ជាតិ
ក្រសួង​វប្បធម៌​ចាត់​វិធាន​ដាក់ទោស​អ្នក​លួច​ថតចម្លង​ឌី​ស​ក្លែងក្លាយ​ពី១ឆ្នាំទៅ២ឆ្នាំ
14, May 2015 , 10:14 am        
រូបភាព
លោក គង់ កាន់តារា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក គង់ កាន់តារា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដោយ: ថ្មីៗ
 
ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រកាសថា ក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​លួច​ថតចម្លង​ឌី​ស​ក្លែងក្លាយ និង​ការ​ដាក់លក់​នៅលើ​ទីផ្សារ ដោយ​ក្រសួង​នឹងដាក់​ទោស​ទៅលើ​ជនល្មើស​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។


យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា លោក គង់ កាន់​តារា អនុរដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មានប្រសាសន៍ថា កន្លងមក​អ្នក​ប្រ​ព្រឹ​ត្ដ​ដោយ​យោងទៅលើ​អនុក្រឹត្យ​លេខ៦៣ គឺ​មិន​បានដាក់​ទោសទណ្ឌ និង​ប​ញ្ចូ​ន​ជនល្មើស​ទៅ​តុលាការ​អ្វី​នោះទេ។ ប៉ុន្ដែ​ចាប់ពីពេលនេះ​ទៅ​អ្នក​ដែល​បាន​លួច​ថតចម្លង​ឌី​ស​ក្លែងក្លាយ ត្រូវ​អនុវត្ដ​ន៍​តាមច្បាប់​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ​ប្រហាក់ប្រហែល ដោយ​តុលាការ​អាច​ចោទប្រកាន់​ដាក់​ពន្ធ​ធនាគារ​ចាប់ពី១ឆ្នាំ​ដល់២ឆ្នាំ។

លោក អ៊ិន ទី​តូ អ្នកគ្រប់គ្រង​ផលិតកម្ម WE Productionរបស់​ក្រុមហ៊ុន​ហង្ស​មាស គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ ព្រោះ​សកម្មភាព​ប​ង្ដ្រា​ប​នេះ​គឺជា​ការលើកទឹកចិត្ដដ​ល់​ផលិតករ ដែល​បាន​ខិតខំ​ស្រាវជ្រាវ តាក់តែង​បង្កើត​បទ​ចម្រៀងថ្មីៗ សម្រាប់​ផ្ដល់​ការកម្សាន្ដ​ដល់​ទស្សនិកជន ។ លោក​បន្ដថា ការលួចចម្លង​ឌី​ស​កន្លងមក បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទឹក​ចិ​ត្ដ និង​ស្នាដៃ​ផលិតករ ក្នុងការ​ផលិត​នូវ​បទ​ចម្រៀង​ថ្មី ជាពិសេស​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ដល់​ផលិតករ​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com