អន្តរជាតិ
​រញ្ជួយ​ដី​នេ​ប៉ាល់​ដែលមាន​អ្នក​ស្លាប់​កើន​ជិត​២០០០នាក់​ជាហេតុ​ការណ៍​ដែល​គេ​អាច​ដឹង​ទុកជាមុន
26, Apr 2015 , 9:57 am        
រូបភាព
ដោយ:
គ្រោះរ​ញ្ជួ​​យ​ដី​កម្រិត៧,៨រ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ​នេ​ប៉ាល់ ថ្ងៃ​សៅរ៍​ម្សិលមិញ មិនមែនជា​ហេតុការណ៍​ដែល​គេ​មិនអាច​ដឹង​មុន​ទេ។ មុន​កើតមាន​ហេតុការណ៍​ម្សិលមិញ ប្រជាជន​នេ​ប៉ាល់ ក៏ដូចជា​អ្នកជំនាញ​ផ្នែក​រញ្ជួយ​ដី សុទ្ធតែ​ធ្លាប់​ដឹង​រួចហើយ​ថា នេ​ប៉ាល់​អាច​នឹង​ប្រឈម​គ្រោះ​រញ្ជួយ​ដី ក្នុងពេលឆាប់។ តាម​តួលេខនៅព្រឹក​ថ្ងៃអាទិត្យនេះ ចំនួន​អ្នក​ស្លាប់​កើន​ដល់​ជាង​១៨០០នាក់​ហើយ។



សារព័ត៌​មានបារាំង Le Monde បាន​ចុះផ្សាយ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា Kunda Dixit ជា​នាយក​និពន្ធ​សារព័ត៌មាន​Nepali Times ធ្លាប់បាន​ប្រាប់​កាលពី​ខែធ្នូ​ចុងឆ្នាំ​មុននេះ​ថា គ្រោះ​រញ្ជួយ​ដី​កើតមាន​នៅ​នេ​ប៉ាល់ រៀងរាល់៥០ឆ្នាំ​ម្តង។ គាត់​ថែមទាំង​រំពឹង​ទៀតថា វា​នឹង​កើតឡើង​ក្នុងពេលឆាប់ៗជាថ្មីទៀត។

ក្នុង​ប្រវត្តិសាស្ត្រ នេ​ប៉ាល់​ធ្លាប់​រងគ្រោះ​រញ្ជួយ​ដី​ច្រើនលើក​មកហើយ។ កម្រិត​រ៉ិ​ច​ទ័​រ​ធ្ងន់​ជាងគេ គឺមាន​ដល់​ទៅ៨,២ កើតឡើង កាលពី ឆ្នាំ១៩៣៤ សម្លាប់​មនុស្ស​ពី១ម៉ឺន​ទៅ២ម៉ឺន​នាក់។ ក្រោយមកទៀត ក្នុង​ឆ្នាំ១៩៨៨ គ្រោះ​រញ្ជួយ​ដី​កម្រិត​រ៉ិ​ច​ទ័​រ ៦,៩ បាន​វាយប្រហារ ជាថ្មីទៀត សម្លាប់​មនុស្ស១៥០០នាក់។ គ្រោះ​រញ្ជួយ​ដី​កម្រិត​រ៉ិ​ច​ទ័​រ៧,៨ ថ្ងៃ​សៅរ៍​ម្សិលមិញ អាច​នឹង​ធ្វើអោយ មនុស្ស​ស្លាប់ រាប់ពាន់នាក់​បាន។ ដោយសារ​គ្រោះ​រញ្ជួយ​ដី​សុទ្ធ​តែមាន​កម្រិតធ្ងន់ ការខូចខាត​ក៏មាន​លក្ខណៈ​ធ្ងន់​តាម​នោះដែរ។ មិន​ត្រឹមតែ មនុស្ស​សន្ធឹកសន្ធាប់​ទេ ដែល​បាត់​បង់ជីវិត ទីកន្លែង​នានា ជាក់ស្តែង​ម្សិលមិញ ទីកន្លែង​ប្រវត្តិសាស្ត្រ​ដ៏​ល្បី ដូចជា​រាជវាំង Hanuman Dhokka រឺក៏​អគារ​Bhimsen ត្រូវបាន​បាក់ស្រុត​ខូចខាត​អស់។ គ្រោះមហន្តរាយ​នេះ​ក៏បាន​ធ្វើអោយ​អ្នក​ឡើង​ភ្នំ​Everest មួយចំនួន​បាត់បង់​ជីវិត​ដែរ។

គ្រោះ​រញ្ជួយ​ដី​ម្សិលមិញ​នេះ​កើតឡើង​ចំពេល​បាយ​ថ្ងៃត្រង់ ចំ​ថ្ងៃ​សៅរ៍ ជា​ថ្ងៃ​ដែល​ប្រជាជន​មិន​ធ្វើការ ក្មេងៗមិន​ទៅ​រៀន។ មនុស្សម្នា​បានចេញ​ទៅ​លំហែកាយ​ក្រៅ​ផ្ទះ ដូច្នេះ​មនុស្ស​ច្រើន​នាក់ បាន​រត់​ចៀស​ផុតពី​មហន្តរាយ។ បើ​ហេតុការណ៍​នេះ​កើត​ចំ​ថ្ងៃ​ធ្វើការ​ធម្មតា នេ​ប៉ាល់​អាច​នឹង​ដុនដាប​ខ្លាំង​ជាង​នេះ៕





© រក្សាសិទ្ធិដោយ thmeythmey.com