ជាតិ
ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ធ្លាប់​ទៅ​បង្រៀន​ឡាវ​ឲ្យ​ចេះ​តម្លើង​រឿងល្ខោន​ប្រវត្តិសាស្ត្រ
16, May 2015 , 12:05 am        
រូបភាព
ដោយ: រួបរួម
ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល បានទទួល​មរណភាព​ក្នុង​អាយុ៧២ឆ្នាំ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ ។ មិន​ត្រឹមតែ​បន្សល់ទុក​នូវ​ស្នាដៃ​សិល្បៈ-វប្បធម៌ និង​កំណាព្យ​ដ៏​ច្រើន​មហិមា​ជូន​ជនរួមជាតិ តែប៉ុណ្ណោះ​ទេ លោក​ក៏​ធ្លាប់បាន​ទៅ​បំពេញការងារ២ឆ្នាំ​នៅ​ឡាវ ដើម្បី​ធ្វើជា​ជំនាញការ​វប្បធម៌​ដល់​រដ្ឋាភិបាល​នៃ​ប្រទេសជាតិ​ខាង​មួយ​នេះ​ផងដែរ។



យោងតាម​បទ​សម្ភាស​ជា​វីដេអូ​មួយ​ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​បុ​ប្ឆា​ណា កាលពី​ឆ្នាំ២០០៩ និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​បណ្ណាល័យ The New York Public Library ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែល​បានទទួល​មរណភាព​ក្នុង​អាយុ៧២ឆ្នាំ កាលពី​វេលា​ម៉ោង១១ និង៣៣នាទី នា​ថ្ងៃ​សុក្រ ទី១៥ ខែឧសភា ឆ្នាំ២០១៥ បានបញ្ជាក់​ឲ្យ​ដឹងថា លោក​ត្រូវបាន​រដ្ឋាភិបាល​ឡាវ​ស្នើ​ឲ្យ​ទៅធ្វើជា​ជំនាញការ​វប្បធម៌​នៅ​ទីនោះ ពោលគឺ​បង្រៀន​ឡាវ​ឲ្យ​ចេះ​តម្លើង​រឿងល្ខោន​ប្រវត្តិសាស្ត្រ​របស់ខ្លួន។

ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែលមាន​ឈ្មោះ​ដើម​ថា ឈន ទត បានកើត​នៅ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៤៣ ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល។ ស្ទើរតែ​ពេញ​មួយជីវិត លោក​បាន​ចំណាយពេល​ជាច្រើន​លើ​ការស្រាវជ្រាវ​ផ្នែក​វប្បធម៌ សិល្បៈ និង​ចងក្រង​ស្នាដៃ​កំណាព្យ។

បើតាម​ប្រវត្តិរូប​សង្ខេប លោក ពេជ្រ ទុំ​ក្រវិល បាន​ធ្វើជា​ជំនាញការ​វប្បធម៌​នៅ​ប្រទេស​ឡាវ​ពី​ឆ្នាំ១៩៨៤ ដល់​ឆ្នាំ១៩៨៥ ខណៈ​លោក​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​សិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​ព័ត៌មាន៕

សារព័ត៌មាន​ថ្មីៗ នឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀតទាក់ទងនឹងស្នាដៃនានា​របស់ព្រឹទ្ធាចារ្យ​ ពេជ្រ ទុំក្រវិល
សម្រាប់ព័ត៌មានពាក់ព័ន្ធសូមអាន៖

- ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែលជា​អ្នកជំនាញ​វប្បធម៌​ខ្មែរ បានទទួល​មរណភាព
- ជីវប្រវត្តិ​សង្ខេប លោក ពេជ្រ ទុំ​ក្រវិល វរៈ​សិល្បករ ព្រឹទ្ធាចារ្យ វប្បធម៌ សិល្បៈ​ខ្មែរ




© រក្សាសិទ្ធិដោយ thmeythmey.com