អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បណ្តា​រដ្ឋ​អាមេរិក​ខាងត្បូង​មើលឃើញ រុស្ស៊ី​ល្អ​ជាង​សហរដ្ឋអាមេរិក
24, Apr 2015 , 8:35 pm        
រូបភាព

ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​ភាគច្រើន​មិនសូវមាន​ចំណង​ទំនាក់ទំនង​ល្អជា​មួយ​ក្រុង​វ៉ាស៊ីនតោន​ឡើយ ព្រោះ​តាំងពីដើម​មក​សហរដ្ឋអាមេរិក​តែងតែ​លូកដៃ​ចូល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ទាំងនោះ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះដែរ​ប្រទេស​រុស្ស៊ី​ដែល​កំពុង​ប្រឈម​ជាមួយ​អាមេរិក​រឿង​អ៊ុយ​ក្រែ​ន ព្យាយាម​ចែរ​ចូ​វរ​ដ្ឋ​អាមេរិក​ខាងត្បូង ហើយ​រដ្ឋ​អាមេរិក​ខាងត្បូង​ទាំងនោះ​សម្លឹង​ឃើញ​រុស្ស៊ី​ជា​មិត្ត​ល្អ​ជាង​សហរដ្ឋ​មេ​រិ​ក។


ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី ប្រមុខរដ្ឋ​អា​ហ្ស​ង់​ទីន​លោកស្រី Cristina Kirchner បានលើកឡើង​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​អាមេរិក​ខាងត្បូង​ជាពិសេស​ប្រទេស​លោកស្រី ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។ លោកស្រី​បាន​សង្កត់ធ្ងន់ថា ការលើកឡើង​កន្លងមក​របស់​បណ្តា​ប្រទេស​លោកខាងលិច​ដែលថា​រុស្ស៊ី​ជា​គ្រោះថ្នាក់ មិនគួរ​រាប់រក នោះ​ជា​រឿង​មិន​សម​ហេតុផល​នោះឡើយ។

ប្រធាន​ធិបតី​អា​ហ្ស​ង់​ទីន​នេះ​បាន​ប្រៀបធៀប ការចោទប្រកាន់​រុស្ស៊ី​ថា​ជាការ​គំរាមកំហែង​មួយ​ទៅនឹង​វត្តមាន និង​ឥទ្ធិពល​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​អាមេរិក​ឡាទីន ដូច​លោកស្រី​ចោទ​ជា​សំណួរ​ថា បើសិន​ចាត់ទុក​រុស្ស៊ី​ជា​គ្រោះថ្នាក់ ហេតុអ្វី​បានជា​គេ​មិន​ព្រួយបារម្ភ​ចំពោះ​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​ផង។  ក្រៅពីនេះ ស្ត្រី​ជើង​ខ្លាំង​រូបនេះ​ក៏បាន​លើកឡើង​ពី​បញ្ហា​ស្តង់ដា​ពីរ​ជាន់​ដែល​កំពុង​កើតឡើង​នៅលើ​ពិភពលោក​ដែល​មហាអំណាច​មួយចំនួន​កំពុង​ប្រើប្រាស់ នាពេល​បច្ចុប្បន្ន​ផងដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​លើក​នេះ មេដឹកនាំ​អា​ហ្ស​ង់​ទីន​និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ឯកភាព​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ជាច្រើន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែល៣ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​វិនិយោគ​វិស័យ​ថាមពលនុយក្លេអ៊ែរ​មាន​ទំហំ ២ពាន់​លាន​ដុល្លារ​ដោយ​រុស្ស៊ី​ជួយ​អា​ហ្ស​ង់​ទីន​សង់​រោងចក្រ​ផលិត​ថាមពលបរមាណូ និង​កិច្ចព្រមព្រៀង​រុករក​ឧស្ម័ន​និង​ប្រេង​ទំហំ ១ពាន់​លាន​ដុ​លា្ល​រ​ផ្សេងទៀត។

ចាប់តាំងពី​មាន​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង ទឹកដី​អាមេរិក​ឡាទីន​នេះ​បាន​ក្លាយជា​ទិសដៅ​សម្រាប់​ការពង្រឹង​ចំណង​ការទូត និង​ពង្រីក​ឥទ្ធិពល​របស់​រុស្ស៊ី ដូចដែល​ឃើញស្រាប់​កាលពី​ខែ​មិនា លោក ពូ​ទីន បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​ខ្លួន​ទៅកាន់​អាមេរិក​ឡាទីន​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ប្រទេស​ទាំងនោះ​ផង។ តាមពិតទៅ​ក្រៅពី​អា​ហ្ស​ង់​ទីន ប្រទេស​អាមេរិក​ឡាទីន​ផ្សេងទៀត​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ស្ទើរ​គ្រប់​វិស័យ ក្នុងនោះ​មាន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា គុយបា បូ​លី​វី អេ​ក្វា​ឌ័​រ អ៊ុយ​រ៉ា​ហ្កា​យ ប្រេ​ស៊ី​ល នី​កា​រ៉ា​ហ្កា ក្វា​តេ​ម៉ា​ឡា កូ​ឡុំ​ប៊ី។វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​តាំងពី​យូរយារ​ណាស់​មកហើយ​មិនមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ទេ ហើយ​ប្រទេស​ទាំងពីរ​នេះជារឿយៗតែងមាន​បញ្ហា​ប្រឈម​ផ្នែក​ការទូត ដោយ​រដ្ឋ​សង្គមនិយម​នេះ​ចោទ​អាមេរិក​ថា​ជា​អ្នកបង្ក​បញ្ហា​សន្តិសុខ និង​ព្យាយាម​ផ្តួលរំលំ​របប​សង្គមនិយម​នៅក្នុង​ប្រទេស​ខ្លួន​ផង។ ចំណែក​បូ​លី​វី ក៏​តែង​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដូចគ្នា​ដែរ​ដោយសារតែ​អាមេរិក​ចេះតែ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​នេះ។ 

គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក អាមេរិក​នៅតែ​ជា​ប្រទេស​ដែល​ដាក់ទុន​វិនិយោគ​ច្រើនជាងគេ​នៅក្នុង​តំបន់​អាមេរិក​ខាងត្បូង ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មហាអំណាច​ពិភពលោក​ដែលជា​ដៃគូ​ប្រជែង​អាមេរិក​ដូចជា មហា​យក្ស​ចិន​និង​រុស្ស៊ី​ក៏​ចាប់អារម្មណ៍​តំបន់​ដែល​អាមេរិក​កំពុង​រកស៊ី​ដូចគ្នា​ដែរ។ ដោយសារ​បរិបទ​សេដ្ឋកិច្ច​ផ្លាស់ប្តូរ​ផង ហើយ​បញ្ហានយោបាយ និង​ប្រវត្តិសាស្ត្រ​ដែល​ធ្វើអោយ​ទំនាក់ទំនង​អាមេរិក​និង​រដ្ឋ​អាមេរិក​ឡាទីន​មួយចំនួន​ល្អក់​ករក​ផង​នោះបាន​ជំ​រុញអោយ​ប្រទេស​ទាំងនោះ​ចាំបាច់​ងាក​រក និង​សហការ​ជាមួយ​គូប្រជែង​អាមេរិក​វិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com