ជាតិ
ប្រលោមលោក​ខ្នាត​ខ្លី៖ មេរៀន​ជីវិត​មួយ​របស់​ពុក
21, Jun 2015 , 11:09 am        
រូបភាព
យុវជន ហេង ឧត្តម នាពិធីទទួល​រង្វាន់ជាមួយ​ស្នាដៃរឿង មេរៀន​ជីវិត​មួយ​របស់​ពុក​
យុវជន ហេង ឧត្តម នាពិធីទទួល​រង្វាន់ជាមួយ​ស្នាដៃរឿង មេរៀន​ជីវិត​មួយ​របស់​ពុក​
ដោយ: ថ្មីៗ
ប្រលោមលោក​ខ្នាត​ខ្លី រឿង «មេរៀន​ជីវិត​មួយ​របស់​ពុក» របស់​យុវជន ហេង ឧ​ត្ត​ម បានទទួល​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ក្រោម​ប្រធានបទ «បុរស​ល្អ» ដែល​រៀបចំ​ដោយ​សមាគមយុវជន​ខ្មែរ កាលពី​ឆ្នាំ២០១៣ ។ ឧ​ត្ត​ម ដែល​កាលនោះ​ជា​និស្សិត​ឆ្នាំ​ទី២នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ចំណាយ​បី​ថ្ងៃ​ពេញ​ក្នុង​ការសរសេរ​រឿងនេះ បន្ទាប់ពី​បានរៀបចំ​ឆ្អឹង​រឿង​បាន​រួចរាល់។



បច្ចុប្បន្ន ឈានដល់​វ័យ២៤ឆ្នាំ យុវជន​ដែលមាន​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​ធំធាត់​នៅ​ខេត្តសៀមរាប​រូបនេះ បាន​រៀបរាប់​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត​កោះសន្តិភាព​នៅ​ថ្ងៃ​ទទួល​រង្វាន់​ថា «មេរៀន​ជីវិត​មួយ​របស់​ពុក» គឺជា​រឿង​ដែល​ប្រឌិត​ឡើង​ទាក់ទង​នឹង​ស្ថានភាព​ក្នុង​គ្រួសារ​មួយ។ តួ​ឪពុក​ដែលជា​អតីតយុទ្ធជន​ពិការ​ជើង​ម្ខាង  ក្លាយជា​តួអង្គ​ដែលមាន​ឧ​ត្ត​ម​គតិ​បំផុស​ឲ្យ​មានការ​យកចិត្តទុកដាក់ ឲ្យ​តម្លៃ គោរព និង​ផ្តល់ឱកាស​ចំពោះ​ស្ត្រី ដោយ​មិន​ចេះតែ​អត្តនោម័ត​តែម្នាក់ឯង។ ក្រៅពីនេះ តួអង្គ​ឪពុក​របស់ ជំនិត គឺ​មនុស្ស​ដែលមាន​ព្រហ្ម​វិហារធម៌​ចំពោះកូនៗ ផងដែរ។

ស្រប​ពេលដែល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក នា​គ្នា​ប្រារព្ធ​ទិវា​ឪពុក (Father s Day) នៅ​ថ្ងៃទី២១ ខែមិថុនា សារព័ត៌មានថ្មីៗ បានទទួល​ការអនុញ្ញាត​ពី​យុវជន ហេង ឧ​ត្ត​ម ដែល​បច្ចុប្បន្ន​ជា​អ្នកយកព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ផងដែរ​នោះ ក្នុង​ចុះផ្សាយ​ប្រលោក​លោក​ខ្នាត​ខ្លី រឿង «មេរៀន​ជីវិត​មួយ​របស់​ពុក» ទាំងស្រុង។

ប្រលោមលោក​ខ្នាត​ខ្លី៖ មេរៀន​ជីវិត​មួយ​របស់​ពុក
ម៉ោង១៥និង៣០នាទី រថយន្តក្រុង​បានចាប់ផ្តើម​វិល​កង់​ចាក​ចេញពី​ស្ថានីយ៍​នៃ​រាជធានី​ដ៏ ឆើតឆាយ​របស់​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ខេត្តសៀមរាប ដែលជា​ទឹកដី​នៃ​មាតុភូមិ​អង្គរ។
នៅក្នុង​ឡាន មាន​មនុស្ស​ចម្រុះ​ជាតិ​សាសន៍ ជជែក​គ្នា​យ៉ាង​អ៊ូអរ ពុំ​ខុសពី​ចាប​ចូល​សម្បុក។ ឯ​យុវ​បុរស ជំនិត ជា​មនុស្ស​ដែល​ចូលចិត្ត​ស្តាប់​ច្រើនជាង​និយាយ ក៏​ទាញយក​សៀវភៅ​មក​អាន ដើម្បី​កុំឱ្យ​វេលា​រំលង​ទៅដោយ​ឥតប្រយោជន៍។ នៅក្នុង​កាបូប​របស់គេ​មាន​សៀវភៅ​ជាច្រើន ដូចជា«ចំណេះដឹង​យេនឌ័រ» «មាគ៌ា​ឆ្ពោះទៅរក​សមភាព​យេនឌ័រ» «ចំណែក​ស្មើភាព​សម្រាប់​នារី» «សារៈសំខាន់​នៃ​អនុសញ្ញា​ស៊ី.ដ.(CEDAW)» «ទស្សនា​វ​ដ្តី​សំឡេង​ស្ត្រី​ខ្មែរ» និង«ព្រឹត្តិបត្រ​នារីរតនៈ» ជាដើម។

«ប្អូន​ជា​និស្សិត​មែន​ទេ?» សំឡេង​របស់​បុរស​វ័យ​ប្រមាណ៤០ឆ្នាំ​ប្លាយ ដែល​អង្គុយ​កៅអី​ជាប់​គ្នា។
«បាទ​លោកពូ!»  ជំនិត​បន្ត​ដោយ​ស្នាមញញឹម «ពេល​ជិះឡាន​ដូច្នេះ ទំនេរ​ច្រើន  ខ្ញុំ​ក៏​អាន​សៀវភៅ​ខ្លះ​ដើម្បី​ពង្រីក​ចំណេះដឹង! ម្យ៉ាងទៀត ពេល​ដល់​ស្រុក ខ្ញុំ​មាន​ពេលវេលា​ខ្លះ  ខ្ញុំ​ចង់​ឈ្វេងយល់​ពី​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ បន្ថែមទៀត»
«ល្អ​ណាស់​ក្មួយ! ប្រសិនបើ​និយាយ​ពី​សាសន៍​បរទេស​ខ្លះ គេ​យកចិត្តទុកដាក់​អាន​សៀវភៅ អាន​កាសែត​ណាស់! ហើយ​មិន​ថា​នៅ​សាលារៀន នៅផ្ទះ លើ​ឡាន រថភ្លើង ឬ​ទីសាធារណៈ​ទេ សូម្បីតែ​ទៅ​ដើរលេង​កម្សាន្ត​នៅ​ព្រៃភ្នំ និង​មាត់សមុទ្រ ក៏​គេ​ដាក់​សៀវភៅអាន​នៅជាប់​ខ្លួន​ជានិច្ច។ អាន​ច្រើន ចេះ​ច្រើន​ណា​ក្មួយ!»
