ជាតិ
អ្នកកាសែតឆ្នើមនឹងទទួលបានប្រាក់ជាង១ពាន់ដុល្លារ បូកដំណើរទស្សនកិច្ចក្រៅប្រទេស
× ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (CCJ) និង អង្គការតម្លាភាពកម្ពុជា (TI) បានប្រកាសអំពាវនាវនៅថ្ងៃសុក្រទី២៤ខែមេសាអញ្ជើញអោយអ្នកសារព័ត៌មានជនជាតិខ្មែរទាំងអស់នៅក្នុងប្រទេសកម្ពុជាសរសេរអត្ថបទក្រកួតប្រជែងដណ្តើមយកពានរង្វាន់អ្នកកាសែតឆ្នើមឆ្នាំ២០១៥ ។ អ្នកជាប់លេខ១ នឹងទទួលបានប្រាក់រង្វាន់ ១២០០ដុល្លារ និងមានឱកាសទៅចូលរួមប្រជុំថ្នាក់អន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ី។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតកាលពីពេលកន្លងមកថា កំណែជ្រើសរើសអ្នកកាសែតឆ្នើមត្រូវតែធ្វើឡើងដោយសុក្រឹតបំផុត ពោល គឺគ្មានឡើយការស៊ីសំណូក។
ស្របពេលជាមួយគ្នា លោក គី សុខលីម ទីប្រឹក្សាក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកទទួលបន្ទុកកម្មវិធីប្រឡងពានរង្វាន់បានអត្ថាធិប្បាយធានាថា ការប្រឡើងជ្រើសរើសអ្នកកាសែតឆ្នើមឆ្នាំ២០១៥ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា នឹងធានាតម្លាភាព និងសុក្រឹតភាព១០០%។
ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) និង អង្គការតម្លាភាពកម្ពុជា (TI Cambodia) បានសហការគ្នារៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពីការសរសេរអត្ថបទបង្ហាញពីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ ការប្រកួតយកពានរង្វាន់នេះមានគោលបំណងលើកទឹកចិត្តអ្នកសារព័ត៌មានកម្ពុជាឱ្យមានការសរសេរពីអំពើពុករលួយនៅក្នុងប្រទេសឲ្យកាន់តែច្រើនឡើង ក៏ដូចជាផ្តល់ជូនស្នាដៃដល់ភាពក្លាហាននិងការប្តេជ្ញាចិត្តរបស់អ្នកសារព័ត៌មានដែលបានលាតត្រដាងពីការរំលោភបំពានផ្នែកអំណាច។
ការប្រកួតនេះគឺបើកទូលាយដល់អ្នកសារព័ត៌មានកម្ពុជាដែលមានស្ថាប័នពិតប្រាកដ និងអ្នកសារព័ត៌មានកម្ពុជាមិនមានស្ថាប័នពិតប្រាកដធ្វើការដោយឯករាជ្យ (Freelance Journalists) ទាំងនៅផ្នែកបោះពុម្ពផ្សាយ (កាសែត និងទស្សនាវដ្តី) និងតាមរលកអាកាស (វិទ្យុ និងទូរទស្សន៍) ព្រមទាំងអ្នកសារព័ត៌មានអនឡាញ/គេហទំព័រ (Online/Website) និងអ្នកសរសេរព័ត៌មានបង្ហោះតាមបណ្តាញ ប្លុក (Blog)។ អត្ថបទដែលនឹងត្រូវដាក់ចូលប្រកួតប្រជែងត្រូវតែបរិយាយអំពីអំពើពុករលួយដែលអាចជាអត្ថបទស៊ើបអង្កេត ឬលាតត្រដាងពីផលប៉ះពាល់នៃអំពើពុករលួយរបស់បុគ្គល របស់ក្រុម ឬរបស់ស្ថាប័ន ដែលនាំឲ្យអន្តរាយដល់ទាំង បុគ្គលនិងសង្គម។ ថ្ងៃទី ១៥ ខែមិថុនា គឺជាថ្ងៃផុតកំណត់សម្រាប់ការដាក់អត្ថបទចូលរួមប្រកួតប្រជែង ហើយអត្ថបទនោះត្រូវតែ ជាអត្ថបទ ដែលត្រូវបានផ្សាយនៅចន្លោះពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៥ ។
រង្វាន់រួមមាន៖
-អត្ថបទលេខ១ដែលចាត់ទុកថាជាអត្ថបទល្អបំផុតនឹងត្រូវទទួលរង្វាន់ជាទឹកប្រាក់ចំនួន១.២០០ដុល្លារអាម៉េរិក និងមានឱកាសទៅចូលរួមសន្និសីទលើកទី១៦ ស្តីពីការប្រឆាំងអំពើពុករលួយ ដែលរៀបចំដោយអង្គការតម្លាភាពអន្តរជាតិនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងខែកញ្ញាឆ្នាំ២០១៥ខាងមុខនេះ។
