ជាតិ
សួន លីនដា មិនទាន់ទទួលយកស្នេហាដាក់ខ្លួន
× ភ្នំពេញ៖ តារាចម្រៀងរបស់សាន់ដេវ័យ២៣ឆ្នាំ នាង សួន លីនដា បានបង្ហើបឲ្យដឹងពីរឿងផ្ទាល់ខ្លួនថា នាងមិនទាន់បានត្រៀមចិត្តទទួលយកស្នេហារបស់បុរសណាម្នាក់ឡើយ អ្វីដែលនាងគិតនាពេលនេះ គឺជាការងារសិល្បៈដែលកំពុងហុចផលឲ្យនាង។
តារាចម្រៀងដែលចូលចិត្តអួតសម្រស់ធម្មជាតិជាងការកែសម្ផស្សនាង សួន លីនដា កំពុងត្រូវប៉ាន់ដោយសារមានហ្វូងកន្លង់មិនតិចឡើយតាមហើរឆ្វែលកុលាបរូបនេះចង់បាននាងថ្នាក់ថ្នមធ្វើជាម្ចាស់បេះដូងហើយចុងក្រោយនេះល្បីថា មានអ្នកស្ម័គ្រចិត្តឧបត្ថម្ភនាងទៀតផង។
ម្ខាស់បទ «មានសង្សារជាព្រាននារី» ដែលធ្វើឲ្យទស្សនិកជនកាន់តែស្គាល់នាងកាន់តែច្រើនក្រោយតារារូបនេះបានផ្លាស់ពីផលិតកម្មស្វាងតារាមកផលិតកម្មសាន់ដេនោះ នៅពេលថ្មីៗនេះ សួន លីនដា ក៏ហាក់មានសន្ទុះខ្លាំងឡើងជាងមុនទ្វេឡើងពិសេសតាមរយៈបទថ្មីៗរបស់នាង ដូចជា បទ«ហ៊ាចេះតែចោទ» , «បងពិតជាអាក្រក់ដូចគេថា» និងបទញាក់ «Honey I hate you» ជាដើម។
ស្របគ្នានឹងការឡើងកូដចំពោះការងារនៅផលិតកម្ម ដោយឡែករឿងរ៉ាវស្នេហាវិញ ប្រភពនៅក្នុងសិល្បៈក៏បានឲ្យដឹងផងដែរថា សួន លីនដា ក៏កំពុងមានហ្វូងកន្លង់មិនតិចតាមសុំស្នេហ៍នោះដែរ រហូតប្រភពមួយបានបង្ហើបឲ្យដឹងថា មានបុរសខ្លះហ៊ានដាក់ទុនទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារទៀតផងឲ្យតែនាងព្រមទទួលយកស្នេហារបស់គេដាក់ក្នុងបេះដូងនោះ។
ស្របគ្នានោះ នាងបានបញ្ជាក់ថា នៅពេលនេះ បេះដូងរបស់នាងគឺនៅទំនេរស្អាតមិនមានប្រឡូកប្រឡាក់ដោយឥទ្ធិពលទឹកប្រាក់របស់បុរសណាម្នាក់នោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com