កីឡាអន្តរជាតិ
អន្តរជាតិ
លោក Blatter បន្ត​តំណែង​ជា​ប្រធាន FIFA ក្រោយ​ព្រះអង្គម្ចាស់ Ali ដកខ្លួន​នៅ​ជុំ​ទី២
30, May 2015 , 12:27 am        
រូបភាព
ដោយ: រួបរួម
លោក Sepp Blatter បន្តកាន់កាប់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) រយៈពេល៤ឆ្នាំ​បន្ថែមទៀត បន្ទាប់ពី​ការសម្រេច​ដកខ្លួន​រប​ស់​ព្រះអង្គម្ចាស់ Ali bin al-Hussein នា​សមាជ​លើក​ទី៦៥របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ទីក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស នា​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ។



ការបោះឆ្នោត​មានការ​ចូលរួម​ពី​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​ចំនួន២០៩ ដោយ​កម្ពុជា​តំណាង​ដោយ​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។ សម្រាប់​ការបោះឆ្នោត​ជុំទីមួយ លោក Sepp Blatter ទទួលបាន១៣៣សំឡេង ខណៈ​ព្រះអង្គម្ចាស់ Ali បាន៧៣សំឡេង។ ការបោះឆ្នោត​ឈានដល់​ជុំ​ទី​ពីរ​ដោយសារតែ​សំឡេងគាំទ្រ​ដល់​លោក Blatter នៅក្រោម​ពីរភាគបី។

ខណៈដែល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រៀប​ចំការ​បោះឆ្នោត​ជុំ​ទី​ពីរ ព្រះអង្គម្ចាស់ Ali បានប្រកាស​ពី​ការដកខ្លួន​ចេញ ដែល​នាំ​ឲ្យ​លោក Blatter បន្ត​តំណែង​រយៈពេល៤ឆ្នាំ​ទៀត។

លោក Sepp Blatter បាន​កាន់កាប់​តួនាទី​ជា​ប្រធាន FIFA វាប់​តាំងពី​ឆ្នាំ១៩៩៨ មក ដោយ​បន្ត​តំណែង​ពី​លោក Joao Havenlange។ បុរស​ជនជាតិ​ស្វី​ស​អាយុ៧៩ឆ្នាំ​រូបនេះ បាន​ជាប់ឆ្នោត​សារជាថ្មី​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ២០០២, ២០០៧ និង២០១១ ។

លោក Blatter បានទទួល​រង​នូវ​ការចោទប្រកាន់​ជាច្រើន​ទាក់ទង​នឹង​ករណី​ពុករលួយ​ក្នុងនាម​ជា​ប្រធាន​ស្ថាប័ន​កីឡាបាល់ទាត់​កំពូល​របស់​ពិភពលោក​នា​រយៈពេល១៧ឆ្នាំកន្លងមក។ នៅមុន​ការរៀបចំ​សមាជ សមាជិក FIFA ចំនួន​ត្រូវបាន​ចាប់ខ្លួន និង​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​របស់​ភ្នាក់ងារ​អាមេរិក FBI ផងដែរ។

ព្រះអង្គម្ចាស់ Ali bin al-Hussein ព្រះជន្ម៣៩វស្សា គឺជា​បុត្រា​ទី​បី​នៃ​ស្តេច​ហ្ស៊​ក​ដង់ Hussein ។ ក្រៅពី​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ហ្ស៊​ក​ដង់ និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ខាងលិច ព្រះអង្គ Ali មាន​តួនាទី​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ទទួលបន្ទុក​ទ្វីបអាស៊ី ចាប់តាំងពី​ដើមឆ្នាំ២០១១ មក៕



© រក្សាសិទ្ធិដោយ thmeythmey.com