ជាតិ
សេដ្ឋកិច្ច
ក្រសួង​ព្រមាន​អ្នក​បន្លំ​លាយ​អង្ករ​បរទេស ហើយ​ថា​ជា​ផលិតផល​កម្ពុជា
28, May 2015 , 8:19 pm        
រូបភាព
 ក្រសួងពាណិជ្ជកម្ម នឹង​ផ្អាក​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម(C/O)បណ្តោះអាសន្ន ឬ​ឈប់​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម(C/O)ស្ថាពរ ចំពោះ​អ្នក​នាំចេញ ឬ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ណា ដែល​បន្លំ​យក​អង្ករ​បរទេស​មក​លាយ​ដោយ​ប្រើ​ឈ្មោះថា​មាន​ប្រភពដើម​នៅ​កម្ពុជា ហើយ​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ដើម្បី​ទទួលបាន​អនុគ្រោះ​ពន្ធ។



បើតាម​សេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្ម​នឹង​ចាត់​ក្រុមអធិការកិច្ច​របស់​ក្រសួង ចុះទៅពិនិត្យ​តាម​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវនីមួយៗ ដោយ​មិន​ជូនដំណឹង​ជាមុន​នោះឡើយ។

ចំណាត់ការ​របស់​ក្រសួង​ក្រសួងពាណិជ្ជកម្ម បានធ្វើ​ឡើង​ក្រោយ​ពេលដែល​សហភាព​អឺរ៉ុប​បានធ្វើការ​រឹតបន្តឹង​លើ​ការ​នាំចូល​អង្ករ​ពី​បរទេស និង​ធ្វើការ​ស៊ើបអង្កេត​លើ​ប្រភពដើម​នៃ​ផលិតផល​អង្ករ។

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ដដែល ប្រសិនបើ​សហភាព​អឺរ៉ុប​ស្រាវជ្រាវ​រកឃើញថា អ្នក​នាំចូល​មិនបាន​គោរព​ទៅតាម​វិធាន​ប្រភពដើម​ទំនិញ និង​បទបញ្ញត្តិ​នានា​របស់​សហភាព​អឺរ៉ុប​នោះទេ សហភាព​អឺរ៉ុប​នឹង​ចាត់វិធានការ ឬ​មិន​អនុញាត​ឲ្យ​នាំចូល​អង្ករ​ទៅ​សហភាព​អឺរ៉ុប​ដោយ​រួច​ពន្ធ​ទៀតឡើយ។

សូមបញ្ជាក់ថា វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម(C/O) គឺជា​ឯកសារ​ផ្លូវការ​មួយ​ប្រើ​ដើម្បី​បញ្ជាក់​ពី​ប្រភពដើម​ទំនិញ​ដែល​បាន​ផលិត ឬ​បានទទួល​ទាំងស្រុង​នៅក្នុង​ប្រទេសមួយ៕


© រក្សាសិទ្ធិដោយ thmeythmey.com