-អត្ថបទលេខ២ ទទួលរង្វាន់ទឹកប្រាក់ចំនួន ៩០០ដុល្លារអាម៉េរិក
-អត្ថបទលេខ៣ ទទួលរង្វាន់ទឹកប្រាក់ចំនួន ៦០០ដុល្លារអាម៉េរិក
-អត្ថបទលេខ៤ ទទួលរង្វាន់ទឹកប្រាក់ចំនួន ៤០០ដុល្លារអាម៉េរិក
-អត្ថបទលេខ៥ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ២០០ដុល្លារអាមេរិក។
ព័ត៌មានលម្អិត
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវព័ត៌មាន ដែលអាចធ្វើឲ្យប្រជាពលរដ្ឋរួមគ្នា ប្រឆាំងនឹងការរំលោភបំពានផ្នែកអំណាច និងការសូកប៉ាន់។ អំពើពុករលួយអាចត្រូវបានដោះស្រាយនៅពេលដែលបញ្ហានេះត្រូវបានគេរកឃើញ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសកម្ពុជាមានភាពសកម្មខ្លាំងណាស់ ហើយស្របពេលជាមួយគ្នានេះផងដែរ ក៏មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យមួយចំនួនទៀតបានរាយការណ៍ជាញឹកញាប់អំពីបញ្ហាអភិបាលកិច្ច និងអំពើពុករលួយ ដោយបង្ហាញពីទស្សនៈអព្យាក្រឹតរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានភាគច្រើនត្រូវបានគេមើលឃើញថា ហាក់ដូចជារងឥទ្ធិពលទាំងផ្ទាល់ផងនិងដោយប្រយោលផងពីអ្នកមានអំណាចនិងទ្រព្យសម្បត្តិ ហើយពួកគេត្រូវបានបង្ក្រាបដោយផ្លូវច្បាប់ ខណៈដែលអ្នកសារព័ត៌មានខ្លះទៀតបានទទួលរងការបង្ក្រាបលើរាងកាយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំឱ្យពួកគេមិនសូវហ៊ានរាយការណ៍ពី បញ្ហារសើប។ អ្នកសារព័ត៌មានត្រូវការសេចក្តីក្លាហាននិង ការប្តេជ្ញាចិត្តដើម្បីរាយការណ៍ពីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ ហេតុនេះហើយបានជា ក.អ.ក និងអង្គការតម្លាភាពកម្ពុជាបានសហការគ្នារៀបចំការប្រកួតប្រជែងនេះឡើង ដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មានឲ្យលាតត្រដាងពីការរំលោភបំពានផ្នែកអំណាចដែលជាប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចបង្ហាញពីផលវិបាកនៃទង្វើនេះដល់សាធារណៈជន រួមទាំងជាជម្រុញឱ្យមានការពិភាក្សាពីបញ្ហានេះ។
លក្ខខណ្ឌក្នុងការចូលរួម
ការប្រកួតនេះគឺបើកចំហជាទូទៅសម្រាប់អ្នកសារព័ត៌មានកម្ពុជាគ្រប់រូបទាំងអ្នកសារព័ត៌មានមានស្ថាប័នពិតប្រាកដ និងអ្នកសារព័ត៌មានមិនមានស្ថាប័នពិតប្រាកដដែលធ្វើការដោយឯករាជ្យ រួមទាំងអ្នកសរសេរព័ត៌មានតាមប្លុកដែលជាជនជាតិខ្មែរ ។
អ្នកចូលរួមប្រកួតប្រជែងត្រូវតែផ្ដល់អត្ថបទដែលមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ៖
ជាអត្ថបទដែលបានសរសេរសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្នែកបោះពុម្ព ផ្សាយតាមរលកអាកាស ឬបង្ហោះលើអនឡាញ/គេហទំព័រ ឬក៏ប្លុកនៅក្នុងចន្លោះចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៥ ដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ ២០១៥ ។ អត្ថបទត្រូវផ្តោតលើបញ្ហាដែលទាក់ទងទៅនឹងប្រភេទនៃអំពើពុករលួយដែលផ្ដល់និយមន័យដោយអង្គការតម្លាភាពអន្តរជាតិថា ជាការរំលោភបំពានដោយប្រើអំណាចដែលគេប្រគល់ឱ្យ ដើម្បីផលប្រយោជន៍ឯកជន ដែលរួមបញ្ចូលទាំងអំពើពុករលួយតូចតាចផង។ អត្ថបទត្រូវផ្តោតលើហេតុការណ៍ទាក់ទងនឹងប្រទេសកម្ពុជាអនុញ្ញាតឱ្យមានអ្នកនិពន្ធពីរអ្នក។
លក្ខខណ្ឌវិនិច្ឆ័យ
