ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ អ្នកនយោបាយ ៖ «ក្នុង​ជីវិត​លោក ជា ស៊ីម លះបង់​ច្រើនណាស់​សម្រាប់​កម្ពុជា»
08, Jun 2015 , 5:26 pm        
រូបភាព
 
អ្នកនយោបាយ អ្នកវិភាគ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​មរណភាព​របស់លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​ទាំងនោះ សុទ្ធតែ​សរសើរ​ពី​វីរភាព​របស់លោក ជា ស៊ីម ដែល​បាន​លះបង់ ដើម្បី​បុព្វហេតុ​ប្រទេសជាតិ​រាប់សិប​ឆ្នាំកន្លងមក។



លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ៖« ខ្ញុំ​សោកស្តាយ និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់លោ​កតា។ គាត់​គឺជា​និមិត្តរូប​របស់​ជាតិ​មួយ ដែល​ខំតស៊ូ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​បរ​ទេស គាត់​ស្រឡាញ់​ជាតិ។ ក៏ប៉ុន្តែ​ដោយសារតែ​ពេលវេលា កាលៈទេសៈ​មិន​ផ្តល់​ឲ្យ​អំណោយផល​ដល់​គាត់ ទើប​គាត់​មិនអាច​ធ្វើការ​បាន​ច្រើន​ដើម្បី​ជាតិ តាមចិត្ត​ខ្លួន។មិត្តភក្តិ​ខ្ញុំ​លោក វ៉ាន់ ឌី​កា​អុន អ្នកសរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ និង​ធ្លាប់​សរសេរ​សៀវភៅ​ទាក់ទង​នឹង​សម្តេច ជា ស៊ីម នេះ បាន​ប្រាប់​ខ្ញុំ​ថា លោក ជា ស៊ីម លះបង់​ដើម្បី​ជាតិ​មាតុភូមិ​ច្រើនណាស់​ក្នុង​ជីវិត​របស់លោក» ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ៖« ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ យើង​សោកស្តាយ​បំផុត​ចំពោះ​មរណភាព​របស់​សម្តេច ជា ស៊ីម នៅពេលនេះ។ សម្តេច ជា ស៊ីម គាត់​បាន​បំពេញ​កាតព្វកិច្ច​ច្រើន ដើម្បី​បុព្វហេតុ​ប្រទេសជាតិ។ ខ្ញុំ​គិតថា ពេលនេះ មេបក្ស​ខ្ញុំ ដែល​កំពុង​នៅក្រៅ​ប្រទេស​ទំនងជា​កំពុង​ត្រៀម​ធ្វើ​សេចក្តីថ្លែងការណ៍ ដើម្បី​ចូលរួម​មរណៈទុក្ខ»។

អ្នកវិភាគ​នយោបាយ លោក សុខ ទូច ៖«ខ្ញុំ​មានការ​សោកស្ដាយ​ចំពោះ​ការបាត់បង់​អ្នកនយោបាយ​ចាស់ទុំ ដែលមាន​បទពិសោធន៍​ច្រើន មាន​ភាព​ស្ងាត់​រងំ ដែល​គិត​ប្រយោជន៍​ជូន​ជាតិ​ជាង​ខ្លួន ក្នុង​ការកសាង​ប្រទេស។ ចំពោះ​ការបាត់បង់​នេះ គឺជា​ការបាត់បង់​នូវ​ស្ថាបនិក​នៅក្នុង​គណបក្ស​ប្រជាជន ស្ថាបនិក​ថ្ងៃ៧មករា ស្ថាបនិក​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ថាបនិក​រណសិរ្ស​រំដោះជាតិ»។

លោក អ៊ូ វីរៈ អ្នកវិភាគ៖«ខ្ញុំ​សូម​ចូល​រំលែក​ទុក និង​សោកស្ដាយ កាន់​ទុក​ក្នុងការ​បាត់បង់​អ្នកនយោបាយ​ចាស់ទុំ ដែលមាន​ចិត្តធម៌ ពូកែ​សម្របសម្រួល​បាន​ច្រើន មិន​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា»៕



© រក្សាសិទ្ធិដោយ thmeythmey.com