ពីនេះ ពីនោះ
ខ្មែរយកលុយឲ្យបរទេសរាល់ថ្ងៃ!
×
ជារៀងរាល់ថ្ងៃ ខ្មែរចំណាយប្រាក់ជាច្រើនលានដុល្លារដើម្បីទិញទំនិញបរទេសសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពជារៀងរាល់ឆ្នាំ មានន័យថា ការនាំចូលមានទំហំធំជាង ការនាំចេញ។
បន្ទាប់ពីពិសាទំនិញបរទេសរួចហើយ ជនជាតិខ្មែរមួយចំនួនធ្លាក់ខ្លួនឈឺ។ ពេលធ្លាក់ខ្លួនឈឺ ពលរដ្ឋខ្មែររត់ទៅទទួលការព្យាបាលនៅបរទេស ជាពិសេស ប្រទេសវៀតណាម និងប្រទេសថៃ។ តាមរយៈសេវាកម្មសុខាភិបាលក្រៅប្រទេសនេះ ប្រាក់ដុល្លារច្រើនសែន លាន ដុល្លារអាមេរិកត្រូវបានហូរចេញទៅបរទេស។
ក្រៅពីការបរិភាគ និងជំងឺ នៅពេលពលរដ្ឋខ្មែរចង់សប្បាយ ប្រជាជនខ្មែរមួយចំនួននាំគ្នាលេងល្បែងចាក់កន្ទុយលេខ។ ល្បែងនេះ មានបណ្តាញជាមួយថៅកែជាជនបរទេស ដូច្នេះ ក្នុងមួយថ្ងៃៗ ប្រាក់វាល់សែនដុល្លារត្រូវបានហូរចេញទៅប្រទេសវៀតណាមតាមរយៈការចាក់ឆ្នោតវៀតណាម។
មិនមែនតែល្បែងឆ្នោតវៀតណាមទេដែលខ្មែរនាំគ្នាវក់វីនោះ តាមពិតទៅ នៅមានល្បែងមួយទៀតដែលពលរដ្ឋខ្មែរមួយចំនួនវក់ដែរនោះ គឺល្បែងប្រដាល់សេរីថៃ។ រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យជាពិសេស ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់នាំគ្នាទស្សនាកីឡាប្រដាល់សេរីថៃតាមកញ្ចក់ទូរទស្សន៍ និងចាក់លុយជាសរុបរាប់សែនដុល្លារអាមេរិកក្នុងមួយថ្ងៃ។
សរុបសេចក្តីមក ខ្មែរពិសាទំនិញឲ្យលុយគេ សប្បាយឲ្យលុយគេ ឈឺឲ្យលុយគេ…តើពេលណាទៅទើបខ្មែរឈប់ដកដង្ហើមតាមបរទេស?
© រក្សាសិទ្ធិដោយ thmeythmey.com