គណៈកម្មការវិនិច្ឆ័យដែលត្រូវបានជ្រើសតាំងដោយក្លឹបអ្នកកាសែតកម្ពុជា និងអង្គការតម្លាភាពកម្ពុជារួមមានសមាជិក៥រូប៖
-៣រូបជាអ្នកសារព័ត៌មានដែលមានបទពិសោធន៍ក្នុងអាជីពជាង១០ឆ្នាំ
-១រូបជាតំណាងមកពីអង្គការតម្លាភាពកម្ពុជា
-១រូបជាតំណាងមកពីអង្គភាពប្រឆាំងអំពើពុករលួយ
គុណភាពបច្ចេកទេសស្របតាមអត្ថបទព័ត៌មាន ៥០%
•ចំណងជើង (៥%)
•សេចក្តីផ្ដើម (៥%)
•តួសេចក្តី លំហូរព័ត៌មាន គុណភាពនៃការសម្រង់សម្តី ភាពអាចជឿទុកចិត្ដនៃប្រភពព័ត៌មាន ភស្តុតាង
ភាពត្រឹមត្រូវផ្នែកអក្ខរាវិរុទ្ធ វេយ្យាករណ៍ ការពិត ជម្រៅនៃការស្រាវជ្រាវ និងការវិភាគ (៣៥%)
•សេចក្តីបញ្ចប់ (៥%)។
ខ្លឹមសារ៖ តម្លៃសង្គមនិងផលប៉ះពាល់នៃរឿង ៥០%
នៅចំណុចនេះ គណៈវិនិច្ឆ័យនឹងដាក់ពិន្ទុតាម៖
ភាពជាប់ពាក់ព័ន្ធនៃអត្ថបទ៖ ត្រូវតែផ្តោតទៅលើរឿងរ៉ាវដែលទាក់ទងទៅនឹង អំពើពុករលួយនិង ផលវិបាករបស់វានៅលើ បុគ្គល ឬ សង្គម
ភាពស៊ើបអង្កេតនៃអត្ថបទ៖ មានភាពស៊ើបអង្កេតត្រូវបានគេផ្ដល់តម្លៃ បើទោះបីជាវាមិនត្រូវបានគេតម្រូវក៍ដោយ
លក្ខណៈពិសេសនៃវិធីសាស្ត្រសរសេរ
ឥទ្ធិពលនៃអត្ថបទ៖ សក្តានុពលដែលអត្ថបទមួយនេះអាចជួយជម្រុញឱ្យមានការជជែកពិភាក្សាគ្នា និងអាចធ្វើឱ្យមាន ការផ្លាស់ប្តូរនៅក្នុងសង្គម ឬអាចនាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយសាធារណៈថ្នាក់ស្រុក តំបន់ ជាតិ ឬក៏អាច នាំទៅដល់ការផ្តន្ទាទោសនៃជនដែលប្រព្រឹត្តអំពើពុករលួយ។
លក្ខខណ្ឌចូលរួមប្រកួតប្រជែង
អត្ថបទដែលនឹងត្រូវដាក់ចូលប្រកួតប្រជែងត្រូវតែភ្ជាប់មកជាមួយនូវសំណុំបែបបទទទួលពាក្យ ផ្ញើមកកាន់ការិយាល័យ ក.អ.ក ផ្ទះលេខ120 ផ្លូវលេខ472 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមទំនាក់ ទំនងតាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២២៤ ០៩។ លោក ជេត សន មន្ត្រីរដ្ឋបាល ក.អ.ក តាមរយៈលេខទូរស័ព្ទ ០១២ ៨៩៥ ៨៥៣
សំណុំបែបបទទទួលពាក្យអាចទាញយកតាមរយៈ http://ticambodia.org/index.php/whatwedo/event/call-for-entries-journalism-award-for-outstanding-reporting-on-corruption
អត្ថបទដែលបានសរសេរសម្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្នែកបោះពុម្ព ឬ អនឡាញ (Online) ត្រូវដាក់ជូនជាច្បាប់ចម្លងជាក្រដាសជាមួយសំណុំបែបបទទទួលពាក្យ។ សម្រាប់អត្ថបទវិទ្យុ និងទូរទស្សន៍ត្រូវមានសរសេរស្គ្រីប (Script) ហើយអត្ថបទរឿងត្រូវដាក់ជូនក្នុង ស៊ីឌី ឌីវីឌី ឬ flash drive។
ចំពោះព័ត៌មានបន្ថែមអំពីការប្រកួតប្រជែងនេះ លក្ខខណ្ឌវិនិច្ឆ័យ និងលក្ខខណ្ឌចូលរួមប្រកួតប្រជែង សូមទាក់ទង៖
- លោក ឆាយ សុផល សមាជិកគណកម្មាធិការនាយក ក.អ.ក តាមរយៈលេខទូរស័ព្ទ ០១៧ ៥៣៥ ៥៣៥
- លោក ជេត សន មន្ត្រីរដ្ឋបាល ក.អ.ក តាមរយៈលេខទូរស័ព្ទ ០១២ ៨៩៥ ៨៥៣
- លោក គី សុខលីម សមាជិកគណកម្មាធិការនាយក ក.អ.ក តាមរយៈលេខទូរស័ព្ទ ០១២ ៨៦២ ៥០៩
- លោក លី ពិជ័យ មន្ត្រីកម្មវិធីយុវជន នៃកម្មវិធីជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជន តាមរយៈលេខទូរស័ព្ទ ០១២ ៣៩៧ ៨៩៩ ឬ ០៩៧ ៦ ៨៨៨៨ ២៥ ឬ តាមរយៈសារអេឡិកត្រូនិក [email protected]
© រក្សាសិទ្ធិដោយ thmeythmey.com