ពីនេះ ពីនោះ
ហេតុអ្វីបានជា​បុគ្គលិក​ដើរ​ចេញពី​កន្លែង​ការងារ​មួយ​ទៅរក​កន្លែងការងារ​មួយទៀត?
27, May 2015 , 9:18 am        
រូបភាព
ដោយ: ថ្មីៗ

បុគ្គលិក​គ្រប់រូប​មិនមែន​ចង់​ឈប់​ធ្វើការ​ពី​ស្ថាប័ន​ដែលមាន​ច្បាប់ទម្លាប់​ល្អ និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នោះទេ។ ហើយ​ពួកគេ​ក៏​មិន​ចង់​ដើរ​ចេញពី​កន្លែង​ការងារ​មួយ​ទៅរក​កន្លែង​មួយទៀត ដោយ​គ្មាន​មូលហេតុ​នោះដែរ។ ទាំង​ប្រធាន ទាំង​បុគ្គលិក គួរតែ​ស្វែងយល់​ពី​រឿងនេះ​ឲ្យ​បាន​ច្បាស់ ថាតើវាបណ្តាលមកពីមូលហេតុអ្វី?

 

ទី១) ប្រយោជន៍​ផ្ទាល់ខ្លួន៖ បុគ្គលិក​ភាគច្រើន​តែងតែ​គិតពី​ប្រយោជន៍​ផ្ទា​ស់​ខ្លួន ជាជាង​ប្រយោជន៍​របស់​ស្ថាប័ន។ ប្រសិនបើជា ពួកគេ​ឃើញ​ការងារ​នៅ​កន្លែង​ផ្សេង​មាន​ប្រយោជន៍​ច្រើនជាង នោះ​ពួកគេ​នឹង​លាឈប់​ពី​ការងារ​នៅ​កន្លែងចាស់​ទៅរក​កន្លែង​ថ្មី​យ៉ាង​ប្រាកដ។

ទី២) បញ្ហា​ប្រាក់ខែ៖ បុគ្គលិក​ដែលមាន​ចំណេះដឹង និង​បទពិសោធន៍​ល្អ​សមគួរ​ហើយ​នោះ ហើយ​នៅតែ​មិន​ទទួលបាន​ប្រាក់ខែ​តាម​បទពិសោធន៍ និង​ចំណេះដឹង​ទៀត​នោះ នោះ​ប្រាកដជា​មិនអាច​ទម្រាំ​នៅ​ធ្វើការ​ដើម្បី​តែ​ស្ថាប័ន​មួយ​មុខ​បាន​ទៀតឡើយ។

ទី៣) ជម្លោះផ្ទៃក្នុង៖ បុគ្គលិក​ធ្វើការ​ជាមួយគ្នា​ពិតជា​មិន​ចង់​មាន​បញ្ហា​ជាមួយគ្នា​នោះទេ។ ប៉ុន្តែ​អ្វីដែល​មិនអាច​ជៀសផុត​នោះ គឺ​ការ​ច្រណែន​ប្រចណ្ឌ​គ្នា និយាយដើម​គ្នា ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក​ជាដើម។

ទី៤) ការលើកទឹកចិត្ត៖
ប្រសិនណាបើ​គ្មាន​ការលើកទឹកចិត្ត​ពី​ប្រធាន និង​សហការី​រួម​ក្រុម​ទេនោះ នោះ​ប្រាកដជា​គ្មាន​កម្លាំងចិត្ត​ចង់​បន្តការងារ​ក្នុង​ស្ថាប័ន​នោះ​ទៀត​ទេ បើទោះជា​កន្លែង​ការងារ​មានច្បាប់​ទម្លាប់​ល្អ និង​កេរ្តិ៍ឈ្មោះ​ល្បី​ក៏ដោយ។

ទី៥) រង​សម្ពាធ​ពី​ប្រធាន៖ ធ្វើការ​ដោយ​គ្មាន​សេរីភាព អ្វីៗត្រូវតែ​ធ្វើតាម​ការសម្រេចចិត្តរ​បស់​ប្រធាន​គ្រប់​ជំ​ហ៊ាន ហើយ​ប្រធាន​ដាក់​ការងារ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែច្រើន​ទៀត​នោះ នោះ​បុគ្គលិកម្នាក់ៗពិតជា​មិនអាច​ទម្រាំ​នៅនឹងកន្លែង​ទៀត​បានឡើយ ច្បាស់​ជា​រត់ទៅរក​ស្ថាប័ន​ថ្មី​ជាពុំខាន៕



© រក្សាសិទ្ធិដោយ thmeythmey.com