សង្គមអន្តរជាតិ​
អន្តរជាតិ
សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង​តូ​ក្យូ បម្រើសេវា«បន្ទប់​យំ​សម្រាប់​ស្ត្រី»ដើម្បី​បន្ថយ​ភាព​តានតឹង
08, May 2015 , 1:44 pm        
រូបភាព
ដោយ:

សណ្ឋាគារ​មួយ​នៅ​កណ្តាល​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន បាន​ណែនាំ​ដល់​អតិថិជន​របស់ខ្លួន ពី​សេវា«បន្ទប់​យំ​សម្រាប់​ស្ត្រី» ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​តានតឹង​ដែល​ពួកគេ​ជួបប្រទះ ហើយ​មិនអាច​រក​កន្លែង​យំ​ដើម្បី​រំសាយ​ភាពស្មុគស្មាញ​បាន។នេះ​បើ​យោងតាម​សារព័ត៌មាន RT ។



បើតាម​ប្រភព​ខាងលើ សណ្ឋាគារ​Mitsui Garden Yotsuya hotelនៅក្នុង​តំបន់ Shinjuku នៃ​ទីក្រុង​តូ​ក្យូ​ដែល​ផ្ដល់​សេវា​បន្ទប់​ស្នាក់នៅ​សម្រាប់តែ​ស្ត្រី​តែប៉ុណ្ណោះ​បានចាប់ផ្តើម​គម្រោង​ថ្មី​មួយ​ផ្សេងទៀត​ដើម្បី​បំពេញតម្រូវការ​របស់​ស្ត្រី​ជនជាតិ​ជប៉ុន​ដែលមាន​វិបត្តិ​នោះ​គឺជា​បន្ទប់​ដែល​អនុញ្ញាតឱ្យ​ស្ត្រី អាច​យំ​ដោយ​សេរី​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​បាន។

បើ​យោងតាម​អ្នកនាំពាក្យ​របស់​សណ្ឋាគា​រ​បន្ទប់​ពិសេស​នេះ ក៏មាន​ផ្តល់ជូន​នូវ​សេវាកម្ម​ពិសេស​មួយចំនួនទៀត ភាពយន្ដ​មនោសញ្ចេតនា រឿង​កំប្លែង​ភាពយន្ត​កំ​នូ​ជីវ​ច​ល និង​សៀវភៅ​ប្រលោមលោកល្អៗ របស់​អ្នកនិពន្ធ​ជនជាតិ​ជប៉ុន​ជាច្រើន​សម្រាប់​ពួកគេ​អាន។សណ្ឋាគារ​នេះ​ក៏​ផ្តល់នូវ​ក្រដាស​ជូត​ទឹកភ្នែកទន់ៗ ឧបករណ៍​ស្ទី​ម​ភ្នែក និង​ក្រដាស​សើម​សម្រាប់​ជូត​ម្សៅ​ចេញ​ពីមុខ​ផងដែរ។

អ្នកនាំពាក្យ​ដដែល​ក៏បាន​ឲ្យ​ដឹងថា បន្ទប់​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​ស្ត្រី​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​និង​ដើម្បី​យកឈ្នះ​លើ​ភាព​តានតឹង​តាមរយៈ​ការ​យំ​ហើយ​ពួកគេ​អាច​ចាប់ផ្ដើម​កក់​បន្ទប់​បាន​ហើយ​ចាប់ពី​តម្លៃ ជាង ៨៤ ដុល្លារ​ក្នុង​មួយថ្ងៃ រហូតដល់​ថ្ងៃទី ៣១ ខែសីហា។

ប្រទេស​ជប៉ុន​មានការ​ផ្ដល់​សេវាប្លែកៗជាច្រើន ដើម្បី​បំបាត់​អ្នក​ដែលមាន​អារម្មណ៍​តានតឹង​ក្នុងនោះ​ក៏មាន​ហាង​កាហ្វេ​មួយ ដែល​គេ​ស្គាល់​ថា Soineyaគឺមាន​បម្រើសេវា​ដេក​លើ​ដៃ​នារី​វ័យក្មេង​តែ​ពីរ​នាក់​ក្នុង​ហាង ប៉ុន្តែ​សេវា​ផ្លូវភេទ​ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​បំផុត៕


© រក្សាសិទ្ធិដោយ thmeythmey.com