ពិភពតារា៖ នាយតឹង ជិះម៉ូតូ៩០គីឡូម៉ែត្រ មកសម្តែងកំប្លែងនៅភ្នំពេញ
×
ភ្នំពេញ៖តារាកំប្លែងដែលបានសាងកេរ្តិ៍ឈ្មោះតាមរយៈកម្មវិធីទូរទស្សន៍ជាតិកម្ពុជានាយតឹង បានប្រើជីវិតប្រឡូកក្នុងអាជីពកំប្លែងអស់រយៈពេលជាង៨ឆ្នាំ ដោយជួបការលំបាកយ៉ាងច្រើនដ្បិតអីត្រូវជិះម៉ូតូមកសម្ដែងកំប្លែងនៅភ្នំពេញក្នុងរយៈចម្ងាយជិត៩០គីឡូម៉ែត្រខណៈពេលមានកម្មវិធីសម្ដែងម្ដងៗនៅតាមកម្មវិធីទូរទស្សន៍ម្តង។
នាយតឹងដែលមានឈ្មោះពិតប្រាកដថាសួងហ៊ុន បានចូលប្រឡូកសិល្បៈជាង៨ឆ្នាំមកហើយប៉ុន្តែនាយទើបតែនឹងចូលមកសម្ដែងកំប្លែងនៅភ្នំពេញកាលពី៦ឆ្នាំមុននេះប៉ុណ្ណោះខណៈរយៈពេលនៅសល់នាយសម្ដែងនៅក្នុងស្រុកកំណើត និងឆ្លៀតពេលបានធ្វើស្រែចំការផងដែរ។
នាយតឹងបានត្អូញត្អែរថាក្នុងរយៈពេលកន្លងមកនេះនាយជួបការលំបាកច្រើនដ្បិតអីត្រូវជិះម៉ូតូមកសម្ដែងកំប្លែងនៅភ្នំពេញក្នុងរយៈចម្ងាយជិត៩០គីឡូម៉ែត្រខណៈពេលមានកម្មវិធីសម្ដែងម្ដងៗនៅតាមកម្មវិធីទូរទស្សន៍នាយត្រូវជិះម៉ូតូមកមុនមួយថ្ងៃដោយសម្រាកនៅផ្ទះជួល។ នាយតឹងប្រាប់ថាអាជីពរបស់នាយជោរនាជដូចទឹកសមុទ្រគឺរដូវប្រាំងទើបមានការងារសម្ដែងច្រើននៅតាមពិធីរៀបមង្គលការនានារួមទាំងការចេញសម្ដែងនៅតាមបណ្ដាខេត្តផង។ ប៉ុន្តែសម្រាប់រដូវវស្សាវិញគឺស្ងប់ស្ងាត់មិនសូវទទួលបានការសម្តែងផុសផុលដូចរដូចប្រាំងនោះទេ។ដូច្នេះហើយ ជាជំនួសមកវិញគឺនាយត្រូវងាកមករកការងារធ្វើស្រែចម្ការ ដែលជារបរតាំងពីណាពីណីមកវិញ។ ទោះយ៉ាងណានាយតឹងប្រាប់ថាពេញមួយរដូវប្រាំងដែលជារដូវសម្បូរដោយពិធីរៀបមង្គលការនិងការងារសម្ដែងជាច្រើនទៀតនោះគឺនាយអាចរកចំណូលបានប្រមាណជា៤-៥ពាន់ដុល្លារដែរ ក្នុងមួយរដូវ។
នាយតឹងមានឈ្មោះពិតប្រាកដថាសួងហ៊ុន មានស្រុកកំណើតនៅ ភូមិព្រៃកញ្ចាន់ ឃុំ ភារីមានជ័យ ស្រុកបសែត ខេត្ត កំពង់ស្ពឺ។ នាយបានរៀបការនៅឆ្នាំ២០០៥ ភរិយាឈ្មោះ សុង សុច័ន្ទមានកូនក្នុងបន្ទុកចំនួនពីរនាក់ហើយក្នុងនោះកូនប្រុសអាយុ៧ឆ្នាំរីឯកូនស្រីអាយុ៤ឆ្នាំ។ទោះយ៉ាងណានាយតឹងប្រាប់ថានាយមិនទាន់មើលឃើញថា កូនទាំងពីររបស់នាយមានទេពកោសល្យខាងសិល្បៈកំប្លែងដូចនាយនៅឡើយ។តែបើទៅមុខទៀតពួកគេបាញ់ឆ្ពោះមកផ្លូវជាមួយនាយដែរនាយនឹងប្រឹងបណ្ដុះបណ្ដាលបន្ថែម៕
© រក្សាសិទ្ធិដោយ thmeythmey.com