ជាតិ
សារមន្ទីរ Cleveland របស់​អាមេរិក​ប្រគល់​រូប​បដិមា​ហនុមាន​សតវត្ស​ទី១០ ឲ្យ​កម្ពុជា វិញ​ហើយ
12, May 2015 , 10:52 am        
រូបភាព
រដ្ឋាភិបាល​កម្ពុជា បានទទួល «រូប​បដិមា​ហនុមាន​ក្នុង​សតវត្ស​ទី១០ » ហើយពី​សារមន្ទីរ The Cleveland Museum of Art ក្រោយពី​សារមន្ទីរ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​នេះ បាន​ទិញ​កាលពី​ឆ្នាំ១៩៨២ ។ សារមន្ទីរ​បាន​ផ្ដួចផ្ដើម​នូវ​ការប្រគល់​នេះ ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​របស់​កម្ពុ​ជា​អំពី​ប្រវត្តិ​នៃ​រូបនេះ ក៏ដូចជា​ការគាំទ្រ​ដល់​កម្ពុជា​ក្នុង​គម្រោង​នៃ​ការប្រមូលផ្ដុំ​រូប​បដិមា​នៃ​ប្រសាទ​ចិន​ឡើងវិញ។ពិធី​នៃ​ការប្រគល់​រូប​បដិមា​មក​កម្ពុជា​វិញ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា នៅ​ទីស្ដីការគណរដ្ឋមន្ត្រី ។



សេចក្ដីប្រកាស​រួមគ្នា រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​សារមន្ទីរ The Cleveland Museum of Art បាន​ឲ្យ​ដឹងថា ការប្រគល់​រូប​បដិមា​ហនុមាន​ត្រឡប់មក​កម្ពុជា​វិញ​នេះ គឺ​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​រៀបចំ​កសាង​ឡើងវិញ នូវ​រូ​បដិមា​ហនុមាន​ជាច្រើន ដែល​ស្ថិតនៅ​ច្រក​ខាងកើត​នៃ​ប្រាសាទ​ចិន នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ។

ជាមួយគ្នានេះ​លោក ច័ន្ទ តានី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សម្ដែង​ការ​សាទរ​ចំពោះ ការប្រគល់​រូប​បដិមា​ត្រឡប់មកវិញ និង​ជាការ​ផ្ដល់ឱកាស​សម្រាប់​ការជួប​ជុំគ្នា​វិញ នៃ​រូប​បដិមាផ្សេងៗដែល​ស្ថិតនៅ​ប្រសាទ​ចិន។

លោក​បន្ថែមថា៖ « ការប្រគល់​ត្រឡប់​ដោយ​ស្ម័គ្រចិត្ត​នៃ​រូប​បដិមា​ហនុមាន​នេះ គឺ​បង្ហាញ​ពី​ការគិតគូរ​របស់​សារមន្ទីរ​The Cleveland Museum of Art ចំពោះ​សារសំខាន់​នៃ​សារមន្ទី​រមណីយដ្ឋាន​ប្រវត្តិ​ស្រា​ស្ត្រ​កោះ​កេរ​ចំពោះ​ប្រជាជន​កម្ពុជា។ ការប្រគល់​ត្រឡប់មកវិញ​នេះ ក៏​ឆ្លុះបញ្ចាំង​ពី​ការ​លួ​ចត​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​យើង»។

ទន្ទឹមនឹងនេះ​លោក William M. Griswold អភិបាល​នៃ​សារមន្ទីរ The Cleveland Museum of Artបាន​បញ្ជាក់ថា ការប្រគល់​រូប​បដិមា​ហនុមាន​ត្រឡប់មកវិញ​នេះ នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​គម្រោង​កសាង​ប្រាសាទខ្មែរ​ឡើងវិញ ហើយ​ទង្វើរ​នេះ​ក៍​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​សារមន្ទីរ The Cleveland Museum of Art នាពេល​អនាគត។

គួរ​បញ្ជាក់ថា រូប​បដិមា​ហនុមាន ក្នុង​សតវត្ស​ទី១០នេះ ត្រូវបាន​សារមន្ទីរ The Cleveland Museum of Art ទិញយក​ពី​ដៃ​ឈ្មួញ​កាលពី​ឆ្នាំ១៩៨២កន្លងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com