ្ធិដោយ thmeythmey.com