អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រិ​ក​ក្លាយជា​រដ្ឋ​អ្នកមាន​ដំបូង​បំផុត​ដែល​ប្រកាស​មិន​សងបំណុល IMF
01, Jul 2015 , 10:55 am        
រូបភាព

ក្រោយ​ចំណាយពេល​ចរចា​គ្នា​ក្នុង​បរិយាកាស​យ៉ាង​តឹងតែង ក្រិ​ក​និង​ម្ចាស់បំណុល​គ្មាន​លទ្ធភាព​អាច​ត្រូវរ៉ូវ​គ្នា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​រួមគ្នា​ឡើយ។ កាលណា​គ្មាន​កិច្ចព្រមព្រៀង ក្រិ​ក​ប្រាកដ​ណាស់​ពិតជា​គ្មាន​លទ្ធភាព​សងបំណុល​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ឡើយ។ នេះ​ជា​លើកទីមួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ប្រទេស​អ្នកមាន​ដូច​ក្រិ​ក​ប្រកាស​មិន​សងបំណុល​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​នេះ។


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ



ដូច​ការរំពឹងទុក​មែ​ន ក្រិ​ក​គ្មាន​លទ្ធភាព​សងបំណុល​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ឡើយ បន្ទាប់ពី​អឺរ៉ុប​មិន​បន្ថែម​ពេល​ឲ្យ​ក្រិ​ក​សម្រាប់​ជម្រះបំណុល។ ក្រិ​ក​និង​ម្ចាស់បំណុល​បន្ត​ចរចា​កាលពី​ម្សិលមិញ​គ្មាន​បាន​ផ្លែផ្កា​សោះ ហើយ​ក្រិ​ក​ក៏​នៅ​ប្រកាន់​ជំហរ​មិន​ទទួលយក​សំណើរ​ចុងក្រោយ​របស់​ម្ចាស់បំណុល​ដូចគ្នា។

ក្នុង​កិច្ចចរចា​ត្រីភាគី​មាន​គណកម្មការ​អឺរ៉ុប តំណាង​ធនាគារកណ្តាល​អឺរ៉ុប និង​តំណាង​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ផង​នោះ ម្សិលមិញ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ក្រិ​ក​កាត់បន្ថយ​ការចំណាយ​សាធារណ និង​តំឡើង​ពន្ធ​ថែមទៀត​ដើម្បី​ឲ្យ​ប្រទេស​នេះ​មានលទ្ធភាព​បំពេញ​កាតព្វកិច្ច​សងបំណុល​ផង។

ដោយ​កាលបរិច្ឆេទ​សងបំណុល​ផុតកំណត់​កាលពី​ម្សិលមិញ ហើយ​ក្រិ​ក​គ្មាន​លុយ​សង​បំណុល​ទៅ IMF មានន័យថា ក្រិ​ក​ក្លាយជា​រដ្ឋ​អឺរ៉ុប និង​ជា​រដ្ឋ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​លទ្ធភាព​ជម្រះបំណុល​ស្ថាប័នហិរញ្ញវត្ថុ​នេះ។ ជុំវិញ​ការប្រកាស​មិន​សងបំណុល​នេះ ហ្ស៊ី​ម​បាប​វ៉េ​ជា​ប្រទេស​ចុងក្រោយ​គេ​បង្អស់​ដែល​ធ្វើ​ដូច្នេះ កាលពី​ឆ្នាំ ២០០១។ តាមពិតទៅ ម្សិលមិញ​ក្រិ​កបាន​ស្នើសុំ​ជាថ្មី​ម្តងទៀត​ទៅ​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តំបន់​ចាយលុយ​អឺរ៉ូ​ពន្យារពេល​កម្មវិធី​ដោះបំណុល​របស់ខ្លួន ប៉ុន្តែ​ក្រុម​រដ្ឋមន្ត្រី​ទាំង​នោះបាន​បដិសេធ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហូ​ឡង់​លោក JeroenDijsselbleom បាន​ឲ្យ​ដឹងថា ការស្នើសុំ​ពន្យារពេល​សម្រាប់​ដោះបំណុល​នេះ​ជា​រឿង​ឆ្កួត​លីលា ហើយ​លោក​សង្កត់ធ្ងន់ថា វា​មិនអាច​កើតឡើង​ឡើយ ហើយ​វា​ក៏​គ្មាន​ថ្ងៃ​កើតឡើង​ដែរ។

ក្រោយ​ផុតកំណត់​ថ្ងៃ​សងបំណុល អ្នកនាំពាក្យ​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ Gerry Rice បាន​ទទួលស្គាល់ថា ក្រិ​ក​ពិតជា​មិនមាន​លទ្ធភាព​បង់​បំណុល​ដល់​ស្ថាប័ន​ខ្លួន​ពិតមែន។ អ្នកនាំពាក្យ​ខាងលើ​បាន​បញ្ជូន​របាយការណ៍​និង​ព័ត៌មាន​ពាក់ព័ន្ធ​ជុំវិញ​ការប្រកាស​មិន​សងបំណុល​របស់​ក្រុង​អាថែន​ទៅកាន់​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន​រួចរាល់​ហើយ។ កាលណា​​ក្រិ​ក​ប្រកាស​មិន​សងបំណុល ក្រិ​ក​ត្រូវដាក់​បញ្ចូល​ក្នុង​បញ្ជី​រដ្ឋ​ហួស​កាលបរិច្ឆេទ​សងបំណុល។ មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​មិនអាច​ផ្តល់​កម្ចី​ដល់​ប្រទេស​នេះឡើយ បើសិន​ក្រិ​ក​មិន​ទូទាត់​សងបំណុល​របស់ខ្លួន​ដែល​នៅសល់​ជាមុន​ទេនោះ។

យ៉ាងណាក៏ដោយ រឿងរ៉ាវ​សំខាន់​មួយទៀត​គឺ គម្រោង​រៀបចំ​ប្រជាមតិ​នៅ​ថ្ងៃ ៥កក្កដា​ខាងមុខនេះ ដែលជា​ថ្ងៃ​ប្រជាជន​ក្រិ​ក​ត្រូវ​ចេញមុខ​បោះឆ្នោត​សម្រេច​ជោគវាសនា​របស់ខ្លួន​ថា​គួរ​ទទួល​សំណើរ​របស់​ម្ចាស់បំណុល​ឬ​អត់ ។ កន្លងមក​ប្រមុខ​រដ្ឋាភិបាល​ក្រិ​កលោក Alexis Tsiprasបាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាត់ចោល​សំណើរ​របស់​ម្ចាស់បំណុល​ដែល​តម្រូវ​ឲ្យ​ក្រិ​ក​អនុវត្ត​គោលនយោបាយ​ត្បិតត្បៀត។ កាលពី​ថ្ងៃ​ចន្ទ​គេ​សង្កេតឃើញ​មាន​ចលនា​ប្រជាជន​បាតុកម្ម​ដោយ​បង្ហាញ​ការប្រឆាំង​សហភាព​អឺរ៉ុប ចំណែក​នៅ​ថ្ងៃ​ម្សិលមិញ​ប្រជាជន​មួយក្រុម​ទៀត​បាន​បាតុកម្ម​ទាមទារ​ឲ្យ​ក្រិ​កប​ន្ត​នៅ​ជា​សមាជិក​សហភាព​អឺ​រ៉ុ​បនិង​ក្រុម​ចាយលុយ​អឺរ៉ូ៕



© រក្សាសិទ្ធិដោយ thmeythmey.com