«បាទ! ដោយ​យល់ឃើញ​ដូច្នេះហើយ ទើប​ក្មួយ​ខំប្រឹង​អាន»។ ផ្អាក​បន្តិច និស្សិត​រូបនេះ​បន្ថែម «ពេល​ខ្ញុំ​ទម្លាប់​អានដំបូងៗនៅ​ចំពោះមុខ​អ្នកដទៃ  ខ្ញុំ​រាង​ខ្មាស់​គេ​បន្តិច​ដែរ តែ​ដល់​ទម្លាប់យូរៗទៅ ខ្ញុំ​មាន​ទម្លាប់​ល្អ និង​ធ្វើជា​គំរូ​ល្អ​មួយ! ខ្ញុំ​ចេះដឹង និង​យល់ដឹង​ច្រើនណាស់​តាមរយៈ​ការអាន​សៀវភៅ»
«ត្រឹមត្រូវ​ហើយ​ក្មួយ! តែ​ក៏​មិនគួរ​មាន​អ្វី​ត្រូវ​អៀនខ្មាស់​ទេ! សូម្បី​ពូ​ក៏​ដាក់​សៀវភៅ​ជាប់​តាម​កាបូ​ដែរ!»
លោក ជ័យ វីរៈ ទាញ​កា​តាប​មក​បង្ហាញ ក្នុងនោះ​ឃើញ​មាន«ព្រឹត្តិបត្រ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម» «របាយការណ៍​ជាតិ ស្តីពី ការអនុវត្ត​អនុសញ្ញា​លុបបំបាត់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង ស្ត្រីភេទ​នៅ​ប្រទេស​កម្ពុជា» «ក្បួន​ទូន្មាន​យុវជន» «ច្បាប់ប្រុស​ច្បាប់ស្រី» «វិធី​ចិញ្ចឹម​អប់រំ​កូន រៀបរៀង​ដោយ គឹម ចាន់ណា» និង​សៀវភៅ «ម៉ែ!» និង«កូន​មាសឪពុក» ដោយ ប៊ុត សាវង្ស។
ដោយ​ឃើញ​លោក វីរៈ ក្នុង​សម្លៀកបំពាក់​សមរម្យ​ស្អាតបាត​ទំនងជា​អ្នកធ្វើការ ជំនិត​ក៏​សួរ៖
«មើលទៅ​លោកពូ ពុំមាន​មែន​ជា​អ្នកជំនួញ មែន​ទេ?»
«ពូ​ជា​បុគ្គលិក​របស់​អង្គ​ការជួយ​ស្ត្រី​មាន​វិបត្តិ! ពូ​ឃើញ​ក្មួយ​មាន​សៀវភៅ​ឈ្វេងយល់​ពី​យេនឌ័រ និង​ពី​សិទ្ធិ​ស្ដ្រី ព្រមទាំង​ចូលចិត្ត​អាន​ដូច្នេះ! ពូ​សប្បាយចិត្ត​ណាស់​ដែល​ឃើញ​យុវជន​ជំនាន់​ថ្មី​ចាប់អារម្មណ៍​រៀនសូត្រ និង​យល់ដឹង​ពី​ការផ្តល់​តម្លៃ​ឱ្យ​ស្ត្រី»
«បាទ​អរគុណ​លោកពូ!» ស្ងាត់​បន្តិច ជំនិត​ពោល​បន្ត «ខ្ញុំ​ឮ​វិទ្យុ​ផ្សាយ​អំពី​យុទ្ធនាការ​បូ​ពណ៌​ស។ លោកពូ​ច្បាស់​ជា​ជ្រាប​ពី​ពិធី​ដ៏​សំខាន់​នេះហើយ​មើលទៅ?»
លោក វីរៈ «មិន​ត្រឹមតែ​អាន​សៀវភៅ​ច្រើន​ទេ! ក្មួយ​តាមដាន​ព័ត៌មាន​ទៀត! គួរឱ្យ​សរសើរ!»
ជំនិត​ញញឹម ហើយ​បន្ត «បាទ! ខ្ញុំ​បានដឹងថា​យុទ្ធនាការ​បូ​ពណ៌​ស​នេះ ចាប់ផ្តើម​ប្រារព្ធ​នៅ​ឆ្នាំ១៩៩១ ហើយ​នៅ​ស្រុក​ខ្មែរ​យើង ចាប់ផ្តើម​ធ្វើ​នៅ​ឆ្នាំ២០០០រហូតមក។ ឱកាស​នេះ គឺ​យើង​ប្រារព្ធ បំពាក់​បូ​ពណ៌​ស និង​ធ្វើការ​ផ្សព្វផ្សាយ​ចំនួន១៦ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៥វិ​ច្ឆ​កា​ដែលជា​ទិវា​អន្តរជាតិ​ស្តីពី​ការ​លុប បំបាត់​អំពើហិង្សា​លើ​ស្ត្រី ដល់​ថ្ងៃ១០ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ» ឈប់​បន្តិច នាយ​បន្ថែម« ឆ្នាំ២០១២នេះ យើង​ធ្វើបាន​ចំនួន៦ខេត្ត​ក្រុង ខ្ញុំ​សង្ឃឹមថា ឆ្នាំក្រោយៗយើង​នឹង​ពង្រីក​បាន​ទូទាំង​ផ្ទៃ​ប្រទេស!»
«ពូ​ក៏​សង្ឃឹម​ដូច្នេះ! ហើយ​យើង​ត្រូវតែ​ជួយ​ផ្តើម​អនុវត្ត​និង​ផ្សព្វផ្សាយ​ពី​យើងម្នាក់ៗ ពី​ខ្លួន​យើង​ទៅ! បើតាម​ពូ​យល់ឃើញ ស្រប​ពេលដែល​សង្គម​ទូទៅ ទាំង​រដ្ឋាភិបាល សមាគម អង្គការ​សង្គម​ស៊ីវិល អង្គការ​ជាតិ-អន្តរជាតិ ជួយ​ជំរុញ​លើកកម្ពស់​ការគោរព​និង​ផ្តល់​តម្លៃ​ឱ្យ​ស្ត្រី ជាមួយគ្នានេះ​គឺ​ស្ត្រី​ខ្លួនឯង​ផ្ទាល់ ក៏ត្រូវ​ងើបឈរ តស៊ូ​ពង្រឹងសមត្ថភាព​ចំណេះដឹង ធ្វើខ្លួន​ជា​បុគ្គល​ដែល​គួរ​គោរព​និង​ឱ្យ​តម្លៃ​ប្រកបដោយ​ក្តី​ថ្លៃថ្នូរ!»
«បាទ! ប្រាកដ​ណាស់!»
«និយាយ​អ៊ីចឹង តើ​ក្មួយ​មាន​ចូលរួម​ក្នុង​យុទ្ធ​ធានារ​ការ​នេះ​ទេ?»
«បាទ! ខ្ញុំ​ក៏បាន​ចូលរួម​ជា​យុវជន​ស្ម​គ្រ​ចិត្ត​ដើម្បី​រៀបចំ​យុទ្ធ​ធានា​ការ​បូ​ពណ៌​ស​ក្នុង​ខេត្ត​ខ្ញុំ​ដែរ»
កំពុងតែ​ជជែក​គ្នា​ជក់ចិត្ត រថយន្ត​បាន​ដល់​ចំណត​ឈប់សម្រាក ដើម្បី​អ្នកដំណើរ​ទទួលទាន​អាហារ​ពេល​ល្ងាច​ល្មម!
