ជាតិ
សង្គមជាតិ
កម្ពុជា​រៀបចំ​ពិព័រណ៍​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​លើក​ទី១នៅ​សួនច្បារ​វត្ត​បទុម​វ​តី
27, May 2015 , 1:30 pm        
រូបភាព
នេះ​គឺ​លើក​ទី១ហើយ ដែល​ពិព័រណ៍​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ ត្រូវបាន​រៀបចំឡើង​នៅ​កម្ពុជា។ ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ(WCS) អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ(Birdlife International) និង​មជ្ឈមណ្ឌល​អាស៊ាន​ទ​ទូល​បន្ទុក​ជីវៈចម្រុះ(ACB)បានរៀបចំ​ពិព័រណ៍​នេះ គឺ​ដើម្បី​អបអរ​ទិវា​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍​ពិភពលោក។



ទិវា​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍​ពិភពលោក​ឆ្នាំ២០១៥នេះ រៀបចំឡើង​ក្រោម​ប្រធានបទ«សង្គ្រោះ​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ និង​ការពារ​ទីជម្រក​របស់​វា»។  ទិវា​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍​ពិភពលោក ក៏ត្រូវ​បាន​បណ្តា​ប្រទេស​ជាច្រើន​ដែលមាន​វត្តមាន​សត្វ​ប្រភេទ​នេះ រៀបចំឡើង​នៅក្នុង​ខែឧសភា​ជា​រៀងរាល់ឆ្នាំ​ផងដែរ។

សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍​ចំនួន១៣ប្រភេទ ត្រូវបាន​ដាក់តាំង​បង្ហាញ នៅ​សួនច្បារ​វត្ត​បទុម​វ​តី ចាប់ពី​ថ្ងៃទី២៥ខែឧសភា ដល់​ថ្ងៃទី៥ខែមិថុនា និង​ការធ្វើដំណើរ​ទស្សនៈកិច្ច​សិក្សា​ទៅ​តំបន់​រ៉ា​ម​សារ កោះ​កាពិ ក្នុង​ខេត្តកោះកុង។ រូបភាព​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍​ទាំង១៣ប្រភេទ ដែល​ដាក់​បង្ហាញ​នៅក្នុង​ពិព័រណ៍​នេះ គឺជា​ស្នាដៃ​របស់ លោក ស៊ុយ សេង​លីម។ លោក ស៊ុយ សេង​លីម គឺជា​អ្នក​ផ្តួចផ្តើម​គម្រោង​មួយ​ដែលមាន​ឈ្មោះថា គម្រោង​ការពារ និងអ​ភិ​រក្ស​សត្វ​ស្លាប​នៅ​កម្ពុជា។

លោក ប៊ូ វីរៈ​ស័ក្តិ ប្រធាន​កម្មវិធី​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​មានប្រសាសន៍ថា ​ពិព័រណ៍​សត្វ​ស្លា​បទេស​ន្ត​ប្រវេសន៍​នេះ គឺរៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ទី​ដល់​សាធារណជន​អំពី​ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ និង​ទីជម្រក​របស់​វា ព្រមទាំង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់ និង​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ដែលមាន​តម្លៃ​ជា​អន្តរជាតិ។

សូមជម្រាបថា សត្វ​ស្លាប​ទេសន្តរប្រវេសន៍ គឺជា​ប្រភេទ​សត្វ​ស្លាប​ដែល​ផ្លាស់​ទី ឆ្លងដែន និង​ទៀងទាត់​តាម​រដូវ​កាល ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ និង​ដែល​ពឹង​អាស្រ័យ​លើ​ធនធាន​តំបន់ដីសើម។ ក្នុងចំណោម​សត្វ​ទាំងនោះ មាន​ប្រភេទ​សត្វ​ជិត​ផុត​ពូជ និង​កំពុង​ទទួលរង​កា​គំរាមកំហែង​នៅលើ​ពិភពលោក៕



© រក្សាសិទ្ធិដោយ thmeythmey.com