កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiaoនឹង​ទទួល​ជាង២លាន​ដុល្លារ​ពី​ការផ្សាយពាណិជ្ជកម្ម​លើ​ខោខ្លី​ពេល​ប៉ះ​ជាមួយ​Floyd
24, Apr 2015 , 8:00 pm        
រូបភាព
ដោយ:

កីឡាករ​Manny Pacquiaoអ្នក​ប្រដាល់​ជនជាតិ​ហ្វីលីពីន​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ប្រមាណ​ជា២,២៥លាន​ដុល្លារ​ពី​ការលក់​ទីតាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ខោខ្លី​សម្រាប់​ស្លៀក​ក្នុង​ថ្ងៃ​ប្រកួត​ជាមួយ​កីឡាករ​Floyd Mayweatherនៅ​ថ្ងៃទី២ខែឧសភា​ខាងមុខនេះ។



លោក​Eric Pineda អ្នកគ្រប់គ្រង​ផ្នែក​អាជីវកម្ម​របស់​កីឡាករ​Pacquiaoបាន​ប្រាប់​World Boxing Newsថា​រហូតមក​ដល់ពេលនេះ​មាន​ក្រុមហ៊ុនធំៗចំនួន​ប្រាំមួយ​បាន​ដេញថ្លៃ​ដើម្បី​ដាក់​ស្លាក​សញ្ញា​របស់​ពួកគេ​នៅលើ​ខោខ្លី​របស់​Pacquiao។

លោក​បាន​បញ្ជាក់ថា​តម្លៃ​នៃ​ទីតាំង​ផ្សាយពាណិជ្ជកម្ម​នៅលើ​ខោខ្លី​លើក​នេះ​គឺ​ខុសពី​លើក​មុន​ព្រោះថា​នេះ​គឺជា​ការប្រកួត​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប្រដាល់​ដែល​គេ​រំពឹងថា​អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់រង្វាន់​រហូតដល់៤០០លាន​ដុល្លារ។

កាលពី​ការប្រកួត​ចុងក្រោយ​របស់​Pacquiaoជាមួយ​Chris Algieriខោខ្លី​របស់​Pacquiaoមាន​ដាក់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​កាហ្វេ​Puroក្រុមហ៊ុន​អាកាសចរណ៍​AirAsia.com និង​ក្រុមហ៊ុន​ទំនិញ​LBC បន្ថែម​ពីលើ​ខោខ្លី​របស់​ក្រុមហ៊ុន Nike របស់គាត់។

ការប្រកួត​នៅ​ថ្ងៃទី២ខែឧសភា​នោះ​គឺ​នឹងត្រូវ​ធ្វើឡើង​នៅ​សង្វៀន​MGM Grand Garden Arenaដែលមាន​កន្លែង​អង្គុយ​ចំនួន១៦៥០០ហើយ​គេ​បាន​ប៉ាន់​ស្មាន់ថា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​នឹង​ទទួលបាន​ចំណូល៧៤លាន​ដុល្លារ​ពី​ការលក់​សំបុត្រ។លើសពីនេះ​ទៀត​សម្រាប់​ការផ្សាយ​បន្ត​ផ្ទាល់​គឺ​នឹងត្រូវ​ចំណាយ៩៩ដុល្លារ​សម្រាប់​ការផ្សាយ​បន្ត​ជា​រូបភាព​HD
ហើយ​ត្រូវគេ​រំពឹងថា​នឹង​ទទួលបាន​ចំណូល​រាប់រយ​លាន​ដុល្លារ​បន្ថែមទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com