ស្រស់ស្រូប​រួច យានយន្ត​ក៏​បន្តដំណើរ​ឆ្ពោះទៅ​គោលដៅ។
គូសន្ទនា​យើង​បាន​បន្ត​ជជែក​ពិភាក្សា​បន្តទៀត យូរៗម្តង ជំនិត​និង​លោក​វីរៈ ពិសា​ទឹក​ផ្សើម​បំពង់ក​ម្តង។
រហូតដល់​ចំណតរថយន្ត​ខេត្តសៀមរាប អ្នក​ទាំងពីរ​នៅតែ​ពុំទាន់​អស់​ប្រធានបទ​និយាយ​ទៀត។
វេលា​នេះ ជំនិត​បាន​រៀនសូត្រ​ច្រើន​ពីបទ​ពិសោធ​របស់លោក​បុគ្គលិក​អង្គការ​មិនមែន រដ្ឋាភិបាល​រូបនេះ ពិសេស​គឺ​រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ការដោះស្រាយ​ទំនាស់ និង​ការជួយ​ស្ត្រី​មាន​វិបត្តិ។
ដើម្បី​បង្កើន​ចំណងទាក់ទង យុវ​និស្សិត​ជំនិត​បាន​សូម​នាម​បណ្ណ​របស់លោក ជ័យ វីរៈ ហើយ​ខ្លួន​ក៏​ជូន​សារ​អេ​ឡិច​ត្រូ​និ​ច [E-mail] និង​លេខ​ទូរ​សព្ទ ទៅ​លោក វីរៈ វិញ​ដែរ។
អ្នក​ទាំង​ទ្វេ​បាន​ជម្រាបលា​នៅ​ម៉ោង២០និង៣៥នាទី។ ជំនិត មិនទាន់​ទៅផ្ទះ​កំណើត​ទេ នាយ​ត្រូវ​រក​ផ្ទះសំណាក់​សម្រាក​សិន ព្រោះ​ថ្ងៃស្អែក​គេ​ត្រូវ​ប្រជុំ​ជាមួយ​ក្រុមការងារ​ដើម្បី​រៀបចំ យុទ្ធនាការ​បូ​ពណ៌​ស។ ឯ​លោក វីរៈ ទៅ​ស្នាក់នៅ​ការិយាល័យ​នៃ​សាខា​របស់​អង្គការ​លោក។
គិត​ទៅ​រយៈពេល​ជិត២ឆ្នាំ​ហើយ ដែល ជំនិត បាន​ឃ្លាតឆ្ងាយ​ពី​ស្រុកកំណើត ព្រោះ​បន្ទាប់ពី​បញ្ចប់​មធ្យមសិក្សា គេ​បានទទួល​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​ទៅ​បន្ត​ការសិក្សា​មហាវិទ្យាល័យ នៅ​ក្រុងភ្នំពេញ ។ គេ​ត្រឡប់​ទៅ​ស្រុកកំណើត​លើក​នេះ គឺ​ដើម្បី​មក​សួរសុខទុក្ខ​គ្រួសារ​ដែលជា​ទី​នឹករលឹក និង​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​របស់​មិត្តសម្លាញ់​ម្នាក់​ដ៏​កម្សត់កម្រ តាំងតែ​ពី​កុមារភាព ហើយ​ជាពិសេស​នោះ​គឺ​ចូលរួម​ជា​យុវជន​ស្ម​គ្រ​ចិត្ត​រៀបចំ​យុទ្ធនាការ​បូ​ពណ៌ ស នៅក្នុង​ខេត្តសៀមរាប។
រាត្រី​នេះ ទោះបី​អស់កម្លាំង​បន្តិច​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ក្តី ក៏​យុវ​បុរស សម្បុរ​ខ្មៅ​ស្រអែម ខិតខំ​អាន​ពី «អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ ស្ដីពី ការលុបបំបាត់ចោល​នូវ​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ត្រី (CEDAW)» ដើម្បីឱ្យ​មានការ​យល់ដឹង​កាន់តែ​ទូលាយ និង​ដើម្បី​ត្រៀម​គំនិត​ខ្លះ​សម្រាប់​កិច្ចការ​នៅ​ថ្ងៃស្អែក។
ទោះបី​មាន់​មិន​រងាវ ក៏​ថ្ងៃ​នៅតែ​រះ។
ព្រឹក​នេះ មាន​យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើន​ចូលរួម និង​មាន​តំណាង​មកពី​រដ្ឋាភិបាល គឺ​ក្រសួង​កិច្ចការនារី និង​អតីតយុទ្ធជន, តំណាង​ពី​សមគម អង្គការ​មិនមែន​រដ្ឋាភិបាល មានដូចជា សមាគមយុវជន​ខ្មែរ, អង្គការ​ចម្រើន​ស្ត្រី, អង្គការ​យេនឌ័រ​និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា, អង្គការ​សីល​ការ, អង្គការ​អាដហុក, អង្គការ​លីកាដូ,មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា, មជ្ឈមណ្ឌល​អភិវឌ្ឍ​សង្គម, មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា FM102 ។ល។
ជំនិត ត្រូវបានចាត់តាំង​ឱ្យទទួល​បន្ទុក​សហការ​ជាមួយនឹង​ខាង​មជ្ឈមណ្ឌល ព័ត៌មាន​ស្ត្រី​កម្ពុជា ដើម្បី​ឃោសនា​ផ្សព្វផ្សាយ​យុទ្ធនាការ​បូ​ពណ៌​ស ដោយមាន​ការផលិត​ល្ខោន​វិទ្យុ សម្តែង​រឿង​អ​បំ​រ់​ខ្លី និង​បញ្ចូល​សំឡេង​សម្រាប់​ឃោសនា… ជាដើម។
ជំនិត បា​នរក​នឹក​និង​ត្រៀម​ជាស្រេច​នូវ​ពាក្យស្លោក​លើកកម្ពស់​ស្ត្រី​ជា ច្រើន​សម្រាប់​ការផ្សាយ។ ពាក្យស្លោកសំខាន់ៗទាំងនោះ​មានដូចជា «ស្ត្រី​គឺជា​ឆ្អឹងខ្នង នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​យើង!»
«ជួយ​ស្ត្រី គឺ​ជួយ​ខ្លួនឯង»
«ចូល​រួមគ្នា​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី»
«ប្ដេជ្ញា​គោរព​សិទ្ធិនារី»
«គោរព​ស្ត្រី​ជា​សីលធម៌​ខ្ញុំ»
«ខ្ញុំ​គោរព​ការសម្រេចចិត្ត​របស់​មិត្តស្រី​ខ្ញុំ»
«បុរស​ល្អ​ផ្ដល់​តម្លៃ​ឱ្យ​ស្ត្រី»
«ខ្ញុំ​តែងតែ​ពិភាក្សាគ្នា​ដើម្បី​រក​ដំណោះស្រាយ»
«ខ្ញុំ​ជា​ឪពុក ក៏​ចូលរួមចំណែក​អប់រំ​កូន​ផងដែរ»
«ខ្ញុំ​ជា​បុរស​ល្អ! ខ្ញុំ​រីករាយ​ក្នុងការ​ចូលរួមចំណែក​ធ្វើ​ការងារ​ផ្ទះ» …។
កាសែត វិទ្យុ ទូរទស្សន៍ បាន​ផ្សាយ​យ៉ាងសកម្ម​ពី​ព្រឹត្តិការណ៍​នេះ ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​ចាប់អារម្មណ៍​ពី​ចលនា យុវជន​ក្នុង​ក្រុង​សៀមរាប និង​ខេត្ត​គោលដៅ​មួយចំនួន​ក្នុងប្រទេស ពោលគឺ​ចាប់តាំងពី​ថ្ងៃទី២៥ វិច្ឆិកា ដែលជា«ទិវា​អន្តរជាតិ​ស្តីពី​ការលុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី» ឃើញថា​មានការ    ផុលផុស​យ៉ាង​សម្បើម​នូវ​កម្លាំង​ឃោសនា​របស់​យុវជន​ស្ម​គ្រ​ចិត្រ។ យុវជន​ខ្មែរ​ខ្លះ​ដើរ​ឃោសនា​តាម​ផ្ទះ, បំពាក់​បូ​ពណ៌​ស, ចែក​ខិត​បណ្ណ​ផ្សព្វផ្សាយ… ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​យល់​ជ្រួល​ជ្រាប​ជាទូទៅ ហើយ​ចូលរួម​សហការ​លើកកម្ពស់​និង​ផ្តល់​តម្លៃ​ឱ្យ​ស្ត្រី ព្រមទាំង​សហការ​ដើម្បី​បំបាត់​អំពើហិង្សា​លើ​ស្ត្រី។
