ជាតិ
តំណាង​យូណេស្កូ​សាទរ​គម្រោង​សង់​ប្រាសាទ​ឥណ្ឌា ដោយ​ចម្លង​តាម​ប្រាសាទអង្គរវត្ត
10, Jun 2015 , 8:19 pm        
រូបភាព
ដោយ:
 
ភ្នំពេញ ៖តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា លោកស្រី អែន​នី ឡី​ម៉ៃ​ស្រែ្ទ (Anne Lemaistre) បាន​សាទរ ចំពោះ​គម្រោង​សង់​ប្រាសាទ​ឥណ្ឌា ដោយ​ចម្លង​តាម​ប្រាសាទ អង្គរវត្ត។ លោកស្រី​បញ្ចេញ​ទស្សន​ផ្ទាល់ខ្លួន​ថា លោកស្រី​រីករាយ នៅពេលដែល​ឥណ្ឌា​មាន បំណង​ចង់​សង់​យក​គំរូ​តាម​ប្រាសាទ​អង្គ​វត្ត ដោយ​លោកស្រី​យល់ឃើញថា នេះ​នឹងធ្វើ​ប្រាសាទ​អង្គ​វត្ត​កាន់តែ​ល្បីឈ្មោះ​លើ​ពិភពលោក។


លោកស្រី Anne Lemaistreបាន​និយាយ​បែបនេះ បន្ទាប់ពី​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​សម្រាប់​ការអប់រំ ឆ្នាំ២០០០-២០១៥រវាង​អង្គការ​យូណេស្កូ​និង​ក្រសួង​អប់រំ យុវជន និង​កីឡា នា​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃទី១០ ខែមិថុនា​នេះ។

លោកស្រី អែន​នី ឡី​ម៉ៃ​ស្រែ្ទ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្តថា បេ​ក​តិ​ភណ្ឌ​ល្បីឈ្មោះ​លើ ពិ​ភ​លោក​មួយចំនួន​ក៏មាន​ប្រទេស​ផ្សេងទៀត សង់​យក​គំរូ​តាម​ដែរ ដោយសារ​ប្រទេស​នោះ ចង់​ល្បីឈ្មោះ​តាម​ប្រទេស​ដែល​ខ្លួន​ចម្លង​នោះ។

លោកស្រី​ថា៖«ខ្ញុំ​រីករាយ​ពេលដែល​ប្រទេស​ឥណ្ឌា មានបំណង​សង់​ប្រាសាទ​ដោយ​យក​គំរូ តាម​ប្រាសាទអង្គរវត្ត ព្រោះ​បេ​ក​តិ​ភណ្ឌ​ពិភពលោក​មួយចំនួន​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ក៏មាន​ប្រទេស​ផ្សេងទៀត ធ្វើតាម​ផងដែរ ដូចជា​ទួល​អេ​ហ្វ​ហ្វ៊ែ​ល ប្រទេស​បារាំង»។

គួររម្លឹកថា នៅ​ថ្ងៃទី៦ មិថុនា កន្លងមក​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ផ្ញើ​កំណត់​ទូត​មួយ​ទៅកាន់​ក្រសួងការបរទេស​ឥណ្ឌា​ដោយ​ស្នើ​ឲ្យ​ស្ថាប័ន​នេះ ចាត់ការ​ទៅ​ក្រុមហ៊ុន​មួយ​របស់​ឥណ្ឌា​ឈ្មោះ​ក្រុមហ៊ុន MAHAVIR MANDIR TRUST ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទអង្គរវត្ត​ដែល​ចម្លង​រចនាបថ​ទាំងស្រុង​ពី​ប្រាសាទអង្គរវត្ត​កម្ពុជា។

ខ្លឹមសារ​ក្នុង​កំណត់​ទូត​តវ៉ា បាន​សរសេរ​បញ្ជាក់ថា​ការសង់​ប្រាសាទ ដោយ​ចម្លង​តាម​ប្រាសាទអង្គរវត្ត​នោះ គឺ​ក្នុង​បំណង​ផលប្រយោជន៍​ពាណិជ្ជកម្ម​និង​បង្ហាញ​ពី​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក។ជាង​នេះ ប្រាសាទអង្គរវត្ត គឺជា​និមិត្តរូប​ដ៏​សំខាន់​ក្នុង​ទង់ជាតិ​កម្ពុជា​ជាច្រើន​សតវត្ស​មកហើយ​នោះ។ តាមរយៈ​កំណត់​ទូត អាជ្ញា​កម្ពុជា​ទូត​កម្ពុជា​បានស្នើ​ក្រសួងការបរទេស​ឥណ្ឌា​ឲ្យ​ពិចារណា​យ៉ាង​ម៉ត់ចត់​ជាបន្ទាន់​នូវ​គម្រោង​សាងសង់​ចម្លង​តាម​ប្រាសាទអង្គរវត្ត​ខ្មែរ ដើម្បី​ថែរក្សា​ទំនាក់ទំនង​ប្រពៃណី​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ ។

ទាក់ទិន​ករណីនេះ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អាង​គឹម​អៀង ក៏បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​នេះដែរ។  លោក​ថ្លែង​សារព័ត៌មានថ្មីៗកន្លងមក​ថា
ប្រសិនបើ​ឥណ្ឌា​ពិតជា​កសាង​ប្រាសាទអង្គរវត្ត​បាន​ពិតប្រាកដ​មែន​នោះ​ទេសចរ​នឹង​បែង​ចែកជា​ពីរ ទីមួយ​គឺ​អ្នក​ដែល​ចង់ទៅ​ឃើញ​របស់​ពិត​និង​ទី​ពីរ គឺ​ចង់ឃើញ​របស់​ថ្មី។របស់​ថ្មី​ដែល​អាចមាន​ការសាងសង់​ទំនើប​ជាង។ «ធម្មតា​របស់​ចាស់​វា​មានតម្លៃ​ជាង​របស់​ថ្មី តែ​អ្វីដែល​ថ្មី​វា​ក៏មាន​អាយុ​វែង​ជា​របស់​ចាស់​ដែរ»។ នេះ​បើតាម​ការយល់ឃើញ​រប​ស់លោក អាង​គឹម​អៀង។

បើតាម​ព័ត៌មាន​កន្លងមក ឥណ្ឌា​កំពុង​ដំណើរ​សាងសង់​ប្រាសាទអង្គរវត្ត​ដោយ​យក​គំរូ​តាម​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ។ ការសាងសង់​នេះ​គ្រោង​ចំណាយ​ថវិកា​ចំនួន៧៨លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅលើ​ផ្ទៃដី​ជាង ២០០ហិកតា។

គួរ​បញ្ជាក់ថា ឥណ្ឌា​គឺជា​ប្រទេសមួយ​ដែល​វិនិយោគ​លើ​ការជួយ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុងនោះ​មាន​ប្រាសាទអង្គរវត្ត ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ​កំពុងដំណើរការ​ជួសជុល​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម។តើ​អាចនិយាយបាន​ទេ​ថា ឥណ្ឌា​មានគំនិត​ចម្លង​ស្នាដៃ​អង្គរវត្ត​មុននឹង​ខ្លួន​ចូលខ្លួន​វិនិយោគ​ជួយ​ជួសជុល​ប្រាសាទ​របស់​ខ្មែរ?



© រក្សាសិទ្ធិដោយ thmeythmey.com