ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ស្នើ​ឲ្យ​មានច្បាប់​កញ្ចប់​ថវិការ​សម្រាប់​រដ្ឋបាលថ្នាក់ក្រោមជាតិ​ប្រើប្រាស់ដោយខ្លួនឯង
30, Jun 2015 , 12:42 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ថវិកាជាតិ ដោយ​បង្កើត​ច្បាប់​ថ្មី​មួយ ដែល​អាច​អនុញ្ញាត​ឲ្យ​ថ្នាក់​ខេត្ត​មាន​កញ្ចប់​ថវិកា​ប្រើប្រាស់​ដោយ​ខ្លួនឯង ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ដំណើរការ​អភិវឌ្ឍ​តាម​មូលដ្ឋាន។ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បញ្ជាក់់ថា ការផ្ដល់​ថវិការ​ជូន​រដ្ឋបាល​ថ្នាក់​ខេត្ត​នេះ គឺ​មិនមែន​ចេះតែ​ផ្ដល់ជូន​ពួកគេ​នោះទេ ពោល​អាស្រ័យ​លើ​សភាពការណ៍ និង​តម្រូវការ​ជាក់ស្ដែង។ ហើយ​រដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់ ចំណូល​ផ្ទាល់​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​បង្កើន​ចំណូល​ដល់​ពួកគេ។ រដ្ឋសភា​បើក​កិច្ចប្រជុំ​បន្ដ ស្តីពី​ការត្រួតពិនិត្យ និង​អនុម័ត«សេចក្តីព្រាងច្បាប់​ស្ដីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៣»។



ប្រធាន​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋសភា លោក សម រង្ស៊ី មានប្រសាសន៍ថា ថវិកាជាតិ​ដែល​បាន​ផ្ដល់ជូន​ថ្នាក់ក្រោម​ជាតិ​មាន​ចំនួន​ប្រមាណ២០០លាន​ដុល្លារ ដែល​បែងចែក​ទៅដល់​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស ក្នុង​មួយ​ខេត្ត​ទទួលបាន៨លាន​ដុល្លារ ក្នុង​មួយឆ្នាំ​នោះ​គឺ​តិចតួច​ណាស់​សម្រាប់​ការចំណាយ។   លោក​ថា  រដ្ឋបាល​ថ្នាក់​ខេត្ត​គួរតែ​អាច​ទទួលបាន​ថវិកា​ពី​ការប្រមូល​ពន្ធ​តាម​មូលដ្ឋាន​របស់ខ្លួន និង​អាច​ប្រើប្រាស់​ថវិការ​នោះ​តាម​ទំហំ​ណាមួយ ដោយ​មិនបាច់​សុំ​ការអនុញ្ញាត​ពី​ថ្នាក់ជាតិ​ឡើយ ចៀសវាង​ការយឺតយ៉ាវ​ក្នុងការ​អភិវឌ្ឍ​តាម​មូលដ្ឋាន។ហើយ​រដ្ឋាភិបាល​គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ដើម្បី​អនុញ្ញាត​ឲ្យ​ថ្នាក់​ខេត្ត​មាន​កញ្ចប់​ថវិកា​ប្រើប្រាស់​ដោយ​ខ្លួនឯង។

ថ្លែង​ក្នុង​កិច្ច​អន្តរាគមន៍​នៅក្នុង​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធាន​ក្រុម​មតិ​ភាគតិច​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«អ្វីដែល​សំខាន់​គឺ​មិនមែន​ត្រ​មឹ​តែ​សិទ្ធិ​សម្រេច​ទេ។ សិទ្ធិ​សម្រេច​តែបើ​គ្មាន​លុយ គ្មាន​ថវិកា ក៏​មិន​អាចធ្វើ​អី​បានដែរ។ ចង់​ឲ្យ​សេចក្ដីសម្រេច​នោះ​មាន​ភាពជាក់ស្ដែង ត្រូវតែ​ផ្ដល់​ថិ​វ​កា​ឲ្យ​គ្រប់គ្រាន់ អាច​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាចធ្វើ​ការ​មាន​ប្រសិទ្ធភាព។ អ៊ីចឹង​យើង​ត្រូវ​កែ​ច្បាប់​មួយចំនួន ច្បាប់​ថវិការ​ជាតិ ច្បាប់​វិម​ជ្ឍ​ការ ទើប​អាច​ឲ្យ​ឲ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់មូលដ្ឋាន ថ្នាក់ស្រុក អាច​ប្រមូល​ពន្ធ​ដោយ​ខ្លួនឯង»។

អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម  លោក សុន ឆ័យ  លោក​បន្ថែមថា ការរៀបចំ​កញ្ចប់​ថវិកា​ជាតិ គួរតែមាន​ការគិតគូ​ដល់​​លទ្ធផល​រដ្ឋអំណាច​មូលដ្ឋាន​ក្នុងការ​ប្រមូល​ចំណូល​មួយផ្នែក ដែលជា​ការទទួលខុសត្រូវ​របស់​រដ្ឋបាល​មូលដ្ឋាន​ដែរ។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បញ្ជាក់់ថា កន្លងមក​ការផ្ដល់​ថវិការ​ជូនរ​ដ្ឋ​បាល​ថ្នាក់​ខេត្ត​នេះ គឺ​មិនមែន​ចេះតែ​ផ្ដល់ជូន​ពួកគេ​នោះទេ ពោល​អាស្រ័យ​លើ​សភាពការណ៍ និង​តម្រូវការ​ជាក់ស្ដែង។ លោក​ថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​ច្បាប់ ចំណូល​ផ្ទាល់​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែរ ដើម្បី​បង្កើន​ចំណូល​ដល់​ពួកគេ សម្រាប់​ការអភិវឌ្ឍ​តាម​មូលដ្ឋាន«ឥឡូវនេះ​ការបែងចែក​នេះ កំពុងស្ថិត​នៅក្នុង​តំណាក់កាល​នៃ​ការរៀបចំ ដូចនេះ​កាលណា​មានការ​បែងចែក​ច្បាស់លាស់ ដោយ​ផ្ដល់​មុខងារ​ទៅ​ឲ្យ​ថ្នាក់ក្រោម​ជាតិ​អនុវត្ត ក្នុងនោះ​យើង​នឹង​រៀបចំ​ការផ្ទេរ​ធនធាន ដែល​នៅក្នុង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នឹង​បញ្ជាក់​ច្បាស់។ លើកទឹកចិត្ត​ធនធាន​ដែលជា​ការផ្ទេរ​ពី​ថ្នាក់កណ្ដាល​ទៅ​ថ្នាក់ក្រោម​ជាតិ ដែល​គេ​ហៅថា​ឥណទាន ឬក៏​ហិរញ្ញប្បទាន​ដោយ​ភ្ជាប់​លក្ខខណ្ឌ»។នេះ​ជាការ​បញ្ជាក់​របស់លោក អូន ព័ន្ធមុន្នីរ័ត្ន។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​រូបនេះ បន្ថែមថា កន្លងមករដ្ឋាភិបាល​បាន​ផ្ដល់តួនាទីសម្រាប់​រដ្ឋបាល​ថ្នាក់​ខេត្ត​ក្នុងការប្រមូល​ថវិកា​ លើការប្រមូល​ពន្ធ៨មុខ​សម្រាប់​ការប្រើប្រាស់​ដោយ​ខ្លួនឯង ដូច​ជាការ​ប្រថាប់ត្រា និង​ការយក​ភាស៊ី​ជាដើម។ ហើយ​ចំណូល៤០ភាគរយ​នៅតាម​ខេត្ត​ត្រូវ​ផ្តល់​ជា​ប្រយោជន៍​របស់​ខេត្ត៕




© រក្សាសិទ្ធិដោយ thmeythmey.com