រសៀល​ជ្រេ​ទាប​បន្តិច ការងារ​អាន​អត្ថបទ ថត​សំឡេង និង​សម្តែង​រឿង​អប់រំ​ខ្លី បាន​ថត​ទុក​ចប់​រួចរាល់ ដោយបាន​ចំណាយ​ពេលវេលា​ស្ទើរ​ពេញ​មួយថ្ងៃ។ ជំនិត ក៏​រក​រថយន្តឈ្នួល​ប​ន្ត​ទៅ​ភូមិកំណើត។
ភូមិ​ពិការ នៅក្នុង​ស្រុក​បន្ទាយស្រី ដែលមាន​ចម្ងាយ​ប្រមាណ​ជិត៥០គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប។ ភូមិ​នេះ​ជាទី​កំណើត​ដ៏​កម្សត់កម្រ​របស់​ជំនិត។
ឪពុក​របស់​ជំនិត ជា​អតីតយុទ្ធជន។ គាត់​ពិការ​ជើងឆ្វេង និង​បានទទួល​ការយកចិត្តទុកដាក់​ពី​រដ្ឋាភិបាល ដោយបាន​ផ្តល់​ដី​មួយ​ប្លង់ នៅ​ភូមិ​ពិការ។ ទោះបី​ពិការ​ជើង​ម្ខាង តែ​គាត់​ពុំដែល​ចុះចាញ់​នឹង​ជីវិត​ឡើយ គាត់​ព្យាយាម​ចិញ្ចឹមជីវិត​ដោយ​សម្មា​ជី​វោ និង​តែងតែ​អប់រំ ជំរុញ លើកទឹកចិត្ត និង​ផ្តល់ឱកាស​ឱ្យកូនៗទាំងប្រុស​ទាំងស្រី​ឱ្យបាន​រៀនសូត្រ​ចេះដឹង ខ្ពង់ខ្ពស់គ្រប់ៗគ្នា។ ជាក់ស្តែង​បងស្រី​របស់​ជំនិត​បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ ហើយ ជំនិត កំពុង​រៀន​មហាវិទ្យាល័យ​ឆ្នាំ​ទី២ ហើយ​ប្អូនស្រី​ពៅ​របស់​ជំនិត កំពុង​រៀន​វិទ្យាល័យ​ថ្នាក់​ទី១។
ផ្លាស់​ទី​ដោយ​ពាក់​ជើងសិប្បនិម្មិត បិតា​ជំនិត​ជាជាង​ជួស​ជុស​ម៉ាញ៉េ និង​ប៉ះ​កង់-ម៉ូតូ។ គាត់​តែង​ឆ្លៀត​ជួយ​ដាំបាយ​ទឹក និង​កិច្ចការ​ផ្ទះ​ភរិយា។ មិនតែប៉ុណ្ណោះ ពេលទំនេរ គាត់​ឆ្លៀត​ដាំ​បន្លែបង្ការ និង​ដើមឈើ​ហូប​ផ្លែ​មួយចំនួន​នៅ​ជុំវិញ​ផ្ទះ​ថែមទៀត។ លើសពីនេះ​ទៀត គាត់​ក៏បាន​ឆ្លៀត​រៀន​បច្ចេកទេស​ចិញ្ចឹម​មាន់ និង​បាន​ដំណើរការ​ផលិតកម្ម​មា​ន់​របស់គាត់​ពីរ​ទ្រុង​ទំហំ​មធ្យម ដែលមាន​ប្រភព​ចំណូល​សម្រាប់​ផ្គត់​ផ្ត​ង់​គ្រួ​សារបាន​យ៉ាង​សមរម្យ។
ចេញពី​សមរភូមិ​យូរ​ឆ្នាំ​ហើយ តែ​ទឹកចិត្ត​គាត់​នៅតែ​រក្សា​ភាពរឹងមាំ​ជានិច្ច។ គាត់​តែងតែ​ជំរុញ​លើកទឹកចិត្ត​ម្តាយ​ជំនិត​ឱ្យ​ចូលរួម​កិច្ចការ​សង្គម និង​ការងារ​ក្នុងភូមិ គឺ​ពី​អ្នក​ស្ម​គ្រ​ចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់​ក្នុងភូមិ រហូត​ភរិយា​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ។
វីរភាព​និង​ការតស៊ូ​ព្យាយាម​ទាំងអស់នេះ ដក់​ជាប់​ក្រអៅ​ដួងចិត្តកូនៗជានិច្ច។ ជំនិត​តែងតែ​ស្តាប់បង្គាប់​សម្តី​បិតា​ជានិច្ច។ មាន​មេរៀន​ជាច្រើន​ដែល​អតីតយុទ្ធជន​បាន​អប់រំ​កូន ហើយ​ភាគច្រើន​ជា​សកម្មភាព​ប្រចាំថ្ងៃ​ផ្ទាល់ ដោយ​ពុំមែន​គ្រាន់តែ​ជា​ពាក្យសម្តី។
ម៉ោង​ប្រមាណ១៩យប់ ជំនិត បានមក​ដល់​ភូមិឋាន​របស់ខ្លួន។
ដោយ​ចង់ឱ្យមាន​ការភ្ញាក់ផ្អើល កំលោះ​យើង​ពុំទាន់​បាន​ជម្រាប​ដំណឹង​ពី​វត្តមាន​របស់ខ្លួន​ដល់​អ្នកផ្ទះ​ជាមុន​នៅឡើយ​ទេ។
នៅលើ​គេហដ្ឋាន​សង់​ពី​ឈើ​ប្រក់​ស្បូវ បន្ទាប់ពី​បញ្ចប់​កិច្ចការ​សាលា​រួច ស្រីអូន កូនពៅ​ក្នុង​គ្រួសារ​នេះ​បានរៀបចំ​បាយទឹក និង​បើក​វិទ្យុ​ស្តាប់​បណ្តើ​រដែរ។
តាម​រលកធាតុអាកាស​នៃ​វិទ្យុជាតិ និង​កម្មវិធី​វិទ្យុ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា១០២អែ​ហ្វ​អឹម សំឡេង​ដ៏​មាន​ទឹកដម​របស់​អ្នក​ផ្សាយ​កំពុង​ផ្សាយ​ពី​យុទ្ធនាការ​បូ​ពណ៌​ស ។ អ្នក​បញ្ចេញ​សំនៀង​បាន​ដកស្រង់ «គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍» ៨ចំណុច មក​អាន៖
១. លុបបំបាត់​ភាពក្រីក្រ​និង​ភាពអត់ឃ្លាន
២. សម្រេច​នូវ​ការអប់រំ​បឋមសិក្សា​ជា​សាកល
៣. លើកស្ទួយ​សមភាព​យេនឌ័រ និង​ផ្តល់​អំណាច​ដល់​ស្ដ្រី
៤. កាត់បន្ថយ​មរណៈ​រប​ស់​កុមារ
៥. ពង្រឹង​សុខភាព​របស់​មាតា
៦. ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និង​ជំងឺ​ដទៃទៀត
៧. ធានា​ចេរភាព​បរិស្ថាន
៨. ពង្រីក​ភាពជា​ដៃគូ​ជា​សាកល​សម្រាប់​កិច្ច​អភិវឌ្ឍ។
ស្រីអូន ស្តាប់​ឡើង​ភ្ញាក់ខ្លួន ព្រោះ​សំឡេង​នេះ ពីរោះ និង​ហាក់ដូចជា​ស្រដៀង​សំឡេង​ដែល​ខ្លួន​ធ្លាប់​បានឮ។ នាងប្រហែលៗក្នុង​ចិត្ត​ទៅនឹង​សំឡេង​របស់​នរណាម្នាក់។
ស​ម្រឹ​ប​ជើងបាន​មកដល់​មាត់ទ្វារ ស្រីអូន គ្រលៀស​ចុង​ភ្នែក​នៅ​កាន់​ប្រភព​សំឡេង នាង​ស្ទើរតែ​ពុំ​ជឿ​នឹង​ភ្នែក​ចំពោះ​វត្តមាន​របស់​ភ្ញៀវ! នួន​នាង​បាន​រលះរលាំង​ទៅ​ឱប​បងប្រុស​សម្លាញ់។
«បង​ជំនិត! បង​មកលេង​ផ្ទះ​ហើយ! អូន​នឹក​បង​ខ្លាំងណាស់ ដឹង​ទេ!»
