ពេជ្រ ម៉ា​រី​ដា មិន​ខ្លា​ចនឹង​ប្រាប់ថា មាន​ស្នេហា​ភេទ​ដូចគ្នា
02, Jun 2015 , 9:49 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារាចម្រៀង ដើរ​ម៉ូដ និង​សម្តែង កញ្ញា ពេជ្រ ម៉ា​រី​ដា បាន​បង្ហើប​ឲ្យ​ដឹង​ពី​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន​ថា សព្វថ្ងៃ​នាង​មាន​សង្សារ​ហើយ ដែលជា​អ្នករស់នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​សង្សារ​នាង គឺជា​មនុស្ស​ស្រី​ដូចគ្នា។



ការទម្លាយ​ចេញពី​ទំនាក់ទំនង​ស្នេហា​ភេទ​ដូចគ្នា​របស់​តារាចម្រៀង និង​សម្តែង ពេជ្រ ម៉ា​រី​ដា វា​ពិតជា​ធ្វើ​ឲ្យ​មហាជន​មួយចំនួន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​ដោយ​មិនមាន​ភាពស្ទាក់ស្ទើរ ដែល​ផុះ​ចេញពី​ទឹកចិត្ត​របស់​នាងពិត។នៅពេលដែល​ឮដំណឹង​បែបនេះ ប្រហែលជា​ធ្វើ​ឲ្យបុរសៗមួយចំនួន​លួច​ជញ្ជក់មាត់ ស្តាយ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់ របស់​បុប្ផា​មួយទង​នេះ​មិន​ខាន ខណៈដែល​នាង​បានប្រគល់​បេះដូង​ឲ្យ​ទៅ​មនុស្ស​ភេទ​ដូចគ្នា​បែបនេះ។

ទោះជា​បែបណា ពេជ្រ ម៉ា​រី​ដា បាន​ប្រាប់​ពី​មូលហេតុ​មួយចំនួន ដែល​បណ្តាល​ឲ្យ​នាង​សម្រេចចិត្ត​ជ្រើស​យក​សង្សារ​ភេទ​ដូច គ្នា​យ៉ាង​ដូច្នេះ​ថា ដោយសារតែ​កន្លងទៅ នាង​ធ្លាប់​ឈឺចិត្ត ស្អិត​ទ្រូង​នឹង​រឿង​ស្នេហា​ចំពោះ​បុរស​ម្នាក់ ដែល​បានធ្វើ​បាបចិត្ត​នាង ជាន់ឈ្លី​បេះដូង​ដ៏​ស្មោះ​របស់​នាង​ដោយ​គ្មាន​អាណិត ទើប​សម្រេចចិត្តថា ឈប់​យក​មនុស្ស​ប្រុស​ជា​គ្នា​ទៀតហើយ បើទោះជា ត្រូវ​រៀបការ​ក៏​មិន​ជ្រើស​យក​មនុស្ស​ប្រុស​ដែរ។

នៅពេលដែល​សួរថា តើ​កា​រស​ម្រ​ច​ចិត្ត​យក​គូ​អនាគត​ជា​ភេទ​ដូចគ្នា​បែបនេះ ឪពុកម្តាយ​មិន​បន្ទោស​ទេ​ឬ? នាង​ឆ្លើយថា ប៉ា​ម៉ា​ក់នាង​មិន​បន្ទោស​នោះទេ គាត់​ស្របតាម​ការសម្រេចចិត្ត​របស់​នាង ពិសេស​គឺ​រឿង​គូ​អនាគត​នេះឯង។
 
មតិ​ខ្លះ លើកឡើងថា បើ​នាង​រៀបការ​ជាមួយ​ស្វាមី​ភេទ​ដូចគ្នា​នោះ​ពិតមែន នាង​នឹង​គ្មាន​កូន​បន្ត​វង្ស ត្រកូល មិន​ខាន។ ចំពោះ​បញ្ហា​នេះ ម៉ា​រី​ដា ប្រាប់ថា នាង​មិន​ខ្វល់​ពី​រឿង​អត់​កូនចៅ​បន្ត​វង្ស​ត្រកូល​នោះទេ នាង​នឹង​ពិភាក្សា​ជាមួយ​ស្វាមី ដើម្បី​រក​កូនក្មួយ​មក​ចិញ្ចឹម​ជា​កូន​ក៏បាន។
 
យ៉ាងណាក្តី កញ្ញា ពេជ្រ ម៉ា​រី​ដា បាន​សម្តែង​សុំ​ការ​អធ្យាស្រ័យ​ពី​មហាជន​មួយចំនួន មេត្តា​កុំ​រិះគន់​នាង​ដែល​បាន​សម្រេចចិត្ត រៀបការ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​យ៉ាងនេះ។ នាង​អះអាងថា ការរៀប​ការ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា ឬ​ផ្ទុយគ្នា វា​មិន​សំខាន់​ទេ ប្រការ​សំខាន់​គឺ ការ​មាន​ស្នេហា​ស្មោះ​ចំពោះ​គ្នា​និង​គ្នា រស់នៅ​ប្រកបដោយ​សុភមង្គល​ទៅបាន​ហើយ។
 
ពេជ្រ ម៉ា​រី​ដា ធ្លាប់បាន​ថត​ខ្សែ​រឿង​ភាគ មានដូចជា​រឿង “ព្រហ្ម​លិខិត”, រឿង “សន្យា​ស្នេហ៍” និង​រឿង “ម៉ឺ​នុយ​ធ្នាក់ អន្ទាក់ស្នេហ៍” ។ ពេល​កន្លងទៅ នាង​ធ្លាប់​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជាច្រើន​រឿង មានដូចជា​រឿង “បេសកកម្ម​តន្ត្រី”, រឿង “ល្បង​ស្នេហ៍​ពិសោធ​ចិត្ត” ,រឿង “ម៉ែក្មេក​រើស​កូនប្រសា” និង​រឿង “ជីវិត​នាង​រក្សា” ជាដើម...៕



© រក្សាសិទ្ធិដោយ thmeythmey.com