ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វ៉ា គឹមហុង មិនខ្លាច​នឹង​យក​ផែន​ទី​លោក សម រង្ស៊ី មកផ្ទៀង​ផ្ទាត់​ជាមួយ​​រដ្ឋាភិបាល​
02, Jul 2015 , 10:26 am        
រូបភាព
ពីក្នុងសន្និសីទកាសែតនៅទីស្តីការ​គណៈរដ្ឋមន្រ្តីនៅព្រឹកនេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន និងជាប្រធានកិច្ចការ​ចម្រុះព្រំដែន បានអះអាងថា រូបលោក ​ស្វាគមន៍ចំពោះ​ផែនទី​​ដែល​លោក​ប្រធាន​​​គណបក្សសង្គ្រោះជាតិនាំមកពីប្រទេសបារាំង ដើម្បី​ផ្ទៀង​ផ្ទាត់​ជាមួយ​ផែនទី​​រដ្ឋាភិបាល​​។​ ​សន្និសីទកាសែតរបស់លោក វ៉ា គឹមហុង ស្តីពីការបង្ហាញផែនទី​ផ្លូវការ​ដែលរដ្ឋាភិបាលកម្ពុជា បាន និងកំពុងប្រើប្រាស់ក្នុងខណ្ឌសីមា ​និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម។



លោក វ៉ា គឹមហុង អះអាងថា រូបលោករីក​រាយ​នឹង​យក​ផែន​ទី​របស់លោក សម រង្ស៊ី ទៅ​ត្រួតពិនិត្យ​ជាមួយ​នឹងផែនទី​របស់រដ្ឋាភិបាល។ លោកថា ផែនទីរបស់​រដ្ឋាភិបាលយក​មកពីវិទ្យាស្ថានជាតិរបស់ប្រទេស​បារាំង ហើយបើផែនទីលោក សម រង្ស៊ី នាំមកពីប្រទេសបារាំងដែរនោះ ទំនងមិនខុសពីផែនទីរដ្ឋាភិបាលនោះទេ។ លោក វ៉ា គឹមហុង បញ្ជាក់​ដូច្នេះថា៖« ផែនទី លោក  សម រង្ស៊ី​ យកមកពីបារាំង ហើយរដ្ឋាភិបាលក៏យកពីបារាំងដែរ។ ដូច្នេះប្រហែលមិនខុសគ្នាទេ។ តែយើងស្វាគមន៍ផែនទីលោក សម រង្ស៊ី» ។
​​
ក្នុងកម្មវិធីទទួលថវិកាទ្រទ្រង់ទូរទស្សន៍ព្រះអាទិត្យកាលពីពេលកន្លងទៅ លោក សម រង្ស៊ី បាននិយាយថា គណបក្សរបស់លោក បានទទួលផែនទីដែលទាក់ទងនឹងព្រំដែន​កម្ពុជា-វៀតណាមប្រវែង ១២៧០ គីឡូម៉ែត្រ និងផែនទីខ្នាត ១/១០០.០០០ ដែលគួសដោយបារាំងរួចហើយ។ បើតាមលោក សម រង្ស៊ី ផែនទីនេះ គណបក្សរបស់លោក យកពីក្នុងបណ្ណាល័យរបស់ប្រទេសបារាំង ដែលជាកន្លែងតម្កល់ទុកផែនទីប្រវត្តិសាស្រ្តរបស់​កម្ពុជា។ 

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូប ដែលល្បីខាងតវ៉ារឿងព្រំដែននោះ គឺលោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានចូលទៅស្តាប់សន្និសីទកាសែតរបស់លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការព្រំដែន និងជាប្រធានកិច្ចការ​ចម្រុះព្រំដែន ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com