ជាតិ
MyTV សុំទោសកុមារី Allen និង​ក្រុមគ្រួសារ​ចំពោះ​កំហុស​អ​ចេតនា​របស់ខ្លួន
11, May 2015 , 9:44 pm        
រូបភាព
ក្រោយ​ការរិះគន់​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ស្ថានីយ៍ទូរទស្សន៍ MyTV បាន​សរសេរ​លិខិត​សុំទោស​ជា​សាធារណ​ចំពោះ​កុមារី Autumn Allen និង​ក្រុមគ្រួសារ ជុំវិញ​កំហុស​ដែល​ខ្លួន​បាន​បង្កើតឡើង​ក្នុង «កម្មវិធី​ពេញចិត្ត ឬ​អត់? ថ្ងៃអាទិត្យ» នាឱកាស​អបអរ​ទិវា​គុណមាតា​ពិភពលោក។



កម្មវិធី​ដែល​ផ្សាយ​កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ត្រូវបាន​សាធារណជន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់ថា យកក្តី​សង្ឃឹម​របស់​កុមារី Autumn Allen មកលេង​សើច។

«ក្រុមការងារ​កម្មវិធី ពេញចិត្ត ឬ​អត់? ថ្ងៃអាទិត្យ មានការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​កំហុស​ដោយ​អ​ចេតនា​ដែល​កើតមានឡើង​នៅក្នុង​កម្មវិធី​នេះ ដែល​ធ្វើ​ឲ្យ​ប្អូនស្រី Allen រន្ធត់ចិត្ត​រហូតដល់​ស្រក់​ទឹកភ្នែក និង​មានការ​ខកចិត្ត​ចំពោះ​ក្តី​រំពឹងទុក​ថា​នឹង​បាន​ជួប​ម្តាយ​ដែល​បាន​បែក​គ្នា​អស់​រយៈពេល១៣ឆ្នាំ​ហើយ»។ នេះ​បើ​យោងតាម​លិខិត​របស់ MyTV ចុះកាលពីល្ងាច​ថ្ងៃទី​១១ ខែឧសភា។

ដើម្បី​សម្តែង​ចំពោះ​ភាព​សោកស្តាយ​នេះ  ក្រុមការងារ​កម្មវិធី«ពេញចិត្ត​ឬ​អត់? ថ្ងៃអាទិត្យ» នឹងធ្វើ​ដំណើរ​ទៅ កាន់​គេហដ្ឋាន​របស់​អេ​ឡែ​ន ដើម្បី សុំ​អភ័យទោស​ចំពោះ​អេ​ឡែ​ន និង​ក្រុមគ្រួសារ​ក្មេងស្រី​ដោយផ្ទាល់ ហើយ​ក្រុមការងារ​កម្មវិធី«ពេញចិត្ត​ឬ​អត់? ថ្ងៃអាទិត្យ» ក៏បាន​ធ្វើការ​សុំទោស​ទៅដល់​សាធារណជន​ផងដែរ។

ទោះបីជាយ៉ាងណាក៏​ដោយ កុមារី Allen បានសរសេរនៅលើគណនីហ្វេសប៊ុក​របស់​ខ្លួនថា គេមិនមាន​ការអាក់អន់ចិត្តអ្វីឡើយ ហើយគេមានការរីករាយនៅក្នុងកម្មវិធីកាលពីថ្ងៃអាទិត្យ៕

សម្រាប់ព័ត៌មាន​បន្ថែម សូមអាន កម្មវិធី​ទូរទស្សន៍​មួយ​យក​ការ​នឹក​ម្តាយ​របស់​ក្មេងស្រី​ទៅលេង​សើច




© រក្សាសិទ្ធិដោយ thmeythmey.com