«ប្អូនស្រី​សម្លាញ់​បង! បង​ក៏​នឹក​ប្អូន​ដែរ នឹក​បងស្រី​យើង និង​នឹក​ពុក​នឹក​ម៉ែ! នឹកៗទាំងអស់គ្នា​ហ្នឹង​ណា!» ស្ងាត់​សំឡេង​រំភើប​បន្តិច ជំនិត​បន្ត «ចុះ​ពុក​ម៉ែ​យើង​ទៅណា​ហើយ​អូន?»
«ចា​ស៎បង! តាំងតែ​ពី​ម៉ែ​យើង​ជាប់​ជា​សមាជិកា​ក្រុមប្រឹក្សាឃុំ​ពិការ​យើងថ្មីៗមក នេះ គាត់​ជាប់រវល់​ចុះជួយ​ដោះស្រាយ​បញ្ហា​អ្នកភូមិ​យើង ស្ទើរ​រាល់ថ្ងៃ។ ល្ងាច​នេះ ពុក​គាត់​ជូន​ម៉ែ​ទៅ​ជួយ​សម្របសម្រួល​ជម្លោះ​ពូ​ប្រុ​ញ​មីង​យា​ត់ ឯ​ចុង​ភូមិ​ឯណោះ។ ដូច​បង​ដឹង​តាំងតែ​ពី​ដើម​ហើយ ពួកគាត់​ទាំងពីរ​ឈ្លោះ​គ្នា​មិន​លស់​ថ្ងៃ​ទេ ឱ្យតែបាន​ស្រា​ចូលខ្លួន»។
«ឱ! ពូ​ប្រុ​ញ​នេះ មិនទាន់​ចោល​គំនិត​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ទៀត​ណ៎! បង​សង្ឃឹមថា ពុក​ម៉ែ​ជួយ​ពន្យល់​ណែនាំ​គាត់​បានសម្រេច​ផង​ចុះ! មើលទៅ​ម៉ែ​យើង​ក្លាហាន​ណាស់​តើ​ឥឡូវនេះ ហ៊ាន​ចូលធ្វើ​ការឃុំ​ទៀត »។
បុរស​និយាយ​ក្នុង​សំឡេង​ស្មើ តែ​បង្កប់​ដោយ​អត្ថន័យ​លើកសរសើរ​មាតា​ដែលមាន​ក្តី​ក្លាហាន​ជួយ​សម្រាល​ការងារ​ឃុំ​សង្កាត់។
ស្រីអូន ងក់ក្បាល​យល់ស្រប ហើយ​បន្ថែម «ពុក​យើង​ជួយ​ជំរុញ​លើកទឹកចិត្ត​ម៉ែ និង​ជួយ​កិច្ចការ​ផ្ទះ​ច្រើនណាស់ ទើប​ម៉ែ​មាន​ពេល​គ្រប់គ្រាន់​ធ្វើ​កិច្ច​ការឃុំ។ បង! ពុក​ម៉ែ​ផ្តាំ​ថា មិនឱ្យ​អូន​ចាំ​បាយ​ទេ ព្រោះ​គាត់​ឆៀង​ទៅលេង​ផ្ទះ​បង​លម្អង!»
«និយាយ​អ៊ីចឹង លម្អង មកលេង​ផ្ទះ​ដែរ?» ជំនិត​សួរ​រន្ថើន។
«គាត់​ទើបតែ​មក​ម្សិលម្ង៉ៃ​នេះ​ទេ​បង! ម្សិលមិញ ពេល​ចេញពី​រៀន ខ្ញុំ​ជិះ​កាត់​ផ្ទះ​គាត់ និង​ចូល​លេង​គាត់​មួយ​ភ្លែត​ដែរ! ខ្ញុំ​ឃើញ កូន​គាត់​ស្អាត និង​ថ្លោះ​ណាស់​បង! តែ​ខ្ញុំ​មើលទៅ​គាត់​ដូច​មិន​សប្បាយចិត្ត​សោះ ហើយ​ឃើញ​គាត់​ដូច​មិនសូវ​ស្រួលខ្លួន និង​មុខ​មាន​ស្នាម​ជាំ​មិនទាន់​បាត់​ផង»
«អូន​ដឹង​ទេ នាង​ឈឺ​អី?»
«មិន​ច្បាស់​ដែរ! តែ​ដូច​ឮថា គាត់​ចង់​លែង​ប្តី! ព្រោះ​ប្តី​នោះ​ធ្វើបាប​គាត់​ពេក ហើយ​ស្នាម​ជាំ​នោះ​ប្រហែលជា​គេ​វ៉ៃ​គាត់​ទៀតហើយ​មើលទៅ! ខ្ញុំ​អាណិត​បង​លម្អង​ណាស់​បង!»
ជំនិត មិន​ស្តី ក្រៅតែពី​បញ្ចេញ​ស្នូរ​ដង្ហើមធំ ហើយក៏​ទៅ​រៀបចំ​ទុកដាក់​អីវ៉ាន់។ ក្នុង​ចិត្ត នាយ​គិត​ច្រើន​ពី​លម្អង ដែលជា​មិត្ត​រួម​ថ្នាក់​ជិតស្និទ្ធ​ម្នាក់​កាលពី​វិទ្យាល័យ។ នរៈ​អាណិត​នារី​ខ្លោចចិត្ត គ្រា​ដែល​ឮដំណឹង​មិន​ប្រពៃ​ពី​ស្ថានភាព​នាង។
កាល​មុន លម្អង រៀន​បាន​ត្រឹម​ថ្នាក់​ទី១១ ក៏ត្រូវ​ម្តាយ​បង្ខំ​ឱ្យ​រៀបការ​ជាមួយនឹង​កូនប្រុស​គេ​អ្នក​មាននៅ​ទី​រួម ខេត្ត។  ចំណង​អាវាហ​វិវាហ​នៃ​គ្រួសារ​ថ្មី​នេះ បានកូន​ប្រុស​មួយ។
ប្តី​របស់​លម្អង​វាយ​ធ្វើបាប​នាង ប៉ោង​ភ្នែក បែក​មុខ និង​បែក​ខ្នង! ប្តី​នាង​បំបិទ​សិទ្ធិ​នាង ហើយ​ធ្វើ  បាប​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវភេទ។ មិនតែប៉ុណ្ណោះ បំបិទ​សេដ្ឋកិច្ច​នាង​ទៀត មិន​ខុស​អ្វីដែល​គេ​ច្រៀង​តែង​ច្រៀង​ចំអក​ពី«ទុក្ខ​ស្រី​ប្តី​កាន់​លុយ »នោះទេ។
សម្ផស្ស​នាង​រុះ​រោយ​ច្រើនណាស់។ នាង​ចង់​ប្តឹង​លែង​ប្តី​ជា​ច្រើនដង​ហើយ តែ​នាង​អាណិតកូន ដែល​មិន​ចង់ឱ្យ​កូនកំព្រា​ឪពុក ម្យ៉ាង​នាង​អាណិតម្តាយ សុខចិត្ត​គ្រាំ​ក្រៀម​បៀមទុក្ខ​ម្នាក់ឯង។
ជំនិត ជ​ញ្ចឹ​ង​គិត និង​ស្រដី​ក្នុង​ចិត្ត​ម្នាក់ឯង​ថា «ការបង្ខំចិត្ត​កូន​ឱ្យ​រៀបការ​ជាមួយ​អ្នកមាន ទាំង​ដែល​កូនចៅ​អត់​បាន​ស្រឡាញ់គ្នា និង​ឈ្វេង​យល់ចិត្ត​គ្នា​សោះ ទស្សនៈ​សង្គម​ចាស់គំរឹល​ក្នុង​ផ្នត់គំនិត​មាតា​ខ្មែរ​នេះ នៅតែមាន​ដោយ​អន្លើ​នៅឡើយ ហើយ​តើ​នៅ​បន្សល់​ដល់ពេល​ណា​ទៀត?»។ ម្យ៉ាង​នាយ​នឹក​អាណិត​ដល់​ការសិក្សា​របស់​លម្អង នៅតែ​មួយឆ្នាំ​ទៀត​សោះ បញ្ចប់​ទុតិយភូមិ​សិក្សា​ហើយ។
ជំនិត​កំពុងតែ​ស្លុង​អារម្មណ៍ ស្រាប់តែ​សំឡេង​មួ​យមក​កាត់។
«បង! មក​ញ៉ាំ​បាយ! ប្អូនស្រី​បង​រៀបចំ​រួចហើយ!» ស្រីអូន និយាយ​រាង​លេងសើច​ផង។
«បាទ! អរគុណ​ប្អូន​បង! ម៉េច​មិន​ទុកឱ្យ​បង​ជួយ! ប្អូន​សម្លាញ់​បង!»
