កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រីជាន់ខ្ពស់៦រូប​របស់ FIFA ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ
27, May 2015 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​ស្វី​ស​នៅ​ថ្ងៃ​សុក្រ​នេះ បាន​អះអាងថា សមាជិក៦នាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ត្រូវ​ឃាត់ខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ។ អ្នក​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ទីក្រុង​ហ្ស៊ួ​រិច ជាទី​កន្លែង​ដែល​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន FIFA នា​ថ្ងៃ​សុក្រ​ខាងមុខ។



កាសែត New York Times បាន​រាយការណ៍​ថា សមាជិក FIFA ទាំង៦នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​សណ្ឋាគារ ហើយនឹង​ត្រូវ​បញ្ជូនទៅ​កាន់​សហរដ្ឋអាមេរិក។ អ្នក​ទាំងនោះ ជាប់ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ករណី ពីបទ​លាងលុយកខ្វក់ និង​ស៊ីសំណូក នា​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ។ កាសែត Wall Street Journal បាន​អះអាងថា ជនសង្ស័យ​ទាំងនោះ ត្រូវបញ្ជូន​ទៅកាន់​តុលាការ​សហព័ន្ធ Brooklyn នៅ​ទីក្រុង​ញូវយ៉ក។

ជនសង្ស័យ​ភាគច្រើន​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​នៅ​តំបន់ CONCACAF ដែល​ស្ថិត​អាមេរិក​ខាងជើង អាមេរិក​កណ្តាល និង​កា​រ៉ា​អ៊ី​ប។ ក្នុងចំណោម​នោះ គេ​សង្កេតឃើញ​មាន លោក Jeffrey Webb អនុប្រធាន​ប្រតិបត្តិ លោក Eugenio Figueredo សមាជិក​ប្រតិបត្តិ និង​លោក Jack Warner អតីត​សមាជិក​ប្រតិបត្តិ ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com