ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូរទស្សន៍ «ព្រះអាទិត្យ» នឹង​លេចចេញ​ជា​រូបរាង​មុន​ដំណាច់​ឆ្នាំនេះ
24, Apr 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ

 
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បានបញ្ជាក់​ជាថ្មី​ថា ទូរទស្សន៍ «ព្រះអាទិត្យ» របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លេចចេញ​ជា​រូបរាង​ច្បាស់លាស់​នៅមុន​ខែធ្នូ ឆ្នាំ២០១៥នេះ។



ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី ២៣ មេសា លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ៖«យើង​នឹង​ខិតខំ​ឲ្យ​បាន​លឿន​ជាទីបំផុត យ៉ាងយូ​ណាស់​ដាច់​ឆ្នាំនេះ ប៉ុន​សង្ឃឹមថា​អាច​មុន មុន​ខែ១២ (ធ្នូ) មិនទាន់​ហ៊ាន​បញ្ជាក់​ទេ ប៉ុន្ដែ​អាច​នឹង​ធ្វើបាន ហើយនឹង​ខិតខំ»។

លោក សម រង្ស៊ី បាន​បញ្ជាក់ថា៖«ចាប់ពី​ខែក្រោយ​ទៅ ខែឧសភា មាន​ក្រុមហ៊ុន​មួយ​នឹង​បើក​ឲ្យ​សាធារណៈជន ចូល​ជា​ម្ចាស់​ភាគហ៊ុន ភាគហ៊ុននីមួយៗគឺ​តម្លៃ១ពាន់​ដុល្លារ ដូច្នេះ​បងប្អូន​ក្នុង​គ្រួសារ ប្រមូល១ពាន់​ដុល្លារ​បាន គឺ​ទិញ​ភាគហ៊ុន​មួយ ដែល​នឹង​គ្រប់គ្រង មាន​ឥទ្ធិពល​នៃ​ការរៀបចំ​កម្មវិធី​នៃ​ទូរទស្សន៍ «ព្រះអាទិត្យ» នេះ។ ហើយ​យើង​នឹង​ប្រមូល៣លាន ដុល្លារ គឺ៣ពាន់​ភាគហ៊ុន»។

កន្លងមក​លោក សម រង្ស៊ី បញ្ជាក់ថា ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ​គឺ​នឹង​អាច​ផ្សព្វផ្សាយ​គំនិត លើកតម្កើង​វប្បធម៌​សន្ទនា ដើម្បី​ឲ្យ​វប្បធម៌​សន្ទនា​ចាក់​ឬ​ស ចាក់​គល់​ទៅ ហើយ​នាំមក​នូវ​ផ្លែផ្កា។ ហើយ​លោក​ជឿជាក់ថា ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​កត្តា​មួយ​ដ៏​សំខាន់ ដើម្បី​ជួយ​ឲ្យ​ប្រជារាស្ត្រ​យល់​ពី​ស្ថានការណ៍ ចេះ​វិនិច្ឆ័យ​ត្រឹមត្រូវ ចំពោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com