ដាលីន ​បង្ហើប​ថា​មាន​អ្នក​ស្រលាញ់​ច្រើនតែ​មិនទាន់​អើពើ
04, Jun 2015 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ពិធី​ការិនី​វ័យក្មេង​កញ្ញា​ច័ន្ទ​ដួង​សូ​ដាលីន​ហៅ​អា​លីន​បាន​បង្ហើប​ប្រាប់​ពី​ជីវិត​ផ្ទាល់ខ្លួន​ថា​សព្វថ្ងៃ​នាង​ជាប់រវល់​ការងារ​ធ្វើជា​ពិធី​ការិនី​ពុំ​សូវ​មាន​ពេលទំនេរ​ឡើយ​ទាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​និង​តាម​បណ្តាល​ខេត្ត​ដែល​នាំ​ឲ្យ​នាង​ទុក​រឿង​ស្នេហា​នៅ​មួយ​ឡែក​សិន​បើទោះជា​នាង​ប្រាប់ថា​មាន​អ្នក​ស្រលាញ់​ច្រើនក្តី តែ​មិនទាន់​អើពើ​គិតគូ​ឡើយ។



ក្នុង​វ័យ២១ឆ្នាំ​ពិធី​ការិនី​ស្រស់​សោភា​កញ្ញា​ច័ន្ទ​ដួង​សូ​ដាលីន​បាន​ឲ្យ​ដឹងថា​ការងារ​សិល្បៈ​របស់​នាង​សព្វថ្ងៃ​កំពុង​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​គាប់ចិត្ត។នាង​បាន​ឲ្យ​ដឹងថា​ក្រៅពី​ធ្វើ​ពិធី​ការិនី​នាង​ក៏​កំពុងកាន់​ការងារ​ជា​DJនៅ​វិទ្យុ​ឯករាជ103.30 មេ​ហ្គា​ហឺត​ក្នុង​កម្មវិធី​ជួប​មិត្ត​សិល្បករ​និង​ចាប់​ដៃគូ​ជាមួយ​លោក​ភោ​សុ​ផានិត​ផងដែរ។

ក្នុង​ជំហាន​បោះ​ចូល​សិល្បៈ​ដំបូង​អា​លីន​បាន​រំលឹក​ឲ្យ​ដឹងថា​មុនដំបូង​នាង​ជា​បេក្ខជន​ដែល​បាន​ចូលរួម​ប្រលង​ក្នុង​កម្មវិធី​វេទិកា​កញ្ញា​ហ្គោល​ណេ​ស​ដែល​រៀច​ចំ​ឡើង​ដោយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ៣ប៉ុន្តែ​នាង​ត្រូវបាន​អ្នករៀបចំ​កម្មវិធី​ចាប់អារម្មណ៍​ដោយ​ឲ្យ​នាង​មក​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី​នេះ​តែម្តង​ខណៈ​បោះបង់​ការប្រកួតប្រជែង​មួយ​មិនទាន់​ទទួលលទ្ធផល។ចាប់តាំងពី​នោះមក​នាង​ទទួលបាន​ការងារ​ជា​បន្តបន្ទាប់​រហូត​ត្រូវបាន​លោក​ភោ​សុ​ផានិត​បណ្តុះ​បណ​ញ​តា​ល​ឲ្យ​បាន​ក្លាយជា​DJ នៅ​វិទ្យុ​ឯករាជ103.30 មេ​ហ្គា​ហឺត​ក្នុង​កម្មវិធី​ជួប​មិត្ត​សិល្បករ​ទៀតផង។

សព្វថ្ងៃ​ក្រៅពី​ការងារ​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​និង​វិទ្យុ​នាង​ក៏បាន​ការអញ្ជើញ​ឲ្យ​ចេញទៅ​ធ្វើ​ពិធី​ការិនី​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​ក្នុង​កម្មវិធី​ហាយ​ស្តារ​ខន​សឺត។ បើទោះបីជា​ទើបតែ​បោះជំហាន​ចូលប្រឡូក​សិល្បៈ​នា​ពាក់កណ្តាល​ឆ្នាំ២០១៣ប៉ុន្តែ​អា​លីន​ត្រូវបាន​មហាជន​ស្គាល់​វត្តមាន​នាង​និង​កោតសរសើរ​ពី​ទេពកោសល្យ​និង​រូបសម្បត្តិ​ដ៏​ស្រស់​សោភា​របស់​នាង។

ទាក់ទិន​នឹង​ជីវិត​ឯកជន​វិញ​ច័ន្ទ​ដួង​សូ​ដាលីន​បាន​ឲ្យ​ដឹងថា​សព្វថ្ងៃ​នាង​នៅ​មិនទាន់មាន​ម្ចាស់​បេះដូង​នៅឡើយ​ទេ​ដោយសារ​ជាប់រវល់​ការងារ​ពុំ​សូវ​មាន​ពេលទំនេរ​ទាំង​នៅ​ប៉ុស្តិ៍​ទូរ​រទស្ស​ន៍​និង​តាម​បណ្តាល​ខេត្ត​នាំ​ឲ្យ​នាង​ទុក​រឿង​ស្នេហា​នៅ​មួយ​ឡែក​សិន​បើទោះជា​នាង​ប្រាប់ថា​មាន​អ្នក​ស្រលាញ់​ច្រើនក្តី។

ច័ន្ទ​ដួង​សូ​ដាលីន​ដែលមាន​ស្រុកកំណើត​នៅ​ភ្នំពេញ​សព្វថ្ងៃ​នាង​ក៏​ជា​និស្សិត​ឆ្នាំ​ទី១ផ្នែក​គ្រប់គ្រង​និង​ទីផ្សារ។នាង​មាន​បងប្អូន៤នាក់​ស្រី២នាក់​នាង​ជា​កូនច្បង​ក្នុង​គ្រួសារ។ទៅ​ថ្ងៃ​អនាគត​នាង​ចង់​ក្លាយជា​ពិធី​ការិនី​ល្បី​មួយរូប៕

   

© រក្សាសិទ្ធិដោយ thmeythmey.com