ជាតិ
សង្គមជាតិ
កម្ពុជា​កំពុង​សម្លឹងមើល​ទីផ្សារធំៗសម្រាប់​នាំចេញ​ស្បែក​ក្រពើ
29, May 2015 , 1:08 pm        
រូបភាព
សៀមរាប៖ បច្ចុប្បន្ននេះ ទីផ្សារ​ស្បែក​ក្រពើ​នៅ​កម្ពុជា​ហាក់​នៅ​ចង្អៀត​នៅឡើយ ជារួម​មានតែ​ប្រទេសជិតខាង​ប៉ុណ្ណោះ ដែល​កម្ពុជា​នាំចេញ​ទៅ ហើយ​ការនាំចេញ​ទាំងនោះ ក៏​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង​តែប៉ុណ្ណោះ។ ទីផ្សារ​ស្បែក​ក្រពើ​កម្ពុជា មិនទាន់​ចុះបញ្ជី​ក្នុង​អនុ​ញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ CITES ឲ្យ​ទូលំទូលាយ​នោះដែរ ទើប​ធ្វើ​ឲ្យ​កម្ពុជា មិនទាន់​នាំចេញ​ស្បែក​ក្រពើ ទៅកាន់​ទីផ្សារធំៗបាន។ យ៉ាងណា កម្ពុជា​កំពុង​សម្លឹង​រកមើល​ទីផ្សារធំៗ ដើម្បី​ធ្វើយ៉ាងណា ពាណិជ្ជកម្ម​ចិញ្ចឹម​ក្រពើ​មាន​ភាពប្រសើរឡើង តាមរយៈ​តម្រូវ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ក្រពើ រៀបចំ​បែបបទ​ដើម្បី​ចុះបញ្ជី​ក្នុង​អនុ​ញ្ញា CITES។



ក្នុងមួយឆ្នាំៗ កម្ពុជា​បាន​នាំចេញ​ស្បែក​ក្រពើ​ចន្លោះ​ពី ១ពាន់​ទៅ ២ពាន់​ស្បែក ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម ថៃ និង​ចិន។ ចំនួន​នេះ គឺ​ស្ថិតក្នុង​ដំណាក់កាល​សាកល្បង​តែប៉ុណ្ណោះ ព្រោះថា ស្បែក​ក្រពើ​កម្ពុជា មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ការនាំ​ចេញទៅ​ទីផ្សារធំៗ ដូចជា​នៅ​អឺរ៉ុប​បាន​នៅឡើយ​ទេ។ បញ្ហា​ដែល​កម្ពុជា​កំពុង​ប្រឈម​មួយទៀត គឺ​ស្បែក​ក្រពើ​កម្ពុជា មិនទាន់​ទទួលស្គាល់​ដោយ​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ CITES ស្តីពី​ជំនួយ​ក្រពើ​នោះទេ និង​បញ្ហា​ជំងឺ​ជាដើម។

អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ CITES បង្កើតឡើង​ដើម្បី​ត្រួតពិនិត្យ និង​ប្រាកដថា ស្បែក​ក្រពើ​ដែល​នាំ​ចេញទៅ​ក្រៅប្រទេស គឺមាន​គុណភាព​ល្អ និង​ជា​ស្បែក​ក្រពើ​ក្នុង​កសិដ្ឋាន មិនមែនជា​ស្បែក​ក្រពើ​ធម្មជាតិ​នោះទេ។ អនុសញ្ញា​នេះ គឺ​ដើម្បី​អភិរក្ស​ក្រពើ​ព្រៃ និង​ក្រពើ​ធម្មជាតិ ជៀសវាង​ពី​ការ​ផុត​ពូជ​នៃ​សត្វ​ក្រពើ​ទាំងនោះ ក៏ដូចជា​ដើម្បី​ការពារ​ធនធានធម្មជាតិ​ជាដើម។

