ជាតិ
​​​ន​យោ​បាយ​ជាតិ​
សន្តិសុខទីស្តីការគណៈរដ្ឋមន្រ្តី ដេញតំណាងរាស្រ្ត CNRP មិនឲ្យផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត
02, Jul 2015 , 11:47 am        
រូបភាព
លោក រៀល ខេមរិន្ទ្រ នៅខាង​ឆ្វេង​ និងលោក អ៊ុំ សំអាន នៅខាង​ស្តាំ
លោក រៀល ខេមរិន្ទ្រ នៅខាង​ឆ្វេង​ និងលោក អ៊ុំ សំអាន នៅខាង​ស្តាំ
សន្តិសុខប្រមាណ ១០ នាក់ របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបណ្តេញ លោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មិនឲ្យផ្តល់បទសម្ភាសន៍ដល់​អ្នក​កាសែតនៅក្នុង​បរិវេណទីស្តីការគណៈរដ្ឋមន្រ្តី ក្រោយពីស​ន្និសីទកាសែតរបស់លោក វ៉ា គឹមហុង ស្តីពីការ​បង្ហាញផែនទីរបស់​រដ្ឋាភិ​​បាល​ទាក់​ទង​នឹង​ព្រំដែន​កម្ពុជា​- វៀតណាម  នៅថ្ងៃព្រហស្បតិ៍នេះ។



បន្ទាប់ពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ បញ្ចប់សន្និសីទកាសែត ក្រុមអ្នកសារព័ត៌មានបានសម្រុកទៅសួរលោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន​ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិក្នុងបរិវេណ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី ដើម្បីឆ្លើយតបនឹង​ការលើ​កឡើងរបស់​លោក ​វ៉ា គឹមហុង ស្តីពី​ផែនទី។ ប៉ុន្តែស្របពេលដែលលោកតំណាងរាស្រ្តទាំងពីររូប​នោះ កំពុង​ផ្តល់​បទ​សម្ភាសន៍​ដល់អ្នក​កាសែត បាន​ជិត​ ១០ នាទីក្រុម​សន្តិសុខ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ប្រមាណ​ ១០ នាក់ ក៏បាន​ចេញមកដេញតំណាងរាស្រ្តទាំងនោះចេញពីបរិវេណទីស្តីការ​គណៈរដ្ឋមន្រ្តី។

យ៉ាងណាក៏ដោយ ក្រុមសន្តិសុខ​ដែលបណ្តេញលោកតំណាងរាស្រ្តបក្សប្រឆាំង និងអ្នកកាសែត មិនបញ្ជាក់ឈ្មោះមន្រ្តីរូបណា បញ្ជាឲ្យដេញនោះទេ ដោយពួកគេគ្រាន់តែ និយាយថា ដល់ម៉ោងដែលពួកខ្លួន ត្រូវហូបបាយ ហើយមិនអាចឲ្យលោកតំណាងរាស្រ្តផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតទៀតនោះទេ។

ជាការ​កត់​សម្គាល់ លោក អ៊ុំ សំអាន កាលពីម្សិលមិញ ក៏ត្រូវលោក ឈាង វុន បណ្តេញ​មិនឲ្យផ្តល់​បទសម្ភាសន៍​ដល់អ្នក​កាសែតនៅ​ក្នុង​បរិវេណ​វិមានរដ្ឋសភាផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com