«មិន​អី​ទេ! ចាំ​លាងចាន​ក៏បាន​ដែរ!» នាង​សើច​ដាក់​បងប្រុស។
«បាន​តើ! អ៊ីចឹង​ចាំ​បង​ជួយ​លាងចាន​វិញ» គិត​បន្តិច រួច​នាយ​បន្ត «អូ​នៀ! បង​គិតថា បង​ចង់ចាំ​ពិសា​ជាមួយ​ពុក​ម៉ែ​វិញ! បើ​អូន​ឃ្លាន​ញ៉ាំ​មុន​ចុះ! ក្រែង​ប្រញាប់​ចូលរៀន រំលឹក​មេរៀន និង​ធ្វើ​កិច្ចការ​សាលា​នោះ​អី»
ប្អូនស្រី​ពៅ​ក៏​យល់ព្រម។
ស្របគ្នា​នេះដែរ វិទ្យុ​ក៏បាន​ផ្សាយ​ឡើងវិញ​ពី«គោលការណ៍​ស្នូល​ទាំង៦ នៃ​យុទ្ធនាការ​បុរស​ល្អ​របស់​ក្រសួង​កិច្ចការនារី» ៖
១. ការចូលរួម​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី
២. ការចែករំលែក​កិច្ចការ​ផ្ទះ
៣. ការដោះស្រាយ​បញ្ហា​ដោយ​ការពិភាក្សាគ្នា
៤. ការធ្វើ​ខ្លួន​ជា​គំរូ​ក្នុងការ​លើកកម្ពស់​សម​ភាព​រវាង​បុរស និង​ស្ត្រី
៥. ការធ្វើការ​សម្រេចចិត្ត​រួមគ្នា
៦.ការយកចិត្តទុកដាក់​ចំពោះ​បុរស និង​ស្ត្រី​ស្មើគ្នា។ …
តាមរយៈ​រលក​សំឡេង​ដ៏​ពីរោះ ឃើញថា អ្នកអាន បាន​ផ្ចិតផ្ចង់​អាន និង​ខំ​បកស្រាយ​ចំណុច​ដោយ​លើក​ឧទាហរណ៍​ឱ្យ​កាន់តែ​យល់​ជាក់ច្បាស់​ផង ដែរ។
ស្រីអូន ក៏​ឆ្ងល់ និង​សួរ​បងប្រុស។
«បង! សំឡេង​ក្នុង​វិទ្យុ​នេះ ដូចជា​សំឡេង​បង​មែន?»
បងប្រុស​សើចញឹម។
សំឡេង​ទោចក្រយានយន្ត​ឪពុកម្តាយ​ពួកគេ​ក៏​មកដល់​ល្មម។ ជំនិត​ស្ទុះ​ទៅ​ទទួល​មាតាបិតា​យ៉ាង​រីករាយ។ នាយ​ប្រណម្យ​ហត្ថា​សំពះ​លោកអ្នក​មានគុណ​ទាំង​ទ្វេ​យ៉ាង​ទន់ភ្លន់។
«ជំនិត​កូន​ម៉ែ! ម៉ែ​អរ​ណាស់នៀ! ម៉េច​មិន​ប្រាប់​ដំណឹង​អី​បន្តិច​សោះ​អ៊ីចឹង​កូន» ម្តាយ​ឱប​កូន​យ៉ាង​ណែន។
«មកពី​ចង់ឱ្យ​ពុក​ម៉ែ​ភ្ញាក់ផ្អើល​ហ្នឹង​ណា!!» ជំនិត​តប​ដោយ​ស្នាមញញឹម។
ឪពុក​ជំនិត​ញញឹម​ពព្រាយ ទះ​ស្មា​បុត្រតិចៗដោយ​ក្តី​ស្រឡាញ់ រួច​ស្រដី៖
«បាយទឹក​ហើយ​នៅ​កូន? តោះ​ទៅ​លាងដៃ​ជើង​បាយ​ជុំគ្នា​ម្តង!»
សមាជិកគ្រួសារ​ទាំង​បួន​អង្គុយ​ដំកង់​ទទួលទាន​អាហារ​ល្ងាច​យ៉ាង​ឆ្ងាញ់ ពិសា ដោយ​ជជែក​គ្នា​ពីនេះ​ពី​នោះ។ នឹក​ដល់​បងស្រី​ធំ ជំនិត​ក៏​និយាយ៖
«ស្ដាយ! បងស្រី​អត់​មកលេង​ពុក​ម៉ែ​ដែរ!»
ស្រីអូន ដែល​បម្រុង​នឹង​ដួសសម្ល​ដាក់​មាត់ ក៏​ឧទាន៖ «បងស្រី​ធំ​មិន​អី​ទេ​បង គាត់​សុខ​សប្បាយ​ទេ។ គាត់​ហៅ​ទូរ​សព្ទ​មកលេង​ពុក​ម៉ែ​ស្ទើរ​រាល់ថ្ងៃ​តែ​ហ្នឹង! ប្តី​គាត់​ស្រឡាញ់​គាត់​ណាស់​បង​អើយ! បងស្រី​យើង​សរសើរ​ប្តី​គាត់​ថា ចេះ​ជួយ​ធ្វើ​ម្ហូប បោស​ជូត​ផ្ទះ​ជំនួស​គាត់ ដោយ​មិន​ប្រកាន់ខ្លួន​ឡើយ ហើយ​ជួយ​មើល​កូន​ថែមទៀត! បង​ដឹង​ទេ? បងស្រី​យើង​ជិត​ចូលរៀន​ត​អនុបណ្ឌិត ផ្នែក​ធនាគារ​ហើយ​ណា! គឺ​ប្តី​គាត់​ចង់ឱ្យ​ប្រពន្ធ​រៀន​បាន​ច្រើន! គិត​ទៅ​ច្រណែន​ដល់​ហើយ!!»