លោក ហេង សុវណ្ណារ៉ា អនុប្រធាន​អភិរក្ស​ជលផល នៃ​រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​កំពុង​សម្លឹងមើល​ទីផ្សារ​ស្បែក​ក្រពើ​ទៅកាន់​ទីផ្សារធំៗ ក្រៅពី​ក្នុង​តំបន់។ លោក​បន្តថា កម្ពុជា​កំពុង​ធ្វើយ៉ាងណា ដើម្បី​ធានាថា ទីផ្សារ​ស្បែក​ក្រពើ​មាន​លក្ខណៈ​ស្របច្បាប់ ដើម្បី​ឈានដល់​ការចុះបញ្ជី​ក្នុង​អនុសញ្ញា CITES ។ លោក សុវណ្ណារ៉ា បញ្ជាក់ថា៖« មិនមែន​ថា​យើង​គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​ទីផ្សារធំៗនោះទេ តែ​ទន្ទឹមនឹងនោះ យើង​ត្រូវ​ត្រៀមខ្លួន​ធ្វើយ៉ាងណា ផលិត​ឲ្យ​បានល្អ»។

យ៉ាងណាក៏ដោយ ការចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា​មិនទាន់​ប្រសើរ​ដូច​ប្រទេសផ្សេងៗទេ ជារួម​ក្រពើ​តែងមាន​ជំងឺ ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្បែក​ថោក និង​អាច​គ្មាន​ទីផ្សារ​ទៅ​ក្រៅ​ជាដើម ក្រៅពី​ផលិត​ក្នុងស្រុក។ បើតាម​ការបញ្ជាក់​ថា​ពី​មន្ត្រី​នៃ​រដ្ឋបាល​ជលផល បច្ចុប្បន្ន​មាន​កន្លែង​ចិញ្ចឹម​ក្រពើ​ចំនួន ៥៦៥កន្លែង ដែល​បាន​ចុះបញ្ជី​ជា​ថ្នាក់ជាតិ ដែល​ទទួលស្គាល់​ដោយ​រដ្ឋបាល​ជលផល ក្រៅពីនេះ មាន​កន្លែង​ផ្សេងទៀត ដែល​មិនទាន់​ចុះបញ្ជី ហើយ​រដ្ឋបាល​ជលផល​កំពុង​ប្រមែប្រមូល​ដើម្បី​ឲ្យ​កន្លែង​ទាំងនោះ​ចុះបញ្ជី។ ខេត្ត​ដែលមាន​កន្លែង​ចិញ្ចឹម​ក្រពើ​ច្រើនជាងគេ គឺ​ខេត្តសៀមរាប និង​បណ្តា​ខេត្ត​ស្ថិតនៅ​បណ្តោយ​បឹង​ទន្លេសាប។ ក្នុងចំណោម​កសិដ្ឋាន​ជាង៥០០កន្លែង មានតែ២០ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​ក្នុង​អនុសញ្ញា CITES ហើយ​ដែល​អាច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​បាន។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​អន្តរជាតិ​មួយ​បាន​ធ្វើឡើង​រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី២៨ ឧសភា​នៅ​ទីក្រុង​សៀមរាប ដែល​ប្រមូលផ្តុំ​ដោយ​អ្នកជំនាញ​ក្រពើ មកពី​បណ្តា​ចំនួន៤០ ក្នុង​តំបន់​អាស៊ី​ខាងកើត និង​អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំ​នេះ មានបំណង​ធ្វើ​សំខាន់​ដើម្បី​អភិរក្ស និង​ការធ្វើ​ពាណិជ្ជកម្ម​ក្រពើ​ឲ្យ​បាន​ត្រឹមត្រូវ គឺថា ទន្ទឹមនឹង​ពាណិជ្ជកម្ម​ហើយ អ្នកជំនួញ​ទាំងអស់​មិនត្រូវ​ភ្លេច​ពី​ការអភិរក្ស​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នោះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com