សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រជាជន​នេ​ប៉ាល់៖ «ពួកយើង​កំពុង​ឃ្លាន​ខ្លាំង»
30, Apr 2015 , 5:24 pm        
រូបភាព
ដោយ: ថ្មីៗ

អ្នកស្លាប់​នៅក្នុង​គ្រោះថ្នាក់​រញ្ជួយ​ដី​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​កើន​ឡើងដល់​ប្រហែល ៦០០០នាក់​គិត​ត្រឹម​ថ្ងៃនេះ ចំណែក​អ្នករបួស​កើនឡើង​ជាង១ម៉ឺន​នាក់។ បច្ចុប្បន្ន​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​នៅតែ​បន្ត ប៉ុន្តែ​អ្វីដែល​គេ​ព្រួយបារម្ភ​បំផុត​នោះ​គឺ​ប្រជាជន​នេ​ប៉ាល់​កំពុង​ប្រឈម​ភាពអត់ឃ្លាន​ខ្លាំង ព្រោះតែ​ខ្វះ​ស្បៀង។ គេ​កំពុងដ​ង្ហើ​យ​សុំ​ជំនួយ​មនុស្សធម៌​បន្ថែម​អោយបាន​ឆាប់រហ័ស​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​នេ​ប៉ាល់​នៅ​តំបន់ឆ្ងាយ។



ក្រុមគ្រួសារ​ប្រជាជន​នេ​ប៉ាល់​ជាច្រើន​កំពុង​រស់នៅ​ភាពលំបាក​វេទនា ក្រោយ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត៧.៨រ៉ិ​កទ័រ​កាល ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន។  ខណៈពេលដែល​ចលនា​ជួយសង្គ្រោះ និង​រុករក​ជនរងគ្រោះ​នៅតែ​បន្ត​យ៉ាង​សស្រាក់សស្រាំ ការ​កង្វះខាត​ស្បៀង​បាន​ក្លាយជា​កង្វល់​សម្រាប់​នេ​ប៉ាល់។ រឿងរ៉ាវ​មួយ​ដែល​គួរអោយ​រន្ធត់​និង​ខ្លោចចិត្ត​នោះ គឺ​ស្ត្រី​ក្មេង​ចាស់​នេ​ប៉ាល់ រួមជាមួយក្មេងៗដែលជា​ជនរងគ្រោះ​មាន​ទឹកមុខ​ស្លេកស្លាំង​និង​គ្មាន​កម្លាំងកំហែង បាន​ស្រែក​ទ្រ​ហ៊​រយំ​ពេល​ឃើញ​អ្នក​ចែកចាយ​ជំនួយ​មនុស្សធម៌​មកដល់ ហើយ​ពួកគេ​ថ្លែងប្រាប់​អ្នកស្ម័គ្រចិត្ត​ទាំងនោះ​ថា «ពួកយើង​ឃ្លាន​ខ្លាំងណាស់»។

កង្វះខាត​ស្បៀង​និង​ថ្នាំសង្កូវ រួមទាំង​ទឹក​បរិភោគ កើតមានឡើង​ភាគច្រើន​នៅ​តំបន់​ដែល​ដាច់ស្រយាល និង​តំបន់ភ្នំ​ដែល​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​គេ ហើយ​ក្រុម​សង្គ្រោះ​ពី​បាក​ចូល​ទៅដល់​ទៀត។ ប្រហែល​ស្ថានភាព​លំបាក​វេទនា​នេះ អាច​នឹង​ធ្វើអោយ​ប្រជាជន​នេ​ប៉ាល់​ខ្លះ​ដែល​កំពុង​រងរបួស​និង​មាន​បញ្ហា​សុខភាព​ស្រាប់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​និង​ស្លាប់​ផង​ក៏​ថា​បាន។
នៅ​ភូមិ​មួយ​ដាច់​ស្រ​យ៉ា​ល​ឈ្មោះថា Gumbaមាន​មនុស្ស​ស្លាប់​ប្រហែល ៥នាក់ ប៉ុណ្ណោះ ប៉ុន្តែ​ប្រជាជន​ឯទៀត​នៅ​រស់រានមានជីវិតរ​ស់​នៅ​គ្មាន​ជម្រក ហើយ​ប្រឈម​កង្វះខាត​ស្បៀង​ថែមទៀត។ ផ្ទះសម្បែង​ពួកគេ​ត្រូវបាន​បំផ្លិចបំផ្លាញ​ពេល​រលក​រញ្ជួយ​កើតឡើង ហើយ​ពួកគេ​កំពុង​ត្រូវការ​ជម្រក​បណ្តោះអាសន្ន​សិន។ ប្រជាជន​ទាំងនោះ​បានទទួល​អំណោយ​ជា​ស្បៀងអាហារ ៤០គីឡូក្រាម​សម្រាប់​បរិភោគ​សិន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ យ៉ាងណាមិញ ការលំបាក​ក្នុងការ​ធ្វើដំណើរ​ទៅដល់​របស់​អ្នក​ចែកចាយ​ស្បៀង អាច​នឹង​ធ្វើអោយ​ពួកគេ​ធ្លាក់​ក្នុងស្ថានភាព​អត់ឃ្លាន។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ ចំពោះ​បញ្ហា​កង្វះខាត​ស្បៀង​នេះដែរ ព្រោះ​ក្រុម​នាំ​ជំនួយ​មនុស្សធម៌​កំពុង​ប្រឈម​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​តំបន់ភ្នំ​និង​តំបន់​ដាច់​ស្រ​យ៉ា​ល។ ឧទ្ធម្ភាគចក្រ​ដឹក​ស្បៀង និង​សម្ភារៈ​ចាំបាច់ អាច​ត្រូវ​ចំណា​ច​យ​ពេល​ច្រើន​ទម្រាំ​ទៅដល់​តំបន់​ដែល​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង៕ 





© រក្សាសិទ្ធិដោយ thmeythmey.com