ស្តាប់​ចុះ! កូនស្រី​ពៅ​នេះ​ពូកែសម្តី​ណាស់។
គិត​មួយសន្ទុះ នាង​បន្ថែម៖
«ពុក​ម៉ែ! ល្ងាច​មិញ ពេល​ទៅផ្ទះ​បង​លម្អង បាន​ស្តាប់​វិទ្យុ​ទេ? ខ្ញុំ​ឮ​សំឡេង​បង​ជំនិត​ផ្សាយ​ពី​យុទ្ធ​ធនា​ការ​បូ​ពណ៌​ស​ផង​ណា! បងប្រុស​ខ្ញុំ​ពិតជា​ពូកែ​មែន!»
ជំនិត​តប​ដោយ​ក្តី​សរសើរ​ចំពោះ​ប្អូនស្រី៖ «ចុះ​ក្រែង​អូន​ឯង​ក៏​មិន​អន់​ដែរ​តើ! កំពុង​រៀន​វិទ្យាល័យ​ទី១១ហើយ​រៀន​ក៏​ពូកែ និង​ឆ្លៀត​ចូល​ជា​យុវជន​ស្ម​គ្រ​ចិត្ត«មិត្ត​អប់រំ​មិត្ត» អប់រំ​គេ​ពី​ការប្រើប្រាស់​ស្រោមអនាម័យ​ទៀត»
ឪពុក​ជំនិត​ក៏​និយាយ​លើកទឹកចិត្ត​កូន​បន្ថែម៖ «ពុក​បើក​វិទ្យុ​តាម​ទូរ​សព្ទ​ស្ដាប់​តើ! ពុក​ម៉ែ​សប្បាយចិត្ត​ដែលកូនៗចេះ​ចូលរួម​កម្មវិធីល្អៗដូច្នេះ ហើយ​ស្រីអូន​វិញ ពុក​ម៉ែ​និងបងៗ ចង់ឱ្យ​កូន​ឯង​រៀន​ឱ្យបាន​ខ្ពស់! ខំ​ទៅណា​កូន មានតែ​យើង​ជួយ​ខ្លួនឯង​ឱ្យបាន​ច្រើន​ជាមុនសិន​នោះទេ ទើប​អ្នកដទៃ​គេ​រីករាយ​នឹង​ជួយ​តម្កើង​យើង​ថែមទៀត»
បន្តិច​មក អ្នក​ម្តាយ​បន្ថែម៖ «ម៉ែ​បានស្នើ​យោបល់​ទៅខាង​ឃុំ​យើង ដើម្បី​ចាត់ចែង​រៀបចំ​យុទ្ធ​ធនា​ការ​នេះ​នៅ​ភូមិ​ឃុំ​យើង​ដែរ។ ជំនិត​ចាំ​ជួយ​គិត​ម៉ែ​ផង​អ៊ីចឹង!»
«បាទ​ម៉ែ! ខ្ញុំ​បាន​យក​សៀវភៅ​មួយចំនួន​ដែរ ចាំ​ខ្ញុំ​ជូន​ម៉ែ​អាន។ មាន​ចំណុច​ខ្លះ ខ្ញុំ​បាន​សង្ខេប​ដូចជា     «គោលការណ៍​ស្នូល​ទាំង៦ នៃ​យុទ្ធនាការ​បុរស​ល្អ​របស់​ក្រសួង​កិច្ចការនារី», «គោលដៅ៨ចំណុច​អភិវឌ្ឍន៍​សហស្ស​វត្សរ៍», ហើយ​ខ្ញុំ​ត្រៀម​ពាក្យស្លោក​ជាច្រើន​សម្រាប់ធ្វើ​បដា​ផ្សព្វផ្សាយ ដូចដែល​ខ្ញុំ​បានរួម​សហការ​ជាមួយនឹង​ខាង​វិទ្យុ​ដូច្នោះ​ដែរ និង​កូន​មាន​សៀវភៅ​ស្តីពី​សិទ្ធិ​ស្ត្រី​និង​យេនឌ័រ​ខ្លះទៀត»។
«ល្អ​ណាស់! ចាំ​បាយ​រួច បង្ហាញ​ម៉ែ​ផង!»
«បាទ​ម៉ែ!»
បាយទឹក​រួចរាល់ ជំនិត ក៏​រៀបចំ​លាងចាន​ក្បាន​ដោយ​ឱ្យ​ប្អូនស្រី​សម្រាក និង​រំលឹក​មេរៀន​របស់​នាង។ ឯ​ឪពុក​ជំនិត​ទៅ​មើល​ទ្រុងមាន់​របស់គាត់។
ទុកដាក់​ចានឆ្នាំង​ហើយ ជំនិត ទៅជិត​មាតា​និង​រៀបចំ​សៀវភៅ​បង្ហាញ​ម្តាយ។

ព្រឹក​ឡើង ប្អូនស្រី​រៀបចំខ្លួន​ទៅ​សាលា ហើយ​ម្តាយ​ចេញទៅ​សាលាឃុំ ឯ​ជំនិត បន្ទាប់ពី​ជួយ​មើល​ដាក់​ចំណី​មាន់ នាយ​បាន​ជួយ​រៀបចំ​សម្ភារៈ​ជួស​ជួល​ម៉ូតូខ្លះៗរបស់​ឪពុក។
ជិត​ដល់​ម៉ោង​សិស្សសាលា​ចេញពី​រៀន ជំនិត រៀបចំ​ដណ្តាំបាយ​ទឹក​ទុកជា​ស្រេច ដោយ​ពុំ​ឱ្យ​ប្អូនស្រី​មកវិញ​ហត់នឿយ​ច្រើន។
ថ្ងៃ​បន្តិច នាយ​កំលោះ​រៀប​កាយ​ទៅ​ចូលរួម​ពិធី​រៀបការ​របស់​មិត្ត។
ភ្លេង​ការ​រហ៊ឹម។
«ជំនិត​មកដល់​ហើយ​តើ!» សំឡេង​កូន​កំដរ។
ជំនិត​លើកដៃ​សំពះ​ម្ចាស់​ពិធី​គឺ​គូ​ស្វាមីភរិយា​ថ្មី និង​អ្នកមុខអ្នកការ​ទាំងពី​រ​ខាង ហើយ​និយាយ៖
«ភក្តី ជួយ​ត្រេកអរ​ផង​ណា ក្នុង​ទិវា​ដ៏​មង្គល​របស់​ឯង!! គ្នា​សូម​ជូនពរ សូមឱ្យ​រស់នៅ​សុខសាន្ត​នឹង​គ្នា រកស៊ី​មានបាន​ណា»
«អរគុណ​ណាស់ ជំនិត ចំពោះ​វត្តមាន​យ៉ាង​កិត្តិយស​របស់​មិត្ត» កូនកំលោះ​តប និង​បន្ត៖ «តោះ​ទៅរក​អង្គុយ​តុ​ខាង​ណោះ នោះ​ជិត​មិត្ត​រួម​ថ្នាក់​យើង​កាលពី​វិទ្យាល័យ ហើយ លម្អង ក៏​មក​ដែរ​ណា! ចាំ​ទំនេរ​បន្តិច​គ្នា​ទៅ​ដែរ!»
ជំនិត ទុក​មិត្ត​ឱ្យនៅ​ទទួលភ្ញៀវ ហើយ​ដើរ​តម្រង់​ទៅកាន់​តុ​ដែល ភក្តី ចង្អុល។ នាយ​ជួបជុំ​មិត្តភក្តិ​ចាស់ និង​បាន​ជជែក​គ្នា​ពី​រឿង​ការងារ សិក្សា និង​ជីវិត។ អ្នកខ្លះ​ក៏​រៀន​ត អ្នកខ្លះ​ចូលធ្វើការ​សិន និង​ខ្លះទៀត​ក៏​រក​គ្រួសារបណ្តើរៗទៅហើយ។ ជំនិត​ឧស្សាហ៍​ក្រឡេក​ទៅ​មើល លម្អង ដែរ។ នាង​ដឹង​ពី​ទំហំ​ទុក្ខ​នៃ​អតីត​មិត្ត​នារី​រួម​ថ្នាក់​របស់ខ្លួន​ណាស់។
សំឡេង​ភ្លេង​ការបន្ថយ​បន្តិចម្តងៗ រហូត​ស្ងាត់។ មាតាបិតា​ខាង​ប្រុស​ខាង​ស្រី​ចាប់​កាន់​ឧ​ឃ្ឃោ​សន​សព្ទ​ដើម្បី​ជូនពរ​កូន កំលោះ​ក្រមុំ។
ចាប់​ផ្តើមឡើង មាតា​ខាង​កូនក្រមុំ​មានប្រសាសន៍ ដោយ​ចាប់ដៃ​កូន​ទាំងពីរ៖ «សូម​រួម​រស់នៅ​ឱ្យបាន​ក្តី​សុខ​ណា។ រំដួល​កូនស្រី​ម៉ែ  កូន​សំណាង​ណាស់​បានកូន​ភក្តី។ ម៉ែ​ត្រេកអរ​សប្បាយចិត្ត​ណាស់ ដែល​ប្តី​កូន​ជាម​នុស្ស​ល្អ! ភក្តី គោរព​និង​ផ្តល់​តម្លៃ​គ្រួសារ​យើង​ណាស់! តាំងពីដើម​មក និង​រហូតដល់​ភ្ជាប់ពាក្យ​ជាង​ពីរ​ឆ្នាំ​មកនេះ ម៉ែ​បាន​សង្កេតឃើញ ភក្តី​គោរព​និង​ផ្តល់​តម្លៃ​ឱ្យ​កូន​ណាស់ ព្រមទាំង​គោរព​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បាន​យ៉ាង​ល្អ» បិតា​បន្ត៖ «កូន​ទាំង​ពីរបាន​បំពេញមុខ​ម៉ែឪ​ហើយ កូនៗបាន​រៀបការ​ថ្វាយបង្គំ​ដូនតា​ក្រាប​ក្បាល​ដល់​កន្ទេល​តាម​ប្រពៃណី ហើយ ពុក​ម៉ែ​សូម​ជូនពរ​កូន​ទាំងពីរ​រកស៊ី​មានបាន រស់នៅ​ត្រជាក់ត្រជុំ​នឹង​គ្នា និង​ឱ្យ​សុខ​សប្បាយ​រហូត​តទៅ»។
សំឡេង​ស្នូរ​ទះដៃ​អបអរ​ក៏​លាន់​រំពង ហើយ​ឪពុកម្តាយ​ខាង​ប្រុស​ក៏​ឡើង​សម្តែង​ចំណាប់អារម្មណ៍​និង​ជូនពរ​ដល់ គូ​ស្វាមីភរិយា​ថ្មី​ដែរ។
ជំនិត លម្អង និង​មិត្ត​រួម​ថ្នាក់​កាលពី​វិទ្យាល័យ​ផ្សេងទៀត បានមក​ស្វាគមន៍ និង​អបអរ​លើកទឹកចិត្ត ដោយ​រីករាយ​រំភើប​ក្រៃលែង។ លម្អង ក៏​ចាប់ផ្តើម​ញញឹម​ជូនពរ​មិត្ត​ដែរ។
ពិធី​ស្រស់ស្រូប​អាហារ​ថ្ងៃ និង​ចងដៃ​រួច ភ្ញៀវ​ខ្លះ​ក៏​នៅ​រាំច្រៀង​សប្បាយ ខ្លះ​ក៏​រៀបចំ​ទៅ​គេហដ្ឋាន ឬ​បំពេញការងារផ្សេង។
រំដួល និង​ភក្តី មក​សំពះ​ជម្រាបលា​និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ទាំងអស់។
«អរគុណ​ច្រើន​ជំនិត! ខំ​មក​តាំងតែ​ពី​ភ្នំពេញ មក​ការ​គ្នា» ភក្តី​ស្រដី។
ជំនិត​ឆ្លើយ៖ «បាទ! មិន​អី​ទេ​សម្លាញ់! ស្តាប់​ប្រសាសន៍​ឪពុកម្តាយ​ក្មេង​ឯង គ្នា​សូម​សរសើរ​ឯង​ណាស់ បុរស​ល្អ​ផ្តល់​តម្លៃ​ឱ្យ​ស្ត្រី! គ្នា​នឹង​រៀនសូត្រ​តាម​ឯង​ដែរ!»
«មិន​ទេ! សរសើរ​គ្នា​ពេក​ហើយ គ្នា​ទេ​ដែល​ត្រូវ​រៀនសូត្រ​ពី​ជំនិត​ឯង​នោះ!» ពួកគេ​ក៏​សើច​ទាំងអស់គ្នា។

ឃើញ លម្អង រក​ទៅផ្ទះ​ដែរ តែ​ពុំមាន​អ្នកផ្ទះ​មក​ទទួល។ ភក្តី​ក៏​និយាយ៖ «អូ! លម្អង ខ្ញុំ​និង​ភរិយា សូម​អរគុណ​ច្រើន​ហើយ​ណា! ហើយ​តើ​មាន​អ្នក​ជូនទៅ​ផ្ទះ​ឬ​នៅ?»
រំដួល​ថ្លែង «ជំនិត បើ​ទំនេរ​ជួយ​ជូន លម្អង ទៅផ្ទះ​ផង​ណា»។
ជំនិត ក៏​ស្ម​គ្រ​ចិត្ត​ជូន។ តាមពិតទៅ នាយ​ចង់​ជួយ​ជូន​នាង​យូរហើយ តែ​នាង​គិតក្រែង​មិន​សម​ភ្នែក​ញាតិ។
នៅតាម​ផ្លូវ ជំនិត បង្កើន​សេចក្តីក្លាហាន​ជួយ​និយាយ​សម្រាលទុក្ខ លម្អង ខ្លះៗដែរ។ ពេល​មក​ផ្ទះ​លម្អង ជំនិត​បាន​កត់​អាសយដ្ឋាន​នាម​បណ្ណ លោក ជ័យ វីរៈ បុគ្គលិក​អង្គការ​ជួយ​ស្ត្រី​មាន​វិបត្តិ ឱ្យទៅ​លម្អង។
«លម្អង ទុក​នាម​បណ្ណ​នេះ​ចុះ ហើយ​អាចទាក់ទង​គាត់​បាន បើ​ត្រូវការ​ជំនួយ» ឈប់​បន្តិច ក៏​បន្ថែម «ស្អែក​ខ្ញុំ​ទៅ​រៀន​នៅ​ភ្នំពេញ​វិញ​ហើយ សូម​លម្អង​ថែខ្លួន​ណា ហើយ​បើ​មាន​បញ្ហា​អ្វី ម៉ែ​ខ្ញុំ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្រាប់។ ខ្ញុំ​គិតថា ស្ត្រី​អាច​យល់ចិត្ត​ស្ត្រី​ច្រើន និង​ដឹង​ទុក្ខ​ធុរៈ​ស្ត្រី​ដូចគ្នា។ លម្អង​អាច​ពឹងពាក់​គាត់​បាន​គ្រប់ពេល!»
«អរគុណ​ហើយ​ជំនិត!»
«បាទ! ខ្ញុំ​លា​ហើយ​ណា!»

សូមចូល​អានវគ្គ​បញ្ចប់៖ ប្រលោមលោក​ខ្នាត

© រក្សាសិទ្ធិដោយ